អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​សប្បាយចិត្ត ពេល​សេចក្ដីថ្លែងការណ៍​ប្រធាន​អាស៊ាន​គ្មាន​សាលក្រម​តុលាការអន្តរជាតិ​
08, Sep 2016 , 4:24 pm        
រូបភាព
នាយករដ្ឋមន្ត្រីឡាវ ថងលូន ស៊ីសូលីត រូបភាពពីគេហទំព័រអាស៊ាន
នាយករដ្ឋមន្ត្រីឡាវ ថងលូន ស៊ីសូលីត រូបភាពពីគេហទំព័រអាស៊ាន
 
 
​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​២៨ និង​លើក​ទី​២៩ ដែល​ប្រទេស​ឡាវ​ធ្វើជា​ម្ចាស់ផ្ទះ បានបញ្ចប់​ហើយ​។ នាយករដ្ឋមន្ត្រី​ឡាវ ថង​លូន ស៊ី​សូលី​ត ដែលជា​ប្រធាន​ប្ដូរ​វេន បានចេញ​សេចក្ដីថ្លែងការណ៍​ពាក់ព័ន្ធ​នឹង​លទ្ធផល​ផ្លែផ្កា​នៃ​កិច្ចប្រជុំ​នេះ​។ យ៉ាងណាក្ដី សេចក្ដីថ្លែងការណ៍​ប្រធាន​អាស៊ាន មិនបាន​លើកឡើង​ពី​សេចក្ដីសម្រេច​របស់​តុលាការអន្តរជាតិ​លើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ទេ ដែល​វា​ច្បាស់​ណាស់​ថា ចិន ពិតជា​សប្បាយ​ចិត្តខ្លាំង​មិនខានឡើយ​។​

ស្តាប់សំឡេង




​សាលក្រម​នៃ​ម​ជ្ឈ​ត្ត​កម្ម​តុលាការអន្តរជាតិ​ក្រុងឡាអេ ត្រូវបាន​ផាត់​ចេញពី​សេចក្ដីថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​របស់ខ្លួន​។ ដូច​សព្វមួយដង​នោះ សេចក្ដីថ្លែងការណ៍​ប្រធាន​អាស៊ាន បានបង្ហាញ​ពី​ការព្រួយបារម្ភ​ជុំវិញ​ការវិវត្ត​ថ្មីៗ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​បាន​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ដោយយោង​តាមច្បាប់​អន្តរជាតិ ជាពិសេស​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២​។​
 
​ដោយ​លើកឡើង​ពី​សកម្មភាព​ដែល​អាច​នាំ​ដល់​ការរីក​រាល​នៃ​ជម្លោះ​នេះ សេចក្ដីថ្លែងការណ៍​អាស៊ាន បានបញ្ជាក់​ពី​សារៈសំខាន់​នៃ​សន្តិភាព ស្ថិរភាព ក៏ដូចជា​សេរីភាព​នៃ​ការហោះហើរ​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ មិនតែប៉ុណ្ណោះ មេដឹកនាំ​អាស៊ាន ក៏បាន​លើកឡើង សារៈសំខាន់​នៃ​ការមិនធ្វើ​យោ​ធូប​នីយកម្ម​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ការបញ្ឈប់​សកម្មភាព​រៀ​ងៗ​ខ្លួន ដែល​អាច​នាំ​ឲ្យ​ស្ថានការណ៍​កាន់តែ​ស្មុគស្មាញ​។​
 
​ជាមួយគ្នានេះ មេដឹកនាំ​អាស៊ាន ក៏​គូសបញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​អនុវត្ត​ឲ្យ​ពេញលេញ​សេចក្ដីថ្លែងការណ៍​សមុទ្រ​ចិន​ខាងត្បូង (DOC) ក៏ដូចជា​ការប្រឹងប្រែង​សម្រេច​ឲ្យ​បាន​លឿន​នូវ​ក្រម​ប្រតិបត្តិ​ភាគី​សមុទ្រ​ចិន​ខាងត្បូង (COC) ដែលជា​លិខិត​ស្របច្បាប់​រវាង​ចិន និង​អាស៊ាន ក្នុងការ​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ហើយ​មេដឹកនាំ​អាស៊ាន ក៏បាន​ស្នើ​ឲ្យ​ភាគី​ទាំងអស់ បង្កើន​ការយល់​ចិត្ត​គ្នា​ទៅវិញទៅមក សំដៅ​ចៀសវាង​ការប្រើ​កម្លាំង​ដោះស្រាយ​បញ្ហា​។  
 
​សេចក្ដីថ្លែងការណ៍​មេដឹកនាំ​អាស៊ាន ដែល​មិនបាន​និយាយ​ទាល់តែសោះ​ពី​ការសម្រេចចិត្ត​របស់​តុលាការអន្តរជាតិ កំពុងតែ​ធ្វើ​ឲ្យ​ចិន​ដែលជា​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ធូរចិត្ត​ខ្លាំង ដ្បិត​មិនសូវ​រង​សម្ពាធ​ខ្លាំង​ពី​អាស៊ាន​។ ចិន ដែល​ទាមទារ​តំបន់​ភាគច្រើន​នៃ​សមុទ្រ​ចិន​ខាងត្បូង មិនដែល​ទទួលស្គាល់​ការសម្រេច​នេះឡើយ ហើយ​ថែមទាំង​ទាមទារ​ដោះស្រាយ​ជម្លោះ​នេះ ជា​ទ្វេភាគី​ទៅទៀត​។​
 
​សូម​រម្លឹក​ដែរ​ថា មុន​កិច្ចប្រជុំ​អាស៊ាន ហ្វីលីពីន​ដែលជា​ដើមបណ្ដឹង បានបង្ហាញ​ជំហរ​មិន​លើក​រឿង​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​វេទិកា​តំបន់​នេះឡើយ ដោយ​លោក​ប្រធានាធិបតី Rodrigo Duterte អះអាងថា លោក មិន​ចង់​បង្កើត​បរិយាកាស​នៅ​ទីនោះ​ត្រូវ​អាប់អួរ​នោះទេ​។ ហើយ​លោក ចង់​ចរចា​ជាមួយនឹង​ចិន មួយ​ទល់​មួយ​វិញ​៕ 
 

Tag:
 អាស៊ាន​
 ​ សមុទ្រ​ចិន​ខាងត្បូង​
  ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com