អន្តរជាតិ
ថែម​បារាំង​មួយទៀត វៀតណាម​មាន​ខ្នងបង្អែក​កាន់តែច្រើន?
10, Sep 2016 , 3:30 pm        
រូបភាព
ក្នុង​ទស្សនកិច្ច​មកកាន់​ប្រទេស​វៀតណាម​កាលពីដើម​សប្តាហ៍​នេះ ប្រធានាធិបតី​បារាំង លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ សម្រេចបាន​កិច្ចព្រមព្រៀង​ជាច្រើន​ជាមួយ​មេដឹកនាំ​វៀតណាម​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​ក្រោម​ក្របខណ្ឌ​ដៃគូ​យុទ្ធសាស្ត្រ​។ យ៉ាងណាមិញ​ការចូល​មក​ចែរ​ចូ​វ​វៀតណាម​ពេលនេះ បង្ហាញ​ឲ្យ​ឃើញ​ពី​ចេតនា​របស់​រដ្ឋាភិបាល​ក្រុង​ប៉ា​រី​ក្នុងការ​ត្រឡប់មក​ពង្រឹង​ឥទ្ធិពល​របស់​ខ្លូន​តំបន់​។ បារាំង​ក៏​បង្ហើប​បំណង​ចង់​ចូលមក​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ថែមទៀត ដោយ​លើកយក​ការការពារ​សេរីភាព​នាវាចរណ៍ និង​ការហោះហើរ​ជា​សម្អាង​។ វៀតណាម​មាន​ខ្នងបង្អែក​កាន់តែច្រើន ស្រប​ពេលដែល​ប្រទេស​នេះ​បន្ត​ប្រឈមមុខ​ជាមួយ​មហា​យក្ស​ចិន​។​


 
​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ក្លាយជា​ប្រធានាធិបតី​បារាំង​ទីមួយ​ដែល​ទៅ​ទស្សនកិច្ច​វៀតណាម​ចាប់ពី​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៩០ ពោលគឺ​ក្រោយ​ការធ្វើកំណែទម្រង់​សេដ្ឋកិច្ច​ដែល​គេ​ស្គាល់​ថា «​ដូ​យ​មឺ​យ​»​។ ហើយ​លោក ក៏​ជា​មេដឹកនាំ​បារាំង​ទី ៣ ដែល​ទៅ​ទស្សនកិច្ច​នៅ​វៀតណាម​ចាប់ពី​ពេល​វៀតណាម​ប្រកាស​ឯករាជ្យ​ពី​បារាំង​ឆ្នាំ ១៩៥៤​។ វត្តមាន​មេដឹកនាំ​កំពូល​បារាំង​នៅ​វៀតណាម​នេះ​ក៏បាន​បញ្ជាក់​ឲ្យ​ឃើញ​កាន់តែច្បាស់​ពី​ការផ្លាស់ប្តូរ​ទំនាក់ទំនង​ជូរចត់​ដែលមាន​កាលពី​អតីតកាល​ជាពិសេស​ពេល​បារាំង​ចាញ់​វៀតណាម​ក្នុង​សម​ភូមិ Dian Bian Phu ឆ្នាំ ១៩៥៤​។​
 
 ក្នុង​ទស្សនកិច្ច​នេះ លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់​បាន​ជួបពិភាក្សា​ជាមួយ​សម​ភាគី​វៀតណាម លោក Tran Dai Quang ហើយ​ប្រធានបទ​នៃ​កិច្ចពិភាក្សា​ផ្តោត​សំខាន់​លើ​បញ្ហា​ជាច្រើន​ក្នុងនោះ​មាន​បរិស្ថាន សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ផងដែរ​។​
 
​យោងតាម​សារព័ត៌មាន The Diplomat មេដឹកនាំ​បារាំង​និង​វៀតណាម បានលើកឡើង​ពី​ភាពចាំបាច់​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ដែល​ភាគី​ទាំងពីរ​បាន​បង្កើតឡើង​មក​តាំងពី​ឆ្នាំ ២០១៣​មក​។ បារាំង​នៅតែ​ជា​ដៃគូ អភិវឌ្ឍ​របស់​វៀតណាម​និង​ជា​ម្ចាសជំនួយ​ដ៏​ធំ​សម្រាប់​គាំទ្រ​ការអភិវឌ្ឍ​របស់​វៀត​ណា​ម​ដែរ​។  យោងតាម​អត្ថបទ​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន The Diplomat បា​រាំងជា​ម្ចាស់ជំនួយ​ធំ​បំផុត​លំដាប់​ទី​ពីរ​របស់​វៀតណាម​បន្ទាប់ពី​ជប៉ុន​។ វៀតណាម​បានទទួល​ជំនួយ​សរុប ១.៧​ពាន់​លាន​ដុល្លារ​រាប់​ចាប់ពី​ឆ្នាំ ១៩៩៣​មក​។​
 
