ជាតិ
សង្គមជាតិ
នៅ​សៀមរាប​មាន​ពេទ្យ​កុមារ​២ ​ដែល​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​
11, Sep 2016 , 8:30 pm        
រូបភាព
​សៀមរាប​៖ ដោយសារ​ធ្លាប់​កើតមាន​ការភាន់ច្រឡំ រវាង​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ ថា​ជាម​ន្ទីរ​តែមួយ​នោះ​ហើយ ទើប​ថ្មីៗ​នេះ​ខាង​មន្ទីរពេទ្យ​កុមារ​អង្គរ បានរៀបចំ​បទ​បង្ហាញ​មួយ ដើម្បី​ស្វែងយល់​ពី​មន្ទីរ​របស់ខ្លួន​។ អ្នក​បម្រើសេវា​ដឹកជញ្ជូន​ភ្ញៀវ ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​បទ​បង្ហាញ​មួយ ស្តីពី​ប្រវត្តិ និង​សេវា​ព្យាបាល​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​។​

 
​កាលពី​ថ្ងៃទី​៩ កញ្ញា កន្លងទៅ មន្ទីរពេទ្យ​កុមារ​អង្គរ ដែលមាន​ស្លាក​សញ្ញា​សម្គាល់​រូប​បេះដូង បានរៀបចំ​នូវ​បទ​បង្ហាញ​ខ្លី​មួយ ទៅកាន់​អ្នកបើករថយន្ត​ទេសចរណ៍ អ្នករត់​តាក់ស៊ី រ៉ឺម៉ក និង​អ្នករត់ម៉ូតូឌុប​។ គោលបំណង​សំខាន់​ក្នុង​បទ​បង្ហាញ​នោះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​មន្ទីរពេទ្យ រួម​និង​សកម្មភាព សេវា​ព្យាបាល​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​។​
 


​អ្នកស្រី ស៊ិន​កេ​ត អរុណ ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ​នៃ​មន្ទី​ពេទ្យ​កុមារ​អង្គរ និង​ជា​អ្នកធ្វើ​បទ​បង្ហាញ បាន​ឲ្យ​ដឹងថា គោលបំណង​តែមួយគត់​ក្នុង​បទ​បង្ហាញ​នោះ គឺ​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ស្គាល់​ច្បាស់​ពី​មន្ទីរពេទ្យ​កុមារ​អង្គរ​។ អ្នកស្រី​បន្ថែមថា កន្លងមក​ធ្លាប់មាន​ការយល់ច្រឡំ​ពី​មន្ទីរ​កុមារ​អង្គរ​ទៅនឹង​ពេទ្យ​គន្ធបុប្ផា ដែល​ផ្តល់​សេវា​ព្យាបាល​ជំងឺ​កុមារ​ដោយ​ឥតគិតថ្លៃ​ដូចគ្នា ហើយ​ករណីនេះ ធ្លាប់​កើតមាន​លើ​អ្នកបម្រើ​សេវាកម្ម​ដឹកជញ្ជូន​តែម្តង​
 
«...​ជាពិសេស​ឲ្យ​ពួកគាត់ ស្គាល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ឲ្យ​ច្បាស់ ថា​មន្ទីរពេទ្យ​កុមារ​អង្គរ​នៅ​កន្លែង​ណា ដោយសារ​ពួកគាត់ គឺជា​អ្នក​ដឹកជញ្ជូន​ភ្ញៀវទេសចរ​មកកាន់​ខេត្តសៀមរាប​។ ដើម្បី​ឲ្យ​គាត់​ស្គាល់​មន្ទីរពេទ្យ​ច្បាស់ ចឹ​ង​នៅពេល​មាន​ភ្ញៀវ​ដែល​ចង់​មក​ទស្សនៈកិច្ច​មន្ទីរពេទ្យ​កុមារ​អង្គរ​អី ឫ​ចង់​មករក​សេវា​របស់​យើង គាត់​ស្គាល់​ច្បាស់ គាត់​នាំមក​ឲ្យ​បាន​ត្រឹមត្រូវ​...»​។ អ្នកស្រី អរុណ បាន​ឲ្យ​ដឹង​ទៀតថា មន្ទីរពេទ្យ​កុមារ​អង្គរ បាននិងកំពុង​ព្យាបាល​ជំងឺ​កុមារ​ដោយ​ឥតគិតថ្លៃ និង​មាន​គុណភាព​ខ្ពស់​។​
 
​គួររម្លឹកថា នេះ​ជា​លើក​ទី​២​ហើយ ដែល​មន្ទីរពេទ្យ​កុមារ​អង្គរ បានរៀបចំ​បទ​បង្ហាញ​ទៅដល់​អ្នកបម្រើ​សេវាកម្ម​ដឹកជញ្ជូន​ភ្ញៀវ​ក្នុង​ទីក្រុង​សៀមរាប​។ លើក​ទី​១ ដែល​រៀបចំ​ធ្វើ​កាលពី​ចុងខែ​ឧសភា​កន្លងទៅ មាន​អ្នកចូលរួម​ប្រមាណ​៣០០​នាក់​។ សម្រាប់​លើក​ទី​២​នេះ ដែល​រៀបចំ​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី​៩ កញ្ញា នេះ​មាន​អ្នកចូលរួម​ប្រមាណ​៥០​នាក់​។​
 
​យោងតាម​របាយការណ៍​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ តួលេខ​កុមារ​ដែល​ចូល​មករក​សេវា​ក្នុង​មន្ទីរពេទ្យ ជា​មធ្យម​មាន​ចំនួន​ប្រមាណ​៦០០​នាក់ ដែល​តួលេខ​នេះ​មានការ​កើនឡើង​ជាង​ឆ្នាំទៅ ដែលមាន​ចំនួន​ត្រឹម​៤០០ ទៅ​៥០០​នាក់​តែប៉ុណ្ណោះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com