អន្តរជាតិ
ប្រជុំ​អាស៊ាន​ឆ្នាំនេះ ប្រជាប្រិយភាព​លោក Duterte វ៉ា​ដាច់​លោកស្រី ស៊ូ​ជី និង​មេដឹកនាំ​ដទៃទៀត​
08, Sep 2016 , 9:39 pm        
រូបភាព
លោក Rodrigo Duterte នាកិច្ច​ប្រជុំអាស៊ាននៅឡាវ។ រូបថតហ្វេសប៊ុក Rody Duterte
លោក Rodrigo Duterte នាកិច្ច​ប្រជុំអាស៊ាននៅឡាវ។ រូបថតហ្វេសប៊ុក Rody Duterte
​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​២៨ និង​លើក​ទី​២៩ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​៨ ខែកញ្ញា​នេះ​។ រយៈពេល​បី​ថ្ងៃ​មកនេះ សារព័ត៌មាន​ជាច្រើន បាន​ផ្ដោត​ខ្លាំង​លើ​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte និយាយស្ដី​មិនសូវ​ប្រកាន់​ពាក្យសម្ដី​ឡើយ ខណៈដែល​មេដឹកនាំ​ទៃទៀត ដូចជា​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី បែរ​មិនសូវ​ចេញមុខ​ទៅវិញ​។



​ប្រមុខរដ្ឋ​-​ប្រមុខ​រដ្ឋាភិបាល​សមា​ជិ​ក​អាស៊ាន​ទាំង​១០ និង​មេដឹកនាំ​ប្រទេស​ដៃគូ បាន​ចូលរួម​ប្រជុំ​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងទៀត ប៉ុន្តែ​មានតែ​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​មេដឹកនាំ​ជាច្រើន ក៏ដូចជា​បណ្ដា​អ្នកសារព័ត៌មាន​ដែរ​។ របៀបរបប​នៃ​ការ​ស្លៀកពាក់ ការប្រើប្រាស់​ពាក្យសម្ដី និង​នយោបាយ​នៅក្នុង​ស្រុក​ទាក់ទិន​ការ​បោសសម្អាត​គ្រឿងញៀន ជា​ចំណុច​ធ្វើ​ឲ្យ​លោក Duterte មាន​ប្រជាប្រិយ​ភាពខ្លាំង​។

​តាមពិតទៅ នេះ​ជា​លើកដំបូង​នៃ​ទស្សនកិច្ច​ក្រៅប្រទេស ក៏ដូចជា​ការចូលរួម​លើកទីមួយ​ក្នុង​កិច្ចប្រជុំ​អាស៊ាន របស់​ប្រធានាធិបតី​ហ្វីលីពីន ព្រោះ​លោក​ទើបតែ​ចូលកាន់​តំណែង​កាលពី​ខែមិថុនា​ប៉ុណ្ណោះ​។ នេះ​អាច​ចាត់ទុកបាន​ថា ជាការ​ណែនាំ​ខ្លួន​ទៅកាន់​មេដឹកនាំ​ដទៃទៀត ក្នុងនាម​ជា​ប្រមុខរដ្ឋ​ថ្មី​នៃ​រដ្ឋ​សមាជិក​អាស៊ាន​។ អ្វីដែល​គួរកត់សម្គាល់​នោះ ក្នុង​ពិធី​បើក​កិច្ចប្រជុំ លោក Duterte បែរជា​ពាក់អាវ​ប្រពៃណី​ហ្វីលីពីន​ពណ៌​ស ស្រប​ពេលដែល​មេដឹកនាំ​ដទៃទៀត ស្លៀក​សម្លៀកបំពាក់​ខោអាវ​ធំ​។

​ពីដំបូង គេ​គ្រប់គ្នា​គិតថា ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី ឯណោះ​ទេ ដែល​នឹង​ទាក់ទាញ​ចំណាប់អារម្មណ៍ ដ្បិត​លោកស្រី​ជា​មេដឹកនាំ​ស្ត្រី​តែ​ម្នាក់​គត់ ក្នុងចំណោម​បណ្ដា​មេដឹកនាំ​អាស៊ាន​ផ្សេងទៀត​។ លោកស្រី ចូលរួម​ប្រជុំ​លើក​នេះ ជំនួស​លោក​ប្រធានាធិបតី ធិ​ន ច (Htin Kyaw) ដែល​មិនសូវ​លេចមុខ​លើ​ឆាក​អន្តរជាតិ ព្រោះ​លោកស្រី ស៊ូ​ជី ជា​អ្នក​លើក​បន្តុប​លោក​ឲ្យ​កាន់តំណែង​នេះ​ប៉ុណ្ណោះ​។

​ប៉ុន្តែ​បណ្តា​មេដឹកនាំ​អាស៊ាន និង​មេដឹកនាំ​ពិភពលោក សុទ្ធតែ​ចង់​ជួប​លោក Duterte ដោយផ្ទាល់​ដើម្បី​ឲ្យ​បានដឹងថា​លោក​ជា​មនុស្ស​បែបណា​។ លោក Martin Andanar រដ្ឋមន្ត្រី​ព័ត៌មាន​ហ្វីលីពីន​បាន​អះអាងថា លោក Duterte បានទទួល​ការស្វាគមន៍​ពី​មេដឹកនាំ​ដទៃ​ដូចជា «​តារា Rock»​។ សូម្បីតែ​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ក៏​សរសើរ​លោក Duterte ដែរ ដោយ​និយាយថា លោក​ជា​អ្នកនយោបាយ​ដែល​ល្បី​ខ្លាំង​នៅ​ប្រទេស​ជប៉ុន​។

​ទោះបីជា​លោក​ល្បីល្បាញ ហើយ​មាន​អ្នក​សុំ​ជួប​ច្រើនយ៉ាង​ណាក៏ដោយ លោក បា​រ៉ា​ក់ អូ​បា​ម៉ា មិនមែនជា Fan របស់លោក Duterte ទេ​។ ដោយសារតែ​ពាក្យសម្តី​គំរោះគំរើយ​និង​អសុរោះ​របស់លោក Duterte  លោក អូ​បា​ម៉ា ខឹង​រហូត​លុបចោល​ជំនួប​ទ្វេភាគី​ដែល​គ្រោងទុក​រាប់​ខែ​មកនេះ​ផងដែរ​។ លើសពីនេះ លោក Duterte ក៏​មិនមាន​វត្តមាន​រវាង​អាស៊ាន​-​អាមេរិក និង​អាស៊ាន​-​អង្គការសហប្រជាជាតិ​ទៅទៀត​។ 

​រឿងរ៉ាវ​របស់លោក Duterte មាន​ប្រជាប្រិយ​ភាពខ្លាំង ដែល​ត្រូវគេ​មើលឃើញថា គ្របដណ្ដប់​របៀបវារៈ​សំខាន់​នៃ​កិច្ចប្រជុំ​ទៀតផង​។ កម្ដៅ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​សមុទ្រ មិនសូវ​ជា​តានតឹង​ប៉ុន្មាន​ឡើយ​ក្នុង​កិច្ចប្រជុំ​ក្នុង​រដ្ឋធានី​វៀងចន្ទន៍ សូម្បីតែ​សេចក្ដីថ្លែងការណ៍​មេដឹកនាំ​អាស៊ាន ក៏​មិនបាន​បញ្ចូល​សេចក្ដីសម្រេច​របស់​តុលាការអន្តរជាតិ​ដែរ​៕


Tag:
 អាស៊ាន​
  Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com