១.​បារាំង​ពង្រឹង​ចំណង​សេដ្ឋកិច្ច​ជាមួយ​វៀតណាម​
​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះដែរ មេដឹកនាំ​បារាំង​និង​វៀតណាម​បានសម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ចំនួន ២០ ហើយ​ក្នុងចំណោម​កិច្ចព្រមព្រៀង​នោះ​មាន កិច្ចព្រមព្រៀង​មួយ​ដែល​ផ្តោតលើ​ការ​កិច្ចសហប្រតិបត្តិការ​ត្រួត​ពិនិត្យ​អាកាស​។ កិច្ចព្រមព្រៀង​មួយទៀត​វិញ​ផ្តោតលើ​ការដោះស្រាយ​បញ្ហា​បរិស្ថាន ដោយ​រដ្ឋាភិបាល​បារាំង​នឹង​ជួយ​គាំទ្រ​ខេត្ត​មួយចំនួន​របស់​វៀតណាម​ក្នុងការ​ដោះស្រាយ​បញ្ហា​កើនឡើង​នៃ​កម្រិត​នីវ៉ូទឹក​សមុទ្រ​ផងដែរ​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​បំផុត​នោះ​គឺ ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​សម្រេច​ចុះ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ក្រុមហ៊ុន Airbus ចំនួន ៤០​គ្រឿង ក្នុងតម្លៃ​ទឹកប្រាក់ ៦.៥​ពាន់​លាន​ដុល្លារ​អាមេរិក​។​
 
​បារាំង​និង​វៀតណាម​កំពុង​ព្យាយាម​ពង្រឹង​ចំណង​ពាណិជ្ជកម្ម​ទ្វេភាគី​បន្ថែម ហើយ​រកមើល​វិធីសាស្ត្រ​ក្នុងការ​លើកស្ទួយ​កិច្ចសហប្រតិបត្តិការ​រ​វាង​សហគ្រិន​វៀតណាម​និង​បារាំង ក៏ដូចជា​ជំរុញ​ឲ្យ​មាន​ការផ្ទេរ​បច្ចេកវិទ្យា​ទំនើប​ដល់​ក្រុមហ៊ុន​វៀតណាម​ផងដែរ​។​
 
​បើ​និយាយ​ពី​ចំណង​ពាណិជ្ជកម្ម​ទ្វេភាគី​វិញ ក៏​កើនឡើង​រហ័ស​គួរ​ឲ្យ​កត់សម្គាល់​ដែរ​។ បារាំង​ជា​ដៃគូ​វិនិយោគ​ធំ​បំផុត​លំដាប់​ទី​ប្រាំ​នៅ​អឺរ៉ុប ហើយ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​កើន​ដល់ ៤.២​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៥​។ ក្រុមហ៊ុន​បារាំង​ប្រហែល ៣០០ កំពុងបើក​ដំណើរការ​នៅ​វៀតណាម​។​ដូច្នេះ​ទស្សនកិច្ច​កន្លងទៅ​រប​ស់​ប្រធានាធិបតី​បារាំង​ជាការ​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការបង្កើន​កិច្ចសហប្រតិបត្តិការ​និង​ចំណង​ពាណិជ្ជកម្ម​ឲ្យ​កាន់តែខ្លាំង​ជាង​មុន​ដែរ​។​
 
​ពាក់ព័ន្ធ​ចំណង​ពាណិជ្ជ​កម្មនេះ វៀតណាម នាំចេញ​ស្បែកជើង​,​សម្ភារៈ​វាយ​ន​ភណ្ឌ​, ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ​, គ្រឿង​សមុទ្រ​, ម៉ាស៊ីន និង​គ្រឿង​អេ​ឡិច​ត្រ​និក​ទៅកាន់​ប្រទេស​បារាំង​។ ហើយ​ប្រទេស​នេះ​នាំចូល​ឧបករណ៍ប្រើប្រាស់​បម្រើ​វិស័យ​អាកាសចរណ៍​, ថ្នាំ​, គ្រឿង​ម៉េ​កា​និ​ច​, ឧបករណ៍​អេ​ឡិច​ត្រួ​និក​,​សារធាតុ​គីមី និង​គ្រឿង​ស្រវឹង​ពី​បារាំង​។​
 
