អន្តរជាតិ
ក្រៅពី​ការភ្ជាប់​សេដ្ឋកិច្ច​ជាមួយ​អាស៊ាន​«​ការ​ជ្រោមជ្រែង​យុវជន​អាស៊ាន​»​ក៏​ជា​កិច្ចការ​អាទិភាព​ដែល​អាមេរិក​ត្រូវធ្វើ​ដែរ​
10, Sep 2016 , 12:30 pm        
រូបភាព
ដោយ:
​លួង​ប្រា​បាង​, ឡាវ​៖ អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អាស៊ាន លោកស្រី Hachigian បាន​ពន្យល់​យុវជន និង​មេដឹកនាំ​វ័យក្មេង​អាស៊ាន​ទាំង​ដប់​ប្រទេស​ដែលជា​សមាជិក​នៃ​គំនិត​ផ្តួចផ្តើម YSEALI ជិត​២០០​នាក់ ថា​ការជួយ​ជ្រៀម​ជ្រែង​យុវជន​ដែលមាន​សក្តានុពល និង​កំពុង​រះ​ឡើង​របស់​អាស៊ាន ក៏​ស្ថិតនៅក្នុង​កិច្ចការ​អាទិភាព​ផ្លូវការ​មួយ​របស់​អាមេរិក​មក​កាន់​អាស៊ាន​ផងដែរ​។


 
«​អាមេរិក គឺជា​ដៃគូ​វិនិយោគ​ធំំ​បំផុត​នៅក្នុង​អាស៊ាន ហើយ​សេដ្ឋកិច្ច​របស់​អាស៊ាន គឺ​ពិត​ជាមាន​ឥទ្ធិពល​មកលើ​អាមេរិក​ផងដែរ​។ មួយវិញទៀត​នោះ ក្រៅពី​សមាហរណកម្ម​សេដ្ឋកិច្ច ការផ្តល់​ឳ​កា​សម្រាប់​ស្ត្រី បញ្ហា​ប្រឈម​អន្តរប្រទេស ដែល​រាប់បញ្ចូល​ទាំង​ការប្រែប្រួល​អាកាសធាតុ កិច្ច​សហ​ប្រតិ​ប​តិ​ប​ត្តិ​ការ​ដែនសមុទ្រ និង​ការ​ជ្រៀម​ជ្រែង​មេដឹកនាំ​ដែល​កំពុង​លេចធ្លោ ឬ​មាន​សក្តានុពល គឺជា​កិច្ចការ​អាទិភាព​នៅក្នុង​ទំនាក់ទំនង​អាមេរិក​-​អាស៊ាន​»​។  នេះ គឺជា​សេចក្តីថ្លែងការណ៍​របស់​លោកស្រី​អគ្គរដ្ឋទូត Hachigian ទៅកាន់​យុវជន​នា​ជំនួប​កំពូល​ប្រចាំឆ្នាំ​២០១៦​ក្នុង​ក្រុង​លួង​ប្រា​បាង​នៃ​ប្រទេស​ឡាវ​កាលពីដើម​សប្តាហ៍​កន្លងទៅ​។ 
 
​នាឱកាស​នោះដែរ លោកស្រី​អគ្គរដ្ឋទូត​រូបនោះ ក៏បាន​បញ្ជាក់​នៅមុខ​យុវជន​ផងដែរ​ថា គឺ​ពួកគេ​នោះ​ហើយ​ដែលជា​មេដឹកនាំ​ដែល​កំពុង​រះ​ដែល​អាមេរិក​ត្រូវ​ជួយ​ជ្រោមជ្រែង​។ លោកស្រី ថែមទាំង​និយាយ​ឲ្យ​យុវជន​ដឹង​ដែរ​ថា លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ធ្លាប់​ប្រាប់​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​នា​កិច្ចប្រជុំ​កំពូល​អាមេរិក​-​អាស៊ាន នៅ Sunnylands នៃ​សហ​អាមេរិក​កាលពីដើមឆ្នាំ ដោយ​លោក អូ​បា​ម៉ា លើកឡើងថា «​លោក ពិត​ជាមាន​មោទនភាព​ដែល​គំនិត​ផ្តួចផ្តើម​YSEALI កំពុងតែ​ជួយ​ជំរុញ​យុវជន​វ័យក្មេង​ដែល​កំពុងតែ​ជួយ​កែប្រែ​តំបន់​ឲ្យ​កាន់តែ​ល្អប្រសើរ​»​។ 
 


​សូម​ជម្រាប​ផងដែរ​ថា គំនិត​ផ្តួចផ្តើម YSEALI (Young Southeast Asian Leadership Initiative) គឺជា​គំនិត​ផ្តួចផ្តើម​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​ក្រោម​រដ្ឋបាល​របស់លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា តាំងពី​ឆ្នាំ​២០១៣​។ គំនិត​ផ្តួចផ្តើម​នេះ មាន​ទិសដៅ​ពង្រឹងសមត្ថភាព​យុវជន និង​មេដឹកនាំ​វ័យក្មេង​របស់​ប្រទេស​ទាំង​ដប់​នៃ​អាស៊ាន​ដែលជា​សមាជិក​ខ្លួន​ពាក់ព័ន្ធ​បញ្ហា​បរិស្ថាន អប់រំ ការផ្សារភ្ជាប់​ខ្លួន​ជាមួយនឹង​ប្រជាជន​ស៊ីវិល និង សហគ្រិនភាព​និង​សេដ្ឋកិច្ច​។ តាមរយៈ​កម្មវិធី​នេះ យុវជន ក៏មាន​ឳ​កាស​ដើម្បី​បំពេញ​កម្មសិក្សា​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​ក្នុង​តំបន់​ផងដែរ​។ 
 
​បើទោះបីជា​អ្នក​ផ្តួចផ្តើម​នៃ​កម្មវិធី​នេះ គឺ​លោក​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា នឹងត្រូវ​បញ្ចប់​អាណត្តិ​ដឹកនាំ​របស់លោក​នាពេលខាងមុខ​ដ៏​ខ្លី​ក៏ដោយ គំនិត​ផ្តួចផ្តើម​ដែលមាន​សមាជិក​ជា​យុវជន និង​មេដឹកនាំ​វ័យក្មេង​ជាង​៩​ម៉ឺន​នាក់​ហើយ​នោះ មិន​បញ្ចប់​ឡើយ​។ លោក​ប្រធានាធិបតី អូ​បា​ម៉ា នៅតែ​បន្សល់​ក្តីសង្ឃឹម​សម្រាប់​យុវជន​ដែលជា​សមាជិក​នៃ​គំនិត​ផ្តួចផ្តើម​នេះ​តាមរយៈ​សុន្ទរកថា​ចុងក្រោយ​របស់លោក​ក្នុងនាម​ជា​ប្រធានាធិបតី​អាមេរិក​នៅក្នុង​ប្រទេស​ឡា​វ ដោយ​បញ្ជាក់ថា រដ្ឋាភិបាល​អាមេរិក នឹង​នៅតែ​បន្ត​ពង្រឹងសមត្ថភាព​យុវជន​តាមរយៈ​កម្មវិធី​នេះ​ដដែល​៕ 

Tag:
 YSEALI
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com