អន្តរជាតិ
លោក អូ​បា​ម៉ា សន្យា​ទៅ​សម្រាក​លេង​នៅ​ឡាវ​ជាថ្មី ក្រោយ​លោក​បញ្ចប់​អាណត្តិ​ប្រធានាធិបតី
10, Sep 2016 , 8:30 pm        
រូបភាព
ដោយ:
​លួង​ប្រា​បាង​, ឡាវ​៖ លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ទើបតែ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​លើក​ទី​១១​មកកាន់​តំបន់​អាស៊ី​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ក្នុង​តំបន់​រួមមាន​ទាំង​ក្នុងប្រទេស​ឡាវ ដែល​ទីនោះ​ហើយ ដែល​លោក បាន​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ដំបូង​គេ​ដែល​បានមក​ដល់​។ នេះ ក៏​ជា​ដំណើរ​ទស្សនកិច្ច​មកកាន់​តំបន់​អាស៊ី​ជា​លើកចុងក្រោយ​របស់លោក​ក្នុងនាម​ជា​ប្រធានាធិបតី​អាមេរិក​ផងដែរ​។ ទោះ​យ៉ាងនេះ​ក្តី លោក​ប្រធានាធិបតី បាន​សន្យាថា លោក នឹង​មកលេង​នៅ​ប្រទេស​ឡាវ​ជាថ្មី តែ​មិនមែន​ក្នុងនាម​ជា​ប្រធានាធិបតី​អាមេរិក​ទៀតឡើយ​។​


​ឆ្លៀតពេល​ក្នុង​ដំណើរ​ទស្សនកិច្ច​ចូលរួម​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ឡាវ ក្នុង​វៀងចន្ទន៍ លោក បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​ថ្ងៃទី​០៧ ខែកញ្ញា​កន្លងទៅ ក៏បាន​បំពេញ​ទស្សនកិច្ច​នៅក្នុង​តំបន់​បុរាណ និង​វប្បធម៌​«​លួង​ប្រា​បាង​»​នៃ​ប្រទេស​ឡាវ​ផងដែរ​។ ហើយ​ក្នុង​ថ្ងៃ​ដដែល​នោះដែរ លោក​ប្រធានាធិបតី ក៏​ជួប​ជាមួយនឹង​យុវជន​អាស៊ាន​ដែលជា​សមាជិក YSEALI ដើម្បី​ជជែក និង​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក ដ្បិត ជំនួប​នោះ ក៏​ជា​ជំនួប​ចុងក្រោយ​រវាង​រូបលោក ជាមួយនឹង​ក្រុមយុវជន​ក្នុងនាម​ជា​ប្រធានាធិបតី​អាមេរិក​។​
 
​អ្វី​គួរកត់សម្គាល់ លោក អូ​បា​ម៉ា ដែល​បាន​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ដំបូង​គេ​បង្អស់​មកកាន់​ឡាវ​តាមរយៈ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​មកកាន់​អាស៊ី​ក្នុងនាម​ជា​ប្រធានាធិបតី​នោះ បាន​ថ្លែង​ចំពោះមុខ​យុវជន​ប្រមាណ​ជិត​២០០​នាក់ ថា លោក ចំណាយពេល​មក​កម្សាន្ត​នៅ​ឡាវ​ជាថ្មី ក្រោយ​លោក បញ្ចប់​អាណត្តិ​ប្រធានាធិបតី​។​
 
​លោក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​រូបនោះ បាន​និយាយ​ក្នុង​ទឹកមុខ​ញញឹម និង​ផ្តល់​ក្តីសង្ឃឹម​ដល់​យុវជន​អាស៊ាន​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ សន្យា​ទៅកាន់​អ្នក ថា ខ្ញុំ នឹង​ត្រលប់​មកវិញ នៅពេលដែល​ខ្ញុំ មិនមែនជា​ប្រធានាធិបតី​។ ហើយ​អ្វី​ដែលជា​រឿង​ល្អ​នោះ​គឺ នៅពេល​ខ្ញុំ​ត្រលប់មក​នោះ ខ្ញុំ នឹង​មិនមាន​សន្តិសុខ​ច្រើន​ទៀត​នោះទេ​។ ហើយ​ដូច្នេះ ខ្ញុំ អាច​អង្គុយ ហើយ​សម្រាក ដោយ​មិន​មមា​រញឹក​ដូចពេលមុន​ឡើយ​»​។​
 
​តាម​ការអះអាង​របស់ លោក អូ​បា​ម៉ា លោក ធ្លាប់​រស់នៅ​ឥណ្ឌូនេស៊ី​កាល​លោក​នៅ​វ័យ​កុមារ ហើយ​ម្តាយ​របស់លោក បាន​បំពេញការងារ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ជាមួយ​ស្ត្រី​នៅតាម​ភូមិ​ដើម្បី​ជួយ​លក់​កន្សែង ឬ​ក្រមា​របស់​ពួកគេ​ដើម្បី​រក​ចំណូល​សម្រាប់​គ្រួសារ​។ នេះ ក៏​ជា​ផ្នែក​មួយ​ដែល ជំរុញ​ឲ្យ​លោក ចូលចិត្ត និង​មាន​ទស្សនវិស័យ​មកកាន់​តំបន់​អាស៊ីអាគ្នេយ៍​៕ 

Tag:
 YSEALI
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com