២.​បារាំង​ចង់​លូកលាន់​រឿង​សមុទ្រ​ចិន​ខាងត្បូង​?
​ក្រៅពី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម មេដឹកនាំ​បារាំង​មក​វៀតណាម​លើក​នេះ ក៏​ដើម្បី​ជជែក​ពី​បញ្ហា​សន្តិសុខ​ដែនសមុទ្រ​ដែរ​និយាយ​ឲ្យ​ចំ​គឺ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ យោងតាម​សារព័ត៌​មានបារាំង France 24 លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់​បាន​និយាយ​ជាមួយ​សម​ភាគី​វៀតណាម​លោក Quang រឿង​សេរីភាព​ផ្លូវ​សមុទ្រ​ដែលជា​បញ្ហា​ចម្បង​របស់​វៀតណាម ព្រោះ​ប្រទេស​នេះ​កំពុង​ប្រឈមមុខ​ជាមួយ​ចិន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នោះ​។ 
 
​ទស្សនកិច្ច​របស់លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ តាមពិតទៅ​កើតឡើង​ត្រឹម​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី ទៅ​ទស្សនកិច្ច​នៅ​វៀតណាម​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។ អ្វីដែល​សំខាន់ ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​លោក ម៉ូ​ឌី បានប្រកាស​ផ្តល់ជំនួយ ៥០០​លាន​ដុល្លារ​ដល់​វៀតណាម​ដើម្បី​ពង្រឹង​វិស័យ​ការពារជាតិ​ដែរ​។ មិន​ខុស ពី​បារាំង​ឥណ្ឌា​មើលឃើញ​សក្តានុពល​វៀតណាម ដែល​អាច​គាំទ្រ​ខ្លួន​បាន និង​អាចជា​ជ​ន្ទ​ល់​នៃ​នយោបាយ​ការបរទេស​ពង្រឹង​ឥទ្ធិពល​ឥណ្ឌា​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ផង​។ 
 
​ទស្សនកិច្ច​របស់​ប្រមុខរដ្ឋ​បារាំង​នេះដែរ ក៏​កើតឡើង​ប្រហែល​ជិត​២​ខែ ក្រោយ​ពេលដែល​តុលាការ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ចេញ​សេចក្តីសម្រេច​ទាត់ចោល​ការទាមទារ​រ​បស់​ចិន​ដែល​ឆ្បាម​យក​ស្ទើរតែ​ទាំងស្រុង​នៃ​តំបន់​ជម្លោះ​ដោយ​ពឹង​ផ្អែកលើ​ផែនទី​ប្រាំបួន​ចំណុច​របស់​ចិន​ដែល​គូស​ជា​លក្ខណៈ​ឯកតោភាគី​។ ហើយ​ក្រោយ​ការចេញ​សេ​ក្តី​សម្រេច​នេះ បណ្តា​ប្រទេស​ពាក់ព័ន្ធ​បានដាក់​សម្ពាធ​ឲ្យ​ចិន​បំពេញ​កាតព្វកិច្ច​ដោយ​អនុវត្តតាម​ការកំណត់​របស់​ស្ថាប័ន​យុត្តាធិការ​អន្តរជាតិ​ពាក់ព័ន្ធ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ តែ​ចិន​បានប្រកាសថា ខ្លួន​មិន​ខ្វល់ និង​ចាត់ទុក​សេចក្តីសម្រេច​តុលាការ​ជា​ក្រដាស​មួយច្បាប់​ដែល​គ្មាន​តម្លៃ​។ 
 
​ត្រឡប់មកវិញ ក្នុងជំនួប​នោះ មេដឹកនាំ​ទាំងពីរ​បាន​អំពាវនាវ​ឲ្យ​បណ្តា​គូភាគី​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​និង​មិន​ប្រើប្រាស់​ហិង្សា​ដែល​រំលោភច្បាប់​អន្តរជាតិ​ឡើយ​។ មេដឹកនាំ​ប្រទេស​ទាំងពីរ​ក៏​ឯកភាពគ្នា​ថា​នឹង​ប្រឹងប្រែង​ធ្វើយ៉ាងណា​គោរព​ច្បាប់​អន្តរជាតិ​ជាពិសេស​ច្បាប់​សមុទ្រ និង​ធានា​រក្សា​ឲ្យ​បាន​នូវ​សេរីភាព​នាវាចរណ៍​និង​ការហោះ​ហើយ​។​
 
​តាម​ការមើលឃើញ​ជាក់ស្តែង បារាំង​ហាក់បីដូចជា​ចង់​ចូលមក​ឈឺឆ្អាល​ក្នុង​រឿង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នេះដែរ ស្រប​ពេលដែល​សហរដ្ឋ​អាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​បារាំង​លង់ខ្លួន​ជ្រៅ​ក្នុង​តំបន់​អាស៊ី​រួចទៅហើយ​នោះ​។ 
 
