អន្តរជាតិ
លោក Duterte បន្តរិះគន់អាមេរិក តែឆ្លៀតសរសើរចិន
× បន្ទាប់ពីវាយប្រហារអាមេរិកនៅហ្វីលីពីន រួចបន្តនៅឡាវ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានបន្តវាយប្រហារខ្លាំងលើអាមេរិក និងអ្នកកាសែត ក្នុងពេលទស្សនកិច្ចផ្លូវការនៅឥណ្ឌូណេស៊ី។ លោក Duterte ក៏និយាយការពារខ្លួនលោក ពីការរិះគន់របស់សហគមន៍អន្តរជាតិ ជុំវិញការរប្រើពាក្យមិនសមរម្យ ហើយលោកថែមទាំងអរគុណចិន ដែលជួយហ្វីលីពីនទៀតផង។
ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ឥណ្ឌូណេស៊ី ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានបដិសេធប្រើពាក្យប្រមាថលើប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និងថែមទាំងនិយាយការពារខ្លួនលោកទៀត។ លោកក៏នៅតែមិនភ្លេចវាយប្រហារលើសហរដ្ឋអាមេរិក ប៉ុន្តែពេលដដែលនោះ លោកបែរជាលើកសរសើរចិនទៅវិញ។
ថ្លែងចំពោះមុខសហគមន៍ហ្វីលីពីននៅឥណ្ឌូណេស៊ី នៅថ្ងៃទី៩ ខែកញ្ញា ប្រធានាធិបតីហ្វីលីពីន និយាយថា លោកមិនដែលប្រឆាំងនឹងលោក អូបាម៉ា ឡើយ ហើយលោកក៏មិនស្គាល់លោក អូបាម៉ា ដែរ។ ដោយនិយាយសំដៅការប្រើពាក្យ «កូនស្រីខូច» ដាក់លោក អូបាម៉ា នោះ លោក Duterte បន្តថា គឺអ្នកនយោបាយហ្វីលីពីនខ្លះ និងមន្ត្រីមកពីក្រសួងការបរទេសអាមេរិក តែងតែធ្វើបាបលោកជុំវិញការសម្លាប់ឈ្មួញគ្រឿងញៀនក្រៅប្រព័ន្ធតុលាការ។
ជាមួយគ្នានោះ លោកប្រធានាធិបតី Duterte ក៏បកស្រាយចំពោះការបកប្រែពាក្យសម្ដីរបស់លោក ដោយលោកអះអាងថា ពាក្យមិនសមរម្យដែលលោកនិយាយនោះ ក៏ត្រូវជនជាតិអាមេរិក ប្រើរៀងរាល់ថ្ងៃដែរ។ លោកនិយាយដៀមដាមទៀតថា អាមេរិកពិតជាពូកែណាស់។ ពួកគេអាចបង្វែរព័ត៌មានបាន និងធ្វើឲ្យព័ត៌មានទាំងនោះ មានន័យកាន់តែអាក្រក់។
លោក Duterte បានបន្ទោសអ្នកសារព័ត៌មានដែលបានបង្វែរសាច់រឿង និងធ្វើឲ្យមានកេរឈ្មោះអាក្រក់ក្នុងចំណោមមេដឹកនាំពិភពលោក ប៉ុន្តែលោកមិនខ្វល់នឹងរឿងទាំងនោះឡើយ។ ទាក់ទិននឹងការនិយាយគ្នាមួយភ្លែតជាមួយលោក អូបាម៉ា ប្រធានាធិបតីហ្វីលីពីន បញ្ជាក់ថា លោក បានប្រាប់លោក អូបាម៉ា រួចហើយថា ៖ «លោកមិនដែលប្រើពាក្យមិនសមរម្យឡើយ ហើយលោក អូបាម៉ា អាចស្ដាប់ម្ដងទៀត។»
អ្វីកាន់តែចាប់អារម្មណ៍នោះ លោកប្រធានាធិបតីហ្វីលីពីន ក៏ឆ្លៀតពេលនោះអរគុណចិន ដែលមានសណ្ដានចិត្តចំពោះហ្វីលីពីន។ ចិន បានសន្យាជួយហ្វីលីពីន ពាក់ព័ន្ធនឹងសង្គ្រាមប្រឆាំងគ្រឿងញៀន ដោយចិនធានាជួយសាងសង់មជ្ឈមណ្ឌលស្ដារនីតិសម្បាទាឡើយវិញ។ លោក Duterte បន្តថា ឆ្នាំក្រោយអាគារទាំងនោះ នឹងសាងសង់រួចរាល់ ហើយមានតែចិនមួយទេ ដែលបានជួយហ្វីលីពីននោះ។
«យើងកំពុងរៀបចំខ្លួនសម្រាប់អាគារស្ដារនីតិសម្បទាទាំងនោះ។ ចិនកំពុងជួយយើង ហើយខ្ញុំអរគុណចិន ដែលមានចិត្តល្អដាក់ហ្វីលីពីន។» នេះជាការលើកឡើងរបស់លោក Duterte នៅចំពោះមុខជនជាតិហ្វីលីពីនរស់នៅឥណ្ឌូណេស៊ី ដែលចេញផ្សាយដោយសារព័ត៌មាន Rappler៕
Tag:
អាមេរិក
ចិន
ហ្វីលីពីន
ឥណ្ឌូណេស៊ី
Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com