អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អូ​បា​ម៉ា ថា សាលក្រម​លើ​សមុទ្រ​ចិន​ខាងត្បូង មានអំណាច​គតិយុត្តិ​
09, Sep 2016 , 8:59 am        
រូបភាព
 ​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ផ្ញើ​ព្រមាន​មួយ​ទៅ​ឲ្យ​ក្រុង​ប៉េកាំង ជុំវិញ​សាលក្រម​របស់​ម​ជ្ឈ​ត្ត​កម្ម​នៃ​តុលាការអន្តរជាតិ​លើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង ដោយ ប្រធានាធិបតី​អាមេរិក បាន​ប្រាប់​ចិន​ថា មិន​ត្រូវធ្វើ​មិនដឹងមិនលឺ​លើ​ការសម្រេច​នេះឡើយ ព្រោះ​វា​មានអំណាច​ចាប់បង្ខំ​តាមផ្លូវ​ច្បាប់​។ សារ​ព្រមាន​របស់​ប្រធានាធិបតី​អាមេរិក​នេះ ទំនងជា​ធ្វើ​ឲ្យ​ស្ថានការណ៍​សមុទ្រ​ចិន​ខាងត្បូង ឡើង​កម្ដៅ​ទៀតហើយ​។​

 
​ការសម្រេច​របស់​ម​ជ្ឈ​ត្ត​កម្ម​នៃ​តុលាការអន្តរជាតិ មិន​ត្រូវបាន​បញ្ចូល​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន​ឡើយ​។ ប៉ុន្តែ​ការសម្រេច​នេះ ត្រូវបាន​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា លើកឡើង​ក្នុង​កិច្ចប្រជុំ​រវាង​មេដឹកនាំ​អាស៊ាន​ទាំង​១០ ជាមួយនឹង​ប្រមុខ​អាមេរិក​។ លោក អូ​បា​ម៉ា ប្រាប់​មេដឹកនាំ​អាស៊ាន​ថា សេចក្ដីសម្រេច​ខែកក្កដា មានអំណាច​តាមផ្លូវ​គតិយុត្តិ ហើយ​បាន​បកស្រាយ​ពី​សិទ្ធិ​លើ​ដែនទឹក​នៅក្នុង​តំបន់​។​
 
​បើទោះជា​ដឹងថា ក្រុង​ប៉េកាំង​នឹង​ឆ្លើយតប​អ្វីដែល​លោក​និយាយ ប្រធានាធិបតី​អាមេរិក​បញ្ជាក់ថា សំដី​របស់លោក អាចធ្វើ​ឲ្យ​ជម្លោះ​តានតឹង ប៉ុន្តែ​លោក​រង់ចាំ​ការពិភាក្សា សម្រាប់​បន្ថយ​ស្ថានការណ៍​ដែល​តានតឹង ក៏ដូចជា​ជំរុញ​ការចរចា​ការទូត និង​ការរក្សា​ស្ថិរភាព​ក្នុង​តំបន់​។ វា​ច្បាស់​ណាស់​ថា ចិន មិន​ពេញ​ចិត្តនឹង​ការលើកឡើង​នេះ​ទេ ព្រោះ​ពី​ដើម​មក ចិន​បាន​បដិសេធ​ទទួលស្គាល់​យុត្តាធិការ​របស់​តុលាការអន្តរជាតិ​លើ​សំណុំរឿង​មួយ​នេះ​។ 
 
​ការសម្រេច​របស់​តុលាការអន្តរជាតិ ថ្ងៃទី​១២ ខែកក្កដា បាន​ទាត់ចោល​ការទាមទារ​រ​បស់​ចិន ដោយ​អះអាងថា ការទាមទារ​នោះ​គ្មាន​មូលដ្ឋាន​ផ្លូវច្បាប់​ទេ​។ សាលក្រម​ដដែល​បន្តថា ការកសាង​កោះ​សិប្បនិម្មិត​របស់​ចិន នាពេល​កន្លងមក ក៏​មិន​សមស្រប​ដែរ​។ ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ក្រុង​ប៉េកាំង បានចាត់ទុក​សាលក្រម​នេះ ជា​ក្រដាស​គ្មាន​ប្រយោជន៍​ប៉ុណ្ណោះ​។​
 
​ជួន​ពេលដែល​លោក អូ​បា​ម៉ា កំពុង​ស្ថិតនៅ​ប្រទេស​ឡាវ នាយករដ្ឋមន្ត្រី​ចិន លោក លី ខឺ​ឈាំ​ង ក៏​កំពុងតែ​ស្ថិតនៅ​ប្រទេស​នេះ ដើម្បី​ចូលរួម​ប្រជុំ​ជាមួយ​មេដឹកនាំ​អាស៊ាន​។ មេដឹកនាំ​ទាំងពីរ ទំនងជា​ជួប​មុខ​គ្នា អំឡុងពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូព៌ា​នៅ​ថ្ងៃទី​៨ ខែកញ្ញា ដែលមាន​ប្រទេស​ចំនួន​១៨​ចូលរួម​។ 
 
​នៅមុន​ជួប​ប្រធានាធិបតី​អាមេរិក សេចក្ដីថ្លែងការណ៍​ប្រធាន​អាស៊ាន មិនបាន​លើកឡើង​ពី​សេចក្ដីសម្រេច​របស់​តុលាការអន្តរជាតិ​លើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ទេ ដែល​វា​ច្បាស់​ណាស់​ថា ចិន ពិតជា​សប្បាយ​ចិត្តខ្លាំង​មិនខានឡើយ​។ ដូច​សព្វមួយដង​នោះ សេចក្ដីថ្លែងការណ៍​ប្រធាន​អាស៊ាន បាន​ត្រឹម​បង្ហាញ​ពី​ការព្រួយបារម្ភ​ជុំវិញ​ការវិវត្ត​ថ្មីៗ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​បាន​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ដោយយោង​តាមច្បាប់​អន្តរជាតិ ជាពិសេស​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២៕ 
   

Tag:
 អាមេរិក​
  ​ចិន​
  ​សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com