អន្តរជាតិ
លោក អូបាម៉ា ប្រកាសបើកកម្មវិធីភាពជាអ្នកដឹកនាំស្ត្រីអាស៊ីអាគ្នេយ៍នៅ US-ASEAN Summit
× ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លោក បារ៉ាក់ អូបាម៉ា បានប្រកាសបើក«កម្មវិធីសិក្សាភាពជាអ្នកដឹកនាំស្ត្រីអាមេរិក-អាស៊ាន»ជាផ្លូវការ ដោយកម្មវិធីនេះមានគោលដៅសំខាន់លើកស្ទួយស្ត្រី និងជួយបង្កើនសមត្ថភាពជាអ្នកដឹកនាំរបស់ស្ត្រីវ័យក្មេងនៅតំបន់អាស៊ាន។
សេចក្តីប្រកាសព័ត៌មានសេតវិមានចេញផ្សាយថ្ងៃព្រហស្បតិ៍ទី ៨កញ្ញានេះ បានបញ្ជាក់ថា លោក បារ៉ាក់ អូបាម៉ា ប្រកាសបើកកម្មវិធីសិក្សាភាពជាអ្នកដឹកនាំស្ត្រីអាមេរិក-អាស៊ានជាផ្លូវការ នៅក្នុងជំនួបជាមួយមេដឹកនាំអាស៊ាននា កិច្ចប្រជុំកំពូលអាមេរិកអាស៊ាននាទីក្រុងវៀងចន្ទន៍។
កម្មវិធីស្ត្រីនេះស្ថិតក្រោមគំនិតផ្តួចផ្តើមភាពជាអ្នកដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍ដែរ ហើយវាត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋបាលអាមេរិក ដើម្បីជួយលើកស្ទួយនិងបង្កើតឱកាសសម្រាប់ស្ត្រីវ័យក្មេងនៅក្នុងតំបន់អាស៊ានដែរ។
កម្មវិធីថ្មីដែលផ្តោតលើការពង្រឹងសមត្ថភាពស្ត្រីនេះនឹងផ្តល់ឱកាសឲ្យស្ត្រីវ័យក្មេងនៅតំបន់អាស៊ីអាគ្នេយ៍ចូលរួមសិក្ខាសាលាដើម្បីកសាងសមត្ថភាពជាអ្នកដឹកនាំរយៈពេលមួយសប្តាហ៍នៅសហរដ្ឋអាមេរិក។ ដូច្នេះកម្មវិធីនេះនឹងប្រមូលផ្តុំរាល់ស្ត្រ័វ័យក្មេងនិងអ្នកបង្ហាត់បង្ហាញដែលមានអាយុចាប់ពី២៥ ដល់៣៥ឆ្នាំ មកពីតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។
ក្រៅពី បង្កើតកម្មវិធីភាពជាអ្នកដឹកនាំស្ត្រីវ័យក្មេងអាស៊ាន សហរដ្ឋអាមេរិកក៏ចូលរួមគាំទ្រគណកម្មការអាស៊ានដែលទទួលបន្ទុកលើកស្ទួយ និងការពារសិទ្ធិស្ត្រី និងកុមារដើម្បីឈានទៅបំពាក់បំប៉នសមត្ថភាពមន្ត្រីរដ្ឋាភិបាល និងអ្នកអនុវត្តច្បាប់លើវិស័យពាក់ព័ន្ធដើម្បីប្រឆាំងការជួញដូរមនុស្សជាដើម។
យោងតាមសេចក្តីថ្លែងការណ៍ដដែលនេះ សហរដ្ឋអាមេរិកកំពុងផ្តល់ពានរង្វាន់អាស៊ានអាមេរិកផ្នែកវិទ្យាសាស្ត្រសម្រាប់ស្ត្រី ក្រោមការសហការជាមួយជាមួយគណកម្មាធិការអាស៊ានស្តីពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផងដែរ។
សូមបញ្ជាក់ សហរដ្ឋអាមេរិក ប្រឹងប្រែងជួយគាំទ្របណ្តាប្រទេសអាស៊ានឲ្យលើកកម្ពស់សិទ្ធិនិងសមត្ថភាពរបស់ស្ត្រីដើម្បីជំរុញឲ្យពួកគេចូលរួមក្នុងកម្លាំងការងារនិងចូលរួមសកម្មក្នុងសង្គម។ ព្រោះរបាយការណ៍ស្រាវជ្រាវជាច្រើនបង្ហាញថា កាលណាបើស្ត្រីច្រើនទទួលបានការអប់រំ និងចូលរួមក្នុងកម្លាំងការងារ សេដ្ឋកិច្ចនឹងរីកលូតលាស់រហ័ស អត្រានៃការស្លាប់របស់ទារកក៏ធ្លាក់ចុះ ហើយសហគមន៍ក៏អភិវឌ្ឍនិងមានវិបុលភាពដែរ៕
Tag:
បារ៉ាក់ អូបាម៉ា
កម្មវិធីភាពជាអ្នកដឹកនាំស្ត្រីអាស៊ីអាគ្នេយ៍
US-ASEAN Summit
YSEALI
© រក្សាសិទ្ធិដោយ thmeythmey.com