ជាតិ
តើ​ការទទួលបាន​សញ្ជាតិ​ខ្មែរ តាមរយៈ​អ្វីខ្លះ​?
19, Nov 2017 , 10:31 am        
រូបភាព
ដោយ:
​ការទទួលបាន​សញ្ជាតិ​ខ្មែរ ធ្វើឡើង​ដោយ​របៀប ៣ យ៉ាងសំខាន់ៗ​។ របៀប​ទី ១ គឺ​ការទទួលបាន​សញ្ជាតិ​ខ្មែរ​តាមរយៈ​សញ្ជាតិ​ខ្មែរ​ពី​កំណើត ទី ២ ការចូល​សញ្ជាតិ​ខ្មែរ​ដោយ​ចំណងអាពាហ៍ពិពាហ៍ ទី​៣ ការចូល​សញ្ជាតិ​ខ្មែរ តាមរយៈ​ការធ្វើ​សញ្ជាតូបនីយកម្ម​។​



​ស្តាប់​សំឡេង ខាងក្រោម​៖



​ការទទួលបាន​សញ្ជាតិ​ខ្មែរ​តាមរយៈ​សញ្ជាតិ​ខ្មែរ​ពី​កំណើត​
​ចំណុច​ទី ១ សញ្ជាតិ​ខ្មែរ​ពី​កំណើត មានន័យថា កើតមក​ទទួលបាន​ស​ញ្ជា​តិ​ខ្មែរ​តែម្តង​។ ការទទួលបាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត បើតាម​មាត្រា ៤ នៃ​ច្បាប់​ស្តីពី​សញ្ជាតិ​របស់​កម្ពុជា មាន​ករណី​ពីរ​យ៉ាង ។ ករណី​ទី ១ ត្រូវបាន​សញ្ជាតិ​ខ្មែរ ទោះបី​កើត​នៅទីណា​ក៏ដោយ ចំពោះ​កូន​មាន​ខាន់ស្លា​ដែល​កើត​មកពី​ឪពុក​ឬ​ម្តាយ​មាន​សញ្ជាតិ​ខ្មែរ ឬក៏​កូនឥតខាន់ស្លា​ក៏ដោយ  តែ​កើត​មកពី​ឪពុក​ឬ​ម្តាយ​មាន​សញ្ជាតិ​ខ្មែរ ហើយ​ឪពុក ម្តាយ​នោះ ទទួលស្គាល់​កូន​។ លើសពីនេះ កូន​ដែល​ឪពុក ម្តាយ​មិន​ទទួលស្គាល់ ក៏ប៉ុន្តែ​កាលបើ​តុលាការ​បានចេញ​សាលក្រម​ថា កូន​នោះ​ពិតជា​កើត​ពី​ឪពុក ឬ​ម្តាយ​ដែលមាន​សញ្ជាតិ​ខ្មែរ​ពិតមែន កូន​នោះ​នឹង​ទទួលបាន​សញ្ជាតិ​ខ្មែរ​។​

​ករណី​ទី  ២ ត្រូវបាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត ដោយសារ​កើត​នៅក្នុង​ប្រទេស​កម្ពុជា ។ ត្រង់ចំណុច​នេះ ចំពោះ​កូន​ដែល​កើត​ពី​ឪពុក​និង​ម្តាយ​បរទេស ដែល​កើត និង​រស់នៅ​ស្របច្បាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​កូន​ដែល​កើត​ពី​ឪពុក ម្តាយ​មិន​ស្គាល់ ព្រមទាំង​កូន​ទើបនឹង​កើត​ដែល​គេ​រើស​បាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ចាត់ទុកថា កើត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែរ​។​

​ការចូល​សញ្ជាតិ​ខ្មែរ ដោយ​អាពាហ៍ពិពាហ៍​
​មាត្រា ៥ នៃ​ច្បាប់​ដដែល  បាន​ចែងថា ស្ត្រី​ឬ​បុរស​បរទេស​ដែល​យកប្តី ឬ​ប្រពន្ធ​ខ្មែរ ដោយបាន​រៀប​អាពាហ៍ពិពាហ៍ អាច​ទាមទារ​សញ្ជាតិ​ខ្មែរ​បាន លុះណាតែ​ស្ត្រី​ឬ​បុរស​នោះ រស់នៅ​ជាមួយគ្នា​រយៈពេល ៣ ឆ្នាំ ក្រោយពេល​ចុះ​សំបុត្រអាពាហ៍ពិពាហ៍ ។ បែបបទ​និង​នីតិវិធី​នៃ​ការទាមទារ​សញ្ជាតិ​ខ្មែរ ត្រូវ​កំណត់ដោយ​អនុក្រឹត្យ​។ ការផ្តល់​សញ្ជាតិ​ខ្មែរ តាម​ករណី​ទាមទារ​សញ្ជាតិ ត្រូវ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ​។​

