អន្តរជាតិ
ចិន ប្រាប់​ជប៉ុន​ថា ខ្លួន​ប្រឆាំង​ទណ្ឌកម្ម​ឯកតោភាគី​របស់​អាមេរិក​លើ​កូរ៉េខាងជើង​
15, Sep 2016 , 4:10 pm        
រូបភាព
​បន្ទាប់ពី​លេច​លឺដំណឹង​ពី​ការ​គំរាម​ដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី​លើ​កូរ៉េខាងជើង ពី​សំណាក់​អាមេរិក ចិន​ដែលជា​សម្ព័ន្ធមិត្ត​កូរ៉េខាងជើង​នោះ បាន​ចេញមុខ​ប្រឆាំងនឹង​ការ​គំរាម ដែល​មិនមាន​ប្រយោជន៍​នេះ​។ ជំនួស​មកវិញ ក្រុង​ប៉េកាំង​ទទូច​ឲ្យ​ភាគី​ទាំងអស់​ចូល​តុ​ចរចា​រក​ច្រកចេញ​តាម​ក្រុមប្រឹក្សាសន្តិសុខ ដើម្បី​រក​វិធានការ​ចាំបាច់​ឆ្លើយ​នឹង​ការសាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៥​របស់​ក្រុង​ព្យុងយ៉ាង​។​



សូមស្ដាប់ព័ត៌មានលម្អិត៖



រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី (Wang Yi) បាន​ប្រាប់​សម​ភាគី​ជប៉ុន​លោក ហ្វូ​មី​អូ គី​ស៊ី​ដា (Fumio Kishida) ថា ចិន​ជំទាស់​ការដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី​របស់​អាមេរិក លើ​កូរ៉េខាងជើង បន្ទាប់ពី​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​សាកល្បង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​លើក​ទី​៥​រួចមក​។ ចិន ដែល​ត្រូវ​ចាត់ទុកជា​បងធំ​របស់​កូរ៉េខាងជើង​នោះ នឹង​រក​ផ្លូវ​ដោះស្រាយ​តាម​យន្តការ​អង្គការសហប្រជាជាតិ​វិញ សម្រាប់​សកម្មភាព​ព្រហើន​របស់​កូរ៉េខាងជើង​។​

​នៅក្រោយ​ការសាកល្បង​នុយក្លេអ៊ែរ​របស់​កូ​រ៉​ខាងជើង​នៅ​ថ្ងៃទី​៩ ខែកញ្ញា ចិន បានបង្ហាញ​ជំហរ​ប្រឆាំងនឹង​សកម្មភាព​ផ្គើន​នេះ​។ ប៉ុន្តែ​ចិន ក៏​មិនបាន​បញ្ជាក់​ទេ​ថា ខ្លួន​នឹងចូលរួម​ដាក់ទណ្ឌកម្ម​ខ្លាំង​លើ​កូរ៉េខាងជើង​ឬ​អត់​ដែរ បើទោះជា​មហាអំណាច​មួយ​នេះ ធ្លាប់​ដាក់ទណ្ឌកម្ម​លើ​ក្រុង​ព្យុងយ៉ាង បន្ទាប់ពី​ការសាកល្បង​នុយក្លេអ៊ែរ​លើក​ទី​បួន កាលពី​ខែមករា​។​

​បើតាម​ការប្រកាស​រប​ស់​ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃទី​១៤ ខែកញ្ញា រដ្ឋមន្ត្រីការបរទេស​ចិន ប្រាប់​សម​ភាគី​ជប៉ុន​ថា ចិន​ប្រឆាំង​ការធ្វើ​តេស្ត​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ហើយ​ខ្លួន​នឹងធ្វើ​ការ​ជាមួយ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ដទៃទៀត ដើម្បី​សម្រួល​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​។ ហើយ​ចិន ក៏​ជំទាស់​នឹង​ការដាក់ទណ្ឌកម្ម​ក្រៅ​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​ដែរ ព្រោះ​មិនអាច​ជួយ​អ្វី​បានទេ​។​

​ការលើកឡើង​របស់​ប្រមុខ​ការទូត​ចិន ធ្វើ​ឡើយ​បន្ទាប់ពី​មន្ត្រី​អាមេរិក បាន​ព្រមាន​ពី​ការដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង ដែល​តែងតែ​រំលោភបំពាន​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​។ នៅ​ថ្ងៃទី​១១ ខែកញ្ញា តំណាង​ពិសេស​អាមេរិក​សម្រាប​ការងារ​កូរ៉េខាងជើង លោក Sung Kim បាន​ប្រាប់​មន្ត្រី​ជប៉ុន​ថា អាមេរិក ទំនងជា​ដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី​ប្រឆាំង​កូរ៉េខាងជើង​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters សម្រាប់​ប្រមុខ​ការទូត​ជប៉ុន ក៏បាន​បញ្ជាក់ប្រាប់​ចិន​វិញ​ដែរ​ថា ខ្លួន​ក៏​ប្រឆាំងនឹង​ការសាកល្បង​នុយក្លេអ៊ែរ ហើយ​ការសាកល្បង​នេះ​ទៀតសោត ជា​រឿង​មិនអាច​លើកលែង​បានឡើយ និង​ថែមទាំង​គំរាម​សន្តិសុខ​ចិន​ទៀតផង​។ រដ្ឋមន្ត្រីការបរទេស​ជប៉ុន ក៏​ប្រាប់​ឲ្យ​ចិន ដើរ​តូ​នាទី​ដែលមាន​ប្រយោជន៍ ក្នុងនាម​ជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​។​

​កន្លងមក ចិន គឺជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​របស់​កូរ៉េខាងជើង ជាពិសេស​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ ហើយក៏​ជា​ដង្ហើម​ការទូត ដែល​តែង​ជួយ​ខ្លួន​លើ​ឆាក​អន្តរជាតិ​ដែរ​។ ប៉ុន្តែ ការសាកល្បង​នុយក្លេអ៊ែរ​ម្ដង​ហើយ​ម្ដងទៀត ព្រមទាំង​ការបាញ់​មី​ស៊ី​ល​ជា​បន្តបន្ទាប់​នោះ ធ្វើ​ឲ្យ​ចិន​ខឹង​យ៉ាងខ្លាំង ហើយ​ថែមទាំង​ចូលរួម​ជាមួយ​អន្តរជាតិ ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ទៀតផង​៕   


Tag:
 ចិន​
 ​ ជប៉ុន​
 ​ កូរ៉េខាងជើង​
  ​អាមេរិក​
 ​ នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com