អន្តរជាតិ
លោក អូ​បា​ម៉ា យល់ថា​«​សង្គ្រាម​អាមេរិក​»​នៅ​ឡាវ​ត្រឹមត្រូវ​ក្នុង​បរិបទ​សង្គ្រាមត្រជាក់​
09, Sep 2016 , 10:59 pm        
រូបភាព
​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​បញ្ជាក់ថា សម័យ​សង្គ្រាមត្រជាក់ អាមេរិក​ស្ថិតនៅ​ភាគី​ត្រឹមត្រូវ ហើយ​សង្គ្រាម​អាមេរិក​ធ្វើ​ក៏​ដើម្បី​ប្រយុទ្ធប្រឆាំង​ចលនា​កុម្មុយនីស្ត​ដែរ ។ លោក អូ​បា​ម៉ា លើកឡើង​បែបនេះ​នៅពេល​អ្នកសារព័ត៌មាន​សាកសួរ​លោក​ថា តើ​លោក​យល់ឃើញ​បែបណា និង​គួរ​សូម​អភ័យទោស​ប្រជាជន​ឡាវ​ចំពោះ​សង្គ្រាម​ទម្លាក់​គ្រាប់បែក​សម័យ​សង្គ្រាមត្រជាក់​នេះ​ឬ​អត់​?​។​



​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​បដិសេដ​ការ​សូម​អភ័យទោស​ចំពោះ​ការទម្លាក់​គ្រាប់បែក​នៅ​ឡាវ​ឬ​ឬ​មាន​ខ្លះ​ហៅថា​ជា​«​សង្គ្រាម​សម្ងាត់​របស់​អាមេរិក​»​ផង ពេលដែល​អ្នកសារព័ត៌មាន​សាកសួរ​លោក​ផ្ទាល់​នៅក្នុង​សន្និសីទកាសែត​នៅ​ទីក្រុង​វៀងចន្ទន៍​នៅ​ថ្ងៃ ៨​កញ្ញា​។​

១. អូ​បា​ម៉ា​បដិសេធ​សុំ​អភ័យទោស តែ​ព្យាយាម​ព្យាបាល​របួស​ផ្លូវចិត្ត​ប្រជាជន​ឡាវ​
 អ្នកសារព័ត៌មាន​បាន សួរ​លោក អូ​បា​ម៉ា ថា​៖«​តាម​ការមើលឃើញ​ស្ថានភាព​ជាក់ស្តែង តើ​លោក​គិតថា លោក​គួរ​សូម​អភ័យទោស​ចំពោះ​សង្គ្រាម​សម្ងាត់​របស់​អាមេរិក​នៅ​ឡាវ​សម័យ​សង្គ្រាមត្រជាក់​ដែរ​ឬ​អត់​? 

​តែ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ឆ្លើយតប​វិញ​ក្នុងន័យ​បដិសេធ​ការ​សូម​អភ័យទោស​ចំពោះ​សង្គ្រាម​អាមេរិក​នៅ​ឡាវ​នេះ​។ លោក​ត្រឹម​ទទួលស្គាល់ថា សង្គ្រាម​នេះ​បាន​បង្ក​ផលប៉ះពាល់​ខ្លាំង​មែន តែ​វា​ត្រូវបាន​បង្កើតឡើង​ដើម្បី​ប្រឆាំង​ចលនា​កុម្មុយនីស្ត​ប៉ុណ្ណោះ​។ ហើយ​អាមេរិក​នៅតែមាន​កាតព្វកិច្ច​សីលធម៌​ជួយ​ផ្សះផ្សា​របួស​ផ្លូវចិត្ត​របស់​ប្រជាជន​ឡាវ​ដែរ​។​

​លោក​បកស្រាយ​ថា​៖ «​ខ្ញុំ​គិតថា​អ្វីដែល​ខ្ញុំ​អាចនិយាយបាន​គឺ អាមេរិក​ធ្វើ​ត្រឹមត្រូវ បើ​និយាយ​ពី ប្រវត្តិសាស្ត្រ​នា​សម័យ​សង្គ្រាមត្រជាក់​។ វា​ជា​ពេលវេលា​មួយ​ដែល គោលដៅ​តែមួយ​របស់​យើង​គឺ​យកឈ្នះ​លើ​ការផ្សព្វផ្សាយ​មនោគមន៍​វិជ្ជា​កុម្មុយនីស្ត នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​យើង​មិនបាន​គិតគូរ​ឲ្យ​ដិតដល់​ពី​លទ្ធផល​នៃ​អ្វីដែល​យើង​ធ្វើ​ក្នុងនាម​ជា​អ្នកបង្កើត​គោលនយោបាយ​»​។​