​ជាការ​កត់សម្គាល់ ច្បាប់​បាន​បញ្ជាក់ថា នៅក្នុង​ករណីនេះ ប្រជាពលរដ្ឋ​ខ្មែរ​មិន​បាត់​សញ្ជាតិ​ខ្មែរ ដោយសារតែ​ការរៀប​អាពាហ៍ពិពាហ៍​ជាមួយ​ជនបរទេស​ឡើយ​។​

​ការចូល​សញ្ជាតិ​ខ្មែរ តាមរយៈ​សញ្ជាតូបនីយកម្ម​
​ជនបរទេស​អាច​សុំចូល​សញ្ជាតិ​ខ្មែរ​បាន ដោយ​សញ្ជាតូបនីយកម្ម​។ នេះ​បើតាម​មាត្រា ៧ នៃ​ច្បាប់​ស្តីពី​សញ្ជាតិ​។ ច្បាប់​ដដែល​ពន្យល់ថា សញ្ជាតូបនីយកម្ម មិនមែនជា​សិទ្ធិ​របស់​អ្នកស្នើសុំ​ឡើយ គឺជា​ការអនុគ្រោះ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​តែប៉ុណ្ណោះ ក្នុងការ​សម្រេច​ឲ្យ​ជនបរទេស​ណា​ម្នាក់​ទទួល​សញ្ជាតិ​ខ្មែរ​។ ទោះ​ក្នុង​ប្រការ​ណាក៏ដោយ ពាក្យសុំ​នោះ​អាច​ត្រូវ​បដិសេធចោល​បាន​តាម​អំណាច​ឆន្ទានុសិទ្ធិ​។ នៅក្នុង​មាត្រា ៨ បាន​កំណត់ថា ជនបរទេស​ដែល​អាច​សុំ​សញ្ជាតូបនីយកម្ម​បាន ត្រូវបំពេញ​លក្ខខណ្ឌ​ដូចខាងក្រោម​៖

​ទី ១ ត្រូវមាន​លិខិត​បញ្ជាក់ថា មានគំនិត​មារយាទ​និង​សីលធម៌​ល្អ ដែល​ចេញ​ឲ្យ​ដោយ​មេឃុំ ឬ​ចៅសង្កាត់​នៃ​ទីលំនៅ​របស់ខ្លួន​។ ទី ២ ត្រូវមាន​លិខិត​ថ្កោលទោស​បញ្ជាក់ថា ពុំដែល​មានទោស​ពីបទ​ព្រហ្មទណ្ឌ​ណាមួយ ។ ទី ៣ ត្រូវមាន​លិខិត​បញ្ជាក់ថា ជន​នោះ​មាន​ទីលំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ស្នាក់​នៅជាប់​ចំនួន ៧ ឆ្នាំ ដោយ​គិតពី​ថ្ងៃ​ដែល​បានទទួល​បណ្ណ​ស្នាក់នៅ ចេញ​ឲ្យ​ក្នុង​ក្របខណ្ឌ​នៃ​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​។​ទី ៤ ត្រូវមាន​ទីលំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេល​ដាក់ពាក្យ​សុំ​ស​ញ្ជា​តូប​នី​កម្ម​។ ទី ៥ ត្រូវ​ចេះ​និយាយ​ភាសា​ខ្មែរ ចេះអក្សរ​ខ្មែរ និង​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ខ្លះ​។ ហើយ​បង្ហាញ ភស្តុតាង​ច្បាស់​ថា ខ្លួន​អាច​រស់នៅ​ក្នុងសង្គម​ខ្មែរ​បាន​ដោយ​សុខដុម ព្រមទាំង​ទទួលបាន​នូវ​ទំនៀមទម្លាប់​និង​ប្រពៃណី​ល្អ​របស់​ខ្មែរ និង​ទី ៦ ត្រូវមាន​បញ្ញា និង​កាយសម្បទា​ដែល​មិន​នាំ​ឲ្យ​មាន​គ្រោះថ្នាក់  ឬ​នាំ​ឲ្យ​មាន​បន្ទុក​ដល់​ជាតិ​។​

