អន្តរជាតិ
លោក Duterte៖ ខ្ញុំជាប្រធានាធិបតី បើចង់រិះគន់ ត្រូវប្រយ័ត្ន លោក Ridrigo Duterte ប្រធានាធិបតីហ្វីលីពីន។ រូបថត Xinhua
× ដើម្បីចៀសវាងត្រូវលោក Duterte និយាយពាក្យមិនសមរម្យដាក់ ឬក៏ត្រូវលោករិះគន់វិញ អ្នករិះគន់ទាំងអស់ មិនត្រូវនិយាយពីលោកជាសាធារណៈឡើយ ហើយពួកគេទាំងនោះ អាចលើកយករឿងនេះទៅនិយាយនៅអង្គការសហប្រជាជាតិបាន។ នេះជាពាក្យសម្ដីផ្ដែផ្ដាំរបស់ប្រធានាធិបតីហ្វីលីពីន ដែលតែងតែនិយាយរិះគន់មិនសំចៃមាត់លើអ្នកណាដែលចង់បង្រៀនលោកនោះ។
ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានផ្ញើសារព្រមានមួយទៅក្រុមអ្នករិះគន់លោក ជុំវិញយុទ្ធនាការបង្ក្រាបគ្រឿងញៀន ដែលសម្លាប់មនុស្សអស់ជាងបីពាន់នាក់មកហើយនោះ។ លោក Duterte បានប្រាប់ឲ្យអ្នករិះគន់ ត្រូវប្រយ័ត្ន ពេលនិយាយរិះគន់លោក ព្រោះលោកលែងជាចៅហ្វាយក្រុងទៀតហើយ និងត្រូវចៀសវាងរិះគន់លោកជាសាធារណៈ បើមិនចង់ត្រូវលោកជេរវិញទេនោះ។
ថ្លែងទៅកាន់កងទ័ពអាកាសហ្វីលីពីន នៅថ្ងៃទី១៣ ខែកញ្ញា ប្រធានាធិបតីហ្វីលីពីន Duterte និយាយថា ប្រសិនចង់វាយប្រហារលោក ឬក៏រិះគន់លោកនោះ គឺមិនត្រូវធ្វើជាសាធារណៈ ដូចប្រធានាធិបតីខ្លះ និងមន្ត្រីអង្គការសហប្រជាជាតិខ្លះឡើយ។ នេះ គឺលោកចង់សំដៅលើប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ដែលរិះគន់លោកខ្លាំងៗនោះ។
ប្រធានាធិបតីហ្វីលីពីនបន្តថា នៅពេលដែលគេរិះគន់លោក លោកមិនសប្បាយចិត្តឡើយ។ ហើយប្រតិកម្មរបស់លោក តែងត្រូវបានអ្នកសារព័ត៌មានចាប់អារម្មណ៍រហូត ជាជាងបញ្ហាពីដើម។ យ៉ាងណាក្ដី លោក Duterte ក៏ប្រាប់អ្នករិះគន់លោក ឲ្យប្រើវេទិកាអង្គការសហប្រជាជាតិ ដើម្បីរិះគន់លោក ព្រោះវាជាផ្លូវសមស្របមួយ។ លោកអះអាងថា នៅពេលមានការរិះគន់នៅអង្គការសហប្រជាជាតិ លោកនឹងឆ្លើយដោយផ្ទាល់ ឬក៏ឲ្យតំណាងជាអ្នកបកស្រាយជំនួស។
សារព័ត៌មាន Rappler ផ្សាយដែរ ប្រធានាធិបតីដែលគេឲ្យឈ្មោះថាបុរសខ្លាំង ក៏ព្រមានអ្នករិះគន់ទាំងឡាយឲ្យប្រុងប្រយ័ត្នដែរ ព្រោះលោកមិនមែនជាអភិបាលក្រុង Davao ទៀតឡើយ តែជាប្រធានាធិបតីហ្វីលីពីន។ ហើយលោកក៏មិនចូលចិត្តការទូន្មានពីអ្នកតូចតាចដែរ ដ្បិតលោកនឹងជេរប្រទេចវិញមិនខានទេ។
រយៈពេលជិតបីខែក្រោយស្បថចូលកាន់តំណែង ប្រធានាធិបតីហ្វីលីពីន Duterte រងការរិះគន់ខ្លាំងជុំវិញការសម្លាប់មនុស្សយ៉ាងច្រើន។ អ្នករិះគន់លោក Duterte មានទាំងឥស្សរជនក្រៅស្រុក ដូចជាប្រធានាធិបតី បារ៉ាក់ អូបាម៉ា មន្ត្រីអង្គការសហប្រជាជាតិជាដើម ឯអ្នកក្នុងស្រុកវិញមាន សមាជិកព្រឹទ្ធសភា ប្រធានតុលាការកំពូល ព្រមទាំងមេដឹកនាំសាសនាផងដែរ។ ប៉ុន្តែលោក Duterte មិនសូវឈឺក្បាលវិលមុខនឹងពាក្យរិះគន់នោះប៉ុន្មានឡើយ តែលោករឹតតែបង្កើនយុទ្ធនាការបោសសម្អាតគ្រឿងញៀនរបស់លោកដដែល៕
Tag:
ហ្វីលីពីន
Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com