អន្តរជាតិ
ម្តាយ​ម្នាក់​បាញ់​កម្ទេច​ទូរ​សព្ទ​របស់​កូនៗ ព្រោះ​ខឹង​ពួកគេ​វក់​នឹង​បណ្តាញ​សង្គម​ពេក​
10, Sep 2016 , 10:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់​បង្ហាញ​ពី​អារម្មណ៍​ខឹងសម្បារ​យ៉ាងខ្លាំង ដែល​កូនៗ​របស់ខ្លួន​វក់​នឹង​បណ្តាញ​សង្គម​គ្មាន​គិត​បាយ​គិត​ទឹក​។ គាត់​បានប្រកាស​សង្គ្រាម​ប្រឆាំងនឹង​បច្ចេកវិទ្យា ដោយបាន​យក​កាំភ្លើង​បាញ់​កម្ទេច​ទូរ​សព្ទ​របស់​កូនៗ ។​

 
«​ឥទ្ធិពល​នៃ​បណ្តាញ​សង្គម​មកលើ​កូនៗ​របស់ខ្ញុំ គឺ​នាំ​ឲ្យ​ពួកគេ​លែង​ស្តាប់បង្គាប់ និង​ខ្វះ​ការគោរព​» នេះ​បើតាម​ការប្រកាស​របស់​ស្ត្រី​អាមេរិក​នៅលើ​វីដេអូ ដែល​គាត់​បាន​ថត​ដើម្បី​ទុកជា​គម្រូ​ដល់​ឪពុកម្តាយ​ដទៃទៀត​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​បច្ចេកវិទ្យា​។​
 
​ជាមួយនឹង​សម្តី​ដ៏​ម៉ឺងម៉ាត់ ស្ត្រី​រូបនោះ បាន​យក​កាំភ្លើង​បាញ់​ក​ម្ចេ​ច​ទូរ​សព្ទ ហើយ​ដំ​វា​បន្ថែម​ឲ្យ​ខ្ទេចខ្ទី​១០០​ភាគរយ​។ គាត់​បាន​បញ្ជាក់ថា នេះ​ជា​តួនាទី​របស់គាត់​ក្នុងនាម​ជា​ឪពុកម្តាយ​ដែល​ទាញ​កូន​ឲ្យ​ឈប់​ចំណាយពេល​ឥតប្រយោជន៍​លើ​បច្ចេកវិទ្យា​។​
 
 
​បន្ថែម​ពីលើ​នេះ​ទៀត គាត់​បាន​បង្ហោះ​វីដេអូ​មួយទៀត​ដែល​ទាក់ទង​នឹង​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។ ស្ត្រី​រូបនោះ សង្កេតឃើញថា គ្រឿងញៀន​នាំ​ឲ្យ​កូនៗ​ពួកគាត់​ក្លាយជា​មនុស្ស​ខ្ជិលច្រអូស ហើយ​ចូលចិត្ត​ដេក​អត់​ធ្វើការ​។ ដើម្បី​បង្ហាញ​ជា​គំរូ គាត់​បាន​យក​សម្ភារ​មួយចំនួន​របស់​កូន​ដុត​កំទេចចោល​៕
 

Tag:
 ​ប្លែកៗ​
  បណ្តាញ​សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com