​ចំណុច​កត់សម្គាល់  ត្រង់​លក្ខខណ្ឌ​ចំណុច​ទី ៣ នៃ​មាត្រា ៨ ត្រូវបាន​លើកលែង  ចំពោះ​ជនបរទេស មាន​លក្ខណៈសម្បត្តិ​ដូចជា  ជនបរទេស​ណា ដែល​បានទទួល​លិខិតអនុញ្ញាត​ឲ្យ​វិនិយោគ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហើយ​ដែល​បាន​អនុវត្ត​គម្រោង​ជាក់ស្តែង​ចំណាយ​ទុនវិនិយោគ​ចាប់ពី ១,២៥០ លាន​រៀល ឡើងទៅ​។ លើសពីនេះ ក៏​លើកលែង​ដែរ ចំពោះ​ជនបរទេស​ណា​ដែល​ពុំមាន​លិខិតអនុញ្ញាត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា តែ​ទទួលបាន​អនុញ្ញាត​ត្រ​ម​ត្រូវ​តាមច្បាប់  ដែល​បាន​ចំណាយ​ទុនវិនិយោគ​ចាប់ពី ១២៥០ លាន​រៀល ឡើងទៅ និង​ចំពោះ​ជនបរទេស​ដែល​បានបង្ហាញ​នូវ​ភស្តុតាង​ថា បានផ្តល់​គុណសម្បត្តិ​ពិសេស ឬ​ថ្វីដៃ​ពិសេស​អ្វីមួយ​ជា​ប្រយោជន៍​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​អាចធ្វើ​ពាក្យ​ចូលសញ្ជាតិ​ខ្មែរ ។ ដោយឡែក ចំពោះ​ជនបរទេស​ណា ដែល​បានធ្វើ​អំណោយ​ជា​ប្រាក់​ដល់​ថវិកាជាតិ​ចាប់​ពីមួយ​ពាន់​លាន​រៀល ឡើងទៅ សម្រាប់​ជា​ប្រ​ផលប្រយោជន៍​ដល់​ការស្តារ និង​កសាង​សេដ្ឋកិច្ច​នៃ​កម្ពុជា  ជន​នោះ​ក៏​អាចធ្វើ​ពាក្យសុំ​សញ្ជាតិ​ខ្មែរ​បាន ក្នុងករណី​ដែល​ជន​នោះបាន​ពេញ​លក្ខខណ្ឌ ដូចដែល​មានចែង​នៅក្នុង​ចំណុច​ទី ១ ទី ២ ទី ៥ ទី ៦ នៃ​មាត្រា ៨ ។

​មាត្រា ៨ នៃ​ច្បាប់​ស្តីពី សញ្ជាតិ​នេះ ក៏បាន​អនុញ្ញាត​ទៀតថា ចំពោះ​ជនបរទេស​ដែលមាន​សហព័ទ្ធ​(​ប្តី ឬ​ប្រពន្ធ​) ឬ​កូន​ដែលមាន​អាយុ​តិចជាង ១៨ ឆ្នាំ ដែលមាន​បំណង​សុំ​សញ្ជាតិ​ខ្មែរ អាច​សុំ​សញ្ជាតូបនីយកម្ម​ជា​ចង្កោម​គ្រួ​សារបាន​។ ហើយ​ជនបរទេស  ក៏​អាច​សុំ​ផ្លាស់ប្តូរ​ឈ្មោះ​ជា​ខ្មែរ​បាន​។ ក្នុងករណីនេះ ត្រូវ​សរសេរ​បញ្ជាក់​ឈ្មោះ​នោះ ក្នុង​ពាក្យសុំ​សញ្ជាតូបនីយកម្ម​របស់​ខ្លួន​។ 

​ការចូល​សញ្ជាតិ​ខ្មែរ​តាមរយៈ​សញ្ជាតូបនីយកម្ម​នេះ នៅពេល​ផ្តល់​ចំពោះ​ជនណាម្នាក់ ត្រូវ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ​។ បែ​ទ​បទ​និង​នីតិវិធី​នៃ​ការសុំ​ស​ញ្ជា​តូប​នី​កម្ម ត្រូវ​កំណត់ដោយ​អនុក្រឹត្យ​។ ជន​ដែល​បានអនុញ្ញាត​ឲ្យ​ចូលសញ្ជាតិ​ខ្មែរ ត្រូវធ្វើ​សម្បថ​នៅ​ចំពោះមុខ​តុលាការ​កំពូល​។ ខ្លឹមសារ​នៃ​សម្បថ​នេះ មានចែង​នៅក្នុង​អនុក្រឹត្យ​។​

​ការបាត់​សញ្ជាតិ​ខ្មែរ
​ជន​ណា​ដែលមាន​សញ្ជាតិ​ខ្មែរ ហើយ​មាន​អាយុ ១៨ ឆ្នាំ​យ៉ាងតិច អាច​សុំ​សិទ្ធិ​លះបង់​សញ្ជាតិ​ខ្មែរ​បាន ក្នុងករណី​ដែល​ជន​នោះ មាន​សញ្ជាតិ​មួយ​ផ្សេងទៀត និង​ដោយ​គ្មាន​ការបង្ខិតបង្ខំ​។ នីតិវិធី​និង​លក្ខខណ្ឌ​នៃ​ការសុំ​លះបង់​សញ្ជាតិ ត្រូវ​កំណត់ដោយ​អនុក្រឹត្យ​៕


Tag:
 ច្បាប់​
  សញ្ជាតិ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com