ពីនេះ ពីនោះ
អាជីវកម្ម​វិស័យ​អប់រំ​ខ្វះ​គុណភាព ជា​គ្រោះថ្នាក់​ធំ​របស់​ប្រទេសជាតិ​
19, Nov 2017 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កម្ពុជា​ពង្រឹង​វិស័យ​អប់រំ​ល្អ កែប្រែ​បទដ្ឋាន​វិន័យ​ក្នុង​វិស័យ​អប់រំ​ល្អ ប៉ុន្តែ រហូតមកដល់​ពេលនេះ កម្ពុជា​នៅមាន​គ្រឹះស្ថាន​អប់រំ ថ្នាក់ឧត្ដម​សិក្សា ខ្វះ​គុណភាព​ច្រើន មិនទាន់​ធ្វើការ​វាយតម្លៃ​កម្មវិធីសិក្សា ដើម្បី​ធានា​គុណភាព​អប់រំ​នោះឡើយ​។  ក្នុងករណីនេះ ប្រើ​សិន​បើជា ការធ្វើ​អាជីវកម្ម​លើ​វិស័យ​អប់រំ​ដោយ​ខ្វះ​គុណភាព​គឺ ជា​គ្រោះថ្នាក់​ធំ​សម្រាប់​ប្រទេសជាតិ​មួយ​។​



​រចនាសម្ព័ន្ធ​គ្រប់គ្រង សម្ភារ​សិក្សា និង​សមត្ថភាព​គ្រូ បរិយាកាស​សិក្សា កម្មវិធីសិក្សា គឺជា​កត្តា​មួយចំនួន​ដើម្បី​ធានា​គុណភាព​ក្នុងនាម​ជា​គ្រឹះស្ថាន​អប់រំ ដែលមាន​ការប្រកួតប្រជែង​។ ប៉ុន្តែ​ចំណុច​ទាំងនេះ ចំពោះ​គ្រឹះស្ថាន​អប់រំ​ថ្នាក់​ឧត្ដមសិក្សា​មួយចំនួន នៅ​ពុំទាន់​បានធ្វើការ​វាយតម្លៃ​នៅឡើយ​ទេ​។

​ចាប់តាំងពី​ថ្ងៃ ចាប់ផ្ដើម​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ រហូតមកដល់​ពេលនេះ គ្រឹះស្ថាន​មួយចំនួន បាន​ចែក​ខិត្តប័ណ្ណ​អួត​សរសើរ​ពី​គ្រឹះស្ថានឧត្ដមសិក្សា ដល់​យុវ​សិស្ស និង​បង្ហាញ​ឱកាស​ដល់​សិស្សានុសិស្ស​។ ក្នុង​ខិត្តប័ណ្ណ​នីមួយៗ សុទ្ធតែ​បញ្ជាក់​ពី​ផ្ដល់​ជា​អាហារូបករណ៍​តាម​និទ្ទេស ផ្ដល់​អាហារូបករណ៍​និស្សិត​ក្រីក្រ ផ្ដល់​វគ្គ​សិក្សា​ខ្លីៗ​ដោយ​ឥតគិតថ្លៃ  ផ្ដល់ជូន​វគ្គ​សិក្សា​កុំព្យូទ័រ​ដោយ​ឥតគិតថ្លៃ គ្រឹះស្ថាន​អាចជួយ​និស្សិត​ក្នុងការ​ស្វែងរក​ការងារ​ធ្វើជា​ដើម​។

​គ្រឹះស្ថានឧត្ដមសិក្សា ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ គឺជា​រឿង​ល្អ ដើម្បី​ជួយ​សម្រួល​ស្ថានភាព​ជីវភាព​របស់​និស្សិត​។ ប៉ុន្តែ​និស្សិត​ដែល​មកពី​បណ្ដារ​ខេត្ត​តែងតែ​ទទួលរង​ផល​អវិជ្ជមាន​ពី​គ្រឹះស្ថាន​ទាំងនោះ​។ ព្រោះ​មាន​គ្រឹះស្ថានឧត្ដមសិក្សា​ខ្លះ មិនបាន​បំពេញ​តាម​អ្វីដែល​ខ្លួន​បាន​ផ្សព្វផ្សាយ​ជូន​សិស្ស ហើយ​ប្រើ​គ្រប់​វិធីសាស្ត្រ ឲ្យ​សិស្ស​និស្សិត​ចំណាយលុយ​លើ​ស្ថាប័ន​ខ្លួន​។

​គ្រឹះស្ថាន​ខ្លះ មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​មិន​ច្បាស់លាស់ កម្មវិធី​អប់រំ​គ្មាន​គុណភាព គ្រូឧទ្ទេស​នាម​ខ្វះ​សមត្ថភាព ពេលខ្លះ​ជ្រើសរើស​គ្រូ​ជា​និស្សិត​ដូចគ្នា​មក​បង្រៀន​ព្រោះ​តម្លៃ​ជួល​គ្រូ​ទាប តែ​តម្លៃ​ឯកសារ​ថ្លៃ​។ គ្រឹះស្ថាន​ខ្លះ ថា​ឲ្យ​អាហារូបករណ៍ តែ​បែរជា​និស្សិត​បង់លុយ​ពេញ​ថ្លៃ និង​ការងាររដ្ឋបាល​ក្នុង​ស្ថាប័ន ដើរ​យឺត​ក្នុង​ការផ្ដល់សេវា​ជូន​និស្សិត​។ ទីបំផុត​និស្សិត​ខ្លះ បង្ខំចិត្ត​ចាក់​ចេញពី​គ្រឹះស្ថាន​ទាំង​កណ្ដាល​ទី ហើយ​ត្រូវ​ខាតបង់​ថវិការ ពេលវេលា ជាច្រើន​តែ​មិន​ទទួលបាន​លទ្ធផល​សម្រាប់​ខ្លួន​។

​កត្តា​ទាំងនេះ គឺជា​រូបភាព​អវិជ្ជមាន​មួយ​សម្រាប់ អនាគត​យុវជន​នៅពេលដែល​ពួកគេ​សម្រេចចិត្ត​ជ្រើសរើស​សាលា​ទាំងនោះ​។ ហេតុនេះ យុវជន​ត្រូវ​ដឹងថា ស្របពេល​ក្រសួង​ធ្វើ​កំណែរ​ទម្រង់​ប្រព័ន្ធ​អប់រំ គ្រឹះស្ថាន​អប់រំ​កាន់តែ​ធំ កាន់តែ​ល្បី មានការ​រៀបចំ​កម្មវិធី​អប់រំ​ល្អ គឺ​កាន់តែ​ធានាបាន​នៅ​គុណភាព​ជូន​សិស្ស​និស្សិត​។ មិនអាច​ជ្រើស​រើសយក​សកល​វិទ្យាល័យ​រៀន​បន្ត ដោយ​គ្រាន់តែ​មើលឃើញ​ឱកាស​អាហារូបករណ៍ និង​ផលចំណេញ​តិចតួច​ឡើយ​។​


Tag:
 អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com