​ក្នុងសម័យ​សង្គ្រាម​វៀតណាម​ពី​ឆ្នាំ​១៩៦៤ ដល់​ឆ្នាំ​១៩៧៣ យន្តហោះ​ចម្បាំង​អាមេរិក បាន​ទម្លាក់​គ្រាប់បែក​ចង្កោម​ច្រើនជាង​២៧០​លាន​គ្រាប់ ទៅលើ​ទីតាំង​ជាច្រើន​ក្នុង​ទឹកដី​រដ្ឋ​កុម្មុយនីស្ត​ឡាវ ហើយ​គ្រាប់​មួយ​ភាគបី​មិនទាន់​ផ្ទុះ​ទេ​។ ដូច្នេះហើយ ឡាវ​បាន​ក្លាយជា​ប្រទេស​រងគ្រោះ​ខ្លាំង​មួយ ព្រោះ​គ្រាប់​មិនទាន​ផ្ទុះ​បានសម្លាប់ និង​ធ្វើ​ឲ្យ​របួស​មនុស្ស​ច្រើនជាង​២​ម៉ឺន​នាក់​ផង ។​

​ថ្វីបើ​ប្រធានាធិបតី​រូបនេះ​មិនបាន​សូម​អភ័យទោស​ចំពោះ​សង្គ្រាម​អាមេរិក​នៅ​ឡាវ​ក្តី លោក​បានប្រកាស​ផ្តល់ជំនួយ​ដល់​ឡាវ​ដើម្បី​ដោះ​គ្រាប់​មិនទាន់​ផ្ទុះ​នេះ​ចេញ​។ សកម្មភាព​នេះ​ត្រូវបាន​គេ​ហៅថា ជាការ​ផ្សះផ្សា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។ កាលពី​ថ្ងៃ ៦ កញ្ញា សេត​វិមាន​អាមេរិក បានប្រកាសថា អាមេរិក នឹង​ផ្ដល់ជំនួយ​បន្ថែមចំនួន​៩០​លាន​ដុល្លារ ក្នុងពេល​បី​ឆ្នាំ​ខាងមុខ ដើម្បី​ជួយ​ប្រទេស​ឡាវ ក្នុងការ​ដោះ​គ្រាប់​មិនទាន់​ផ្ទុះ ។​

២.​លោក អូ​បា​ម៉ា ថា យុទ្ធជន​អាមេរិក​ដែល​ធ្វើសង្គ្រាម​នៅ​ឡាវ​សុទ្ធតែជា​«​វីរបុរស​»
​ទាក់ទង​សំណួរ​ថា​តើ យុទ្ធជន​អាមេរិក​ទាំងស្រី ទាំងប្រុស ដែល​ប្រឡូក​ក្នុង​សង្គ្រាម​សម្ងាត់​នៅ​ឡាវ​ជា​វីរបុរស​ដូច​កងទ័ព​ធ្វើសង្គ្រាម​នៅ​អ៊ីរ៉ាក់​ឬ​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​អត់ លោក អូ​បា​ម៉ា​ឆ្លើយតប​ថា អ្នក​ទាំងនោះ​សុទ្ធតែជា​វីរបុរស​របស់​អាមេរិក​។

​សម្រាប់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា មូលហេតុ​ដែល​លោក​គិតថា អ្នក​ទាំងនោះ​ជា​វីរបុរស​ដោយសារ អ្នកបង្កើត​គោលនយោបាយ​ជា​អ្នកសម្រេចចិត្ត តែ​យុទ្ធជន​អាមេរិក​ដែល​លះបង់​ជីវិត ត្រឹម​អនុវត្តតាម​ការសម្រេច​ចិត្ត​នេះ​ប៉ុណ្ណោះ​។

​លោក​អូ​បា​ម៉ា ពន្យល់ថា​៖« រាល់​យុទ្ធជន​អាមេរិក​តែង​និយាយ​ពេញមាត់​ថា​ពួកគេ​មាន​ឆន្ទៈ​ធ្វើ​គ្រប់យ៉ាង ទោះ​ក្នុងស្ថានភាព​ណា​ក្តី  ធ្វើតាម​អ្វីដែល​មេបញ្ជាការ​កំពូល​បញ្ជា ដើម្បី​ធ្វើយ៉ាងណា​រក្សា​សុវត្ថិភាព​ប្រជាជន​អាមេរិក​។ ពួកគេ​យក​ជីវិត​ទៅ​ពាំង​គ្រោះថ្នាក់ និង​ហ៊ាន​ពលី​ជីវិត​ដើម្បី​ការពារ​ប្រជាជន​អាមេរិក​។ សកម្មភាព​លះបង់​ដ៏​ធំធេង​នេះ​ជា​វីរបុរស​»​។​

​លោក​បន្ថែមថា​៖ « ដូច្នេះហើយ​បានជា​ខ្ញុំ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្លាំង​នៅពេលដែល​ត្រូវ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ដែល​ពាក់ព័ន្ធ​សង្គ្រាម និង​សន្តិភាព​។  នេះ​ក៏ដោយ​សារ​ខ្ញុំ​ដឹងថា រាល់​ការសម្រេចចិត្ត​ដែល​ខ្ញុំ​ធ្វើ យុទ្ធជន​យុទ្ធ​នារី​អាមេរិក​ជា​អ្នកអនុវត្ត ទោះបីជា​ពួកគេ​គិតថា​វា​ខុស​ក៏ដោយ ហើយ​វា​មិន​ស្របតាម​គំនិត​ពួកគេ​ក៏ដោយ​»៕


Tag:
 បា​រ៉ា​ក់ អូ​បា​ម៉ា​
  ឡាវ​
  ASEAN
© រក្សាសិទ្ធិដោយ thmeythmey.com