​កន្លងមក បារាំង​បានបង្ហាញ​បំណង​ចូលរួម​ក្នុងការ​ល្បាត​សមុទ្រ​នៅ​អាស៊ី​ដែរ​។ ដូច​ឃើញស្រាប់​រដ្ឋមន្ត្រី​ការពារជាតិ​បារាំង បានលើកឡើង​ពី​ការ​ល្បាត​រួមគ្នា​ក្រោម​គម្រោង​របស់​សហភាព​អឺរ៉ុប​នៅពេល​លោក​ចូលរួម​ក្នុង​វេទិកា​សន្តិសុខ Shangri-La នៅ​សិង្ហ​បុរី​កាលពី​ខែមិថុនា​ឆ្នាំមុន​។ តាមរយៈ​សកម្មភាព​នេះ បារាំង​ទំនងជា​ចង់​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​ឡើងវិញ​នៅក្នុង​តំបន់​ឥណ្ឌូចិន និង​តំបន់​អាស៊ី​ទាំងមូល​ដែរ​។​
 
​យ៉ាងណា​ក៏ដោយចុះ រដ្ឋ​អឺរ៉ុប​ជាច្រើន​រួមទាំង​បារាំង​ហាក់​ស្ទាក់ស្ទើរ​ខ្លាំង​នៅពេលដែល​ពួកគេ​លូកលាន់​បញ្ហា​ណាមួយ​ដែល​ពាក់ព័ន្ធ​ជាមួយ​ចិន​។ ចិន​ក្លាយ​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​មិនអាច​ខ្វះ​បាន​របស់​អឺរ៉ុប រួមទាំង​បារាំង​ផ្ទាល់​។ ដូច្នេះ ចង់​មិន​ចង់ បារាំង​ត្រូវ​ដើរ​ដោយ​ប្រុងប្រយ័ត្ន​ក្នុងពេលដែល​មហាអំណាច​ណា​ចនេះ​ចែរ​ចូ​វ​វៀតណាម ហើយ​លូកលាន់​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ផង​នោះ​។   
 
៣. មេដឹកនាំ​បារាំង​មិន​ភ្លេច​និយាយ​រឿង​សិទ្ធិមនុស្ស​ជាមួយ​វៀតណាម​
​ខាង​ស្ថាប័ន​សិទ្ធិមនុស្ស ដូចជា​អង្គការ​លើកលែងទោស​អន្តរជាតិ​បានស្នើ​សុំ​ទៅ​ប្រធានាធិបតី​បារាំង​ផងដែរ ដើម្បី​ឲ្យ​លោក​អាច​ធានាថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រាប់ពាន់​លាន​ដុល្លារ​នេះ​មិន​រំលង​បញ្ហា​សិទ្ធិ​ឡើយ​។​
 
​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បាន​ឆ្លៀត​ដាស់តឿន​វៀតណាម​ឲ្យ​ពិចារណា​ដោះលែង​អ្នកទោសនយោបាយ​និង​សកម្មជន​សិទ្ធិមនុស្ស​ដែល​វៀត​ណាន​ចាប់ខ្លួន​ចំនួន​៤​រូប ក្នុងពេលដែល​លោក​ពិភាក្សា​ជាមួយ​សម​ភាគី​វៀតណាម​។​
 
​ក្នុងពេលដែល​លោក ហ្វ្រ​ង់​ស្វ័​រ​ហូ​ឡង់​ស្ថិតនៅ​វៀតណាម អង្គការ​លើកលែងទោស​អន្តរជាតិ​បានចេញ​សេចក្តីថ្លែងការណ៍​អំពាវនាវ​ឲ្យ​បារាំង​លើកឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស​។ ប្រធាន​អង្គការ​លើកលែងទោស​អន្តរា​ជាតិ Camille Blanc បាន​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​ថា​៖« បញ្ហា​សិទ្ធិមនុស្ស​មិនត្រូវ​មានការ​បំភ្លេចចោល​ដើម្បី​ធានា​ពី​កិច្ចព្រមព្រៀង​សន្តិសុខ​និង​ពាណិជ្ជកម្ម​ឡើយ​។ លោក ហូ​ឡង់ ត្រូវ​ប្រើប្រាស់​ទស្សនកិច្ច​របស់​លោក​ដើម្បី​អំពាវនាវ​ឲ្យ​អាជ្ញាធរ​វៀតណាម​ដើម្បី​ឲ្យ​ពួកគេ​បំពេញ​កាត​ព​កិច្ច​អនុលោម​តាមច្បាប់​អន្តរជាតិ​»៕ 

Tag:
 ​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់​
  Tran Dai Quang
  នា​រិ​ន្ទ្រា ម៉ូ​ឌី
© រក្សាសិទ្ធិដោយ thmeythmey.com