អន្តរជាតិ
ថៃ​និង​ម៉ាឡេស៊ី ចង់​ធ្វើ​ជញ្ជាំង​តាម​ព្រំដែន​ដើម្បី​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន​
10, Sep 2016 , 7:30 pm        
រូបភាព
​ក្រោយ​ចាក​ចេញពី​កិច្ចប្រជុំ​អាស៊ាន​នៅ​ឡាវ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ (Najib Kazak) បាន​បន្តធ្វើ​ទស្សនកិច្ច​នៅ​ថៃ​។ ពី​ទីក្រុង​បាងកក លោក ណា​ជីប និង​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ឯកភាពគ្នា​បង្កើន​ការចែករម្លែក​ព័ត៌មាន​ចារកម្ម ដើម្បី​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាពិសេស​ការរត់​ពន្ទ​មនុស្ស និង​បាន​ពិភាក្សា​លើ​លទ្ធភាព​នៃ​ការសាងសង់​ជញ្ជាំង​តាម​បណ្ដោយ​ព្រំដែន​ប្រទេស​ទាំងពីរ​ដែរ​។

 
​មេដឹកនាំ​ម៉ាឡេស៊ី និង​ថៃ នៅ​ថ្ងៃទី​៩ ខែកញ្ញា បាន​យល់ព្រម​លើ​ការចែករម្លែក​ព័ត៌មាន​សម្ងាត់​ទាក់​ទ​នង​សន្តិសុខ​ប្រទេស​ទាំងពីរ ដែល​កំពុង​ប្រឈមមុខ​ខ្លាំង​នឹង​ការគំរាមកំហែង​ពី​ក្រុម​ឧក្រិដ្ឋជន​។ ព្រំដែន​រវាង​ម៉ាឡេស៊ី និង​ថៃ គឺជា​ចំណុច​ឆ្លងកាត់​យ៉ាង​មមាញឹក​របស់​ឧក្រិដ្ឋជន​រត់ពន្ធ​មនុស្ស និង​គ្រឿងញៀន និង​ក្លាយជា​មូលដ្ឋាន​ក្រុម​ភេរវ​ករ​ជ្រុលនិយម ដែល​ប្រើ​ទីតាំង​ព្រំដែន​សម្រាប់ធ្វើ​សកម្មភាព​លើទឹក​ដី​ថៃ​។​
 
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សា​ក់ ប្រាប់​អ្នករាយការណ៍​ព័ត៌មាន​ថា សន្តិសុខ​នៅតែ​បញ្ហា​រវាង​ប្រទេស​ទាំងពីរ ហើយ​ប្រទេស​ទាំងពីរ​ព្រមព្រៀងគ្នា​ចែករម្លែក​ព័ត៌មាន​ចារកម្ម ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម​ឆ្លងដែន​។ ព័ត៌មាន​ទាំងនោះ នឹង​ជួយ​ដល់​ការកំណត់​អត្តសញ្ញាណ​ជនសង្ស័យ ជាពិសេស​អ្នក​ដែលមាន​សញ្ជាតិ​ពីរ​។ លោក​បន្តថា ម៉ាឡេស៊ី និង​ថៃ គឺ​ដូចជា​បងប្អូន​ប្រុស​ពីរ​នាក់ ដែល​ផឹកទឹក​អណ្ដូង​តែមួយ​។ 
 
​ចំណែក​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ វិញ ក៏​និយាយ​ដែរ​ថា ទាំង​ថៃ និង​ម៉ាឡេស៊ី សុទ្ធតែ​ប្រឈមមុខ​នឹង​បញ្ហា​សន្តិសុខ ដូចជា​ការប្រយុទ្ធប្រឆាំង​ភេរវកម្ម ការជួញដូរ​មនុស្ស​។ ទាក់ទិន​នឹង​បញ្ហា​នេះ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បញ្ជាក់ថា លោក និង​នាយករដ្ឋមន្ត្រី​ថៃ ក៏​ពិភាក្សាគ្នា​លើ​ការសាងសង់​ជញ្ជាំង​តាម​ព្រំដែន​ប្រទេស​ទាំងពីរ សម្រាប់​ទ​ប​ស្កាត់​សកម្មភាព​ខុសច្បាប់​ទាំងនេះ​។​
 
​កាសែត​បាងកក​ប៉ុស្តិ៍​ផ្សាយ​ថា ថៃ និង​ម៉ាឡេស៊ី មាន​ព្រំដែន​ចម្ងាយ​៦៤០​គីឡូ​ម៉ែត ដែល​ត្រូវបាន​ក្រុម​ឧក្រិដ្ឋជន ប្រើ​សម្រាប់​រត់ពន្ធ​ថ្នាំញៀន អាវុធ មនុស្ស​។ ប៉ុន្តែ​ផែនការ​កសាង​ជញ្ជាំង​ព្រំដែន​នេះ កំពុង​ស្ថិតក្រោម​ការពិចារណា​ឲ្យ​ពិស្ដារ​នៅឡើយ​។ ទីតាំង​នេះ ក៏ត្រូវ​បាន​ក្រុម​ឧទ្ទាម​ភាគខាងត្បូង​ថៃ ប្រើ​ជា​មូលដ្ឋាន​សម្រាប់​វាយប្រហារ​នៅ​ខេត្ត​ភាគខាងត្បូង ក៏ដូចជា​តំបន់​ដទៃទៀត​ផងដែរ​។​
 
​ការវាយប្រហារ​ជាច្រើនលើក​នៅ​រយៈពេល​ចុងក្រោយ​នេះ តម្រូវ​ឲ្យ​រដ្ឋាភិបាល​ថៃ និង​ម៉ាឡេស៊ី សហការគ្នា​បោសសម្អាត​ក្រុម​ឧក​ក្រិ​ដ្ឋ​ជន ដែល​កំពុង​ពង្រឹង​ខ្លួន​នៅ​តំបន់​ភាគខាងត្បូង​ថៃ ជាប់​ព្រំដែន​ជាមួយ​ម៉ាឡេស៊ី និង​សម្បូរ​ដោយ​ជន​មូស្លីម​ភាគច្រើន​។ ចលនា​ឧទ្ទាម​ជាច្រើន បានធ្វើ​សកម្មភាព​បំផ្ទុះ​គ្រាប់ ដើម្បី​ទាមទារ​ការ​បំបែក​រដ្ឋ ដ្បិត​ពួកគេ​មិន​ចង់​រស់នៅ​ក្រោម​រដ្ឋបាល​ថៃ​ឡើយ​៕  

Tag:
 ម៉ាឡេស៊ី​
 ​ថៃ​
© រក្សាសិទ្ធិដោយ thmeythmey.com