អន្តរជាតិ
ក្រុង​ប៉េកាំង​គំរាម​កោះ​តៃវ៉ាន់​កុំ​ឲ្យ​ស្វាគមន៍​សម្តេច​សង្ឃ ដា​ឡៃ ឡា​ម៉ា​
15, Sep 2016 , 8:19 pm        
រូបភាព
​រដ្ឋអំណាច​ចិន បាន​ព្រមាន​រដ្ឋាភិបាល​ថ្មី​របស់​តៃវ៉ាន់​ដែល​ចង់​ទទួល​ស្វាគមន៍​មេដឹកនាំ​សាសនា​សម្តេច​សង្ឃ​ទី​បេ ដា​ឡៃ ឡា​ម៉ា នៅ​ថ្ងៃ​ពុធ​ទី ១៤ កញ្ញា​ម្សិលមិញ​នេះ​។ កន្លងមក​ចិន​តែ​គំរាម​តៃវ៉ាន់ ហើយ​រដ្ឋាភិបាល​តៃវ៉ាន់​កាល​ស្ថិត ក្រោម​ការដឹកនាំ​របស់​លោក Ma Ying-jeou ក៏បាន​បដិសេធ​ការស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​សាសនា​ទី​បេ  នេះ​ជា​ច្រើនដង​ដែរ​។



​ថ្ងៃ​ពុធ ទី ១៤ កញ្ញា ក្រុង​ប៉េកាំង​បាន​ព្រមាន​រដ្ឋាភិបាល​តៃវ៉ាន់​កុំ​ឲ្យ​ទទួល​ស្វាគមន៍​សម្តេច​សង្ឃ​ទី​បេ ដា​ឡៃ ឡា​ម៉ា ទៅ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​។ ការព្រមាន​នេះ​ធ្វើឡើង​ក្រោយ សមាជិកសភា​តៃវ៉ាន់ បាន​អញ្ជើញ​មេដឹកនាំ​សាសនា​ទី​បេ ដែល​កំពុង​និរទេស​ខ្លួន​នៅ​បរទេស​ឲ្យ​ទៅ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters កាលពី​សប្តាហ៍​មុន សមាជិកសភា​តៃវ៉ាន់ និង​ជា​អ្នកនយោបាយ​ដែល​តែង​រិះគន់​ចិន​ឥត​សំចៃមាត់ Freddy Lim បាន​សូម​អញ្ជើញសម្តេច​សង្ឃ​មក​ទស្សនកិច្ច​នៅ​តៃវ៉ាន់ នៅពេល​អ្នក​ទាំងពីរ​ជួបគ្នា​នៅ​ប្រទេស​ឥណ្ឌា​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ អ្នកនាំពាក្យ​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​ស្ថិតក្រោម​រដ្ឋាភិបាល​ចិន​លោក Ma Xiaoguang បាន​ហៅ​សម្តេច ដា​ឡៃ ឡា​ម៉ា ថា​ជា​បុគ្គល​ដែល​គ្រង​ស្បង់​ចីពរ​តែ​ធ្វើ​សកម្មភាព​ខុសច្បាប់​ដើម្បី​ទាមទារ​ផ្តាច់​ទឹកដី​តំបន់​ទី​បេ​។

​អ្នកនាំពាក្យ​ក្រុង​ប៉េកាំង​ម្នាក់នេះ ក៏បាន​បន្ថែម​ផងដែរ​ថា ចេតនា​របស់​អ្នកនយោបាយ​តៃវ៉ាន់​ខ្លះ​ដែល​អញ្ជើញ​មេដឹកនាំ​ចលនា​ផ្តាច់ខ្លួន ដា​ឡៃ ឡា​ម៉ា នឹងធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ទំនាក់ទំនង​រវាង​ចិន​និង​តៃវ៉ាន់​។ ហើយ​ចិន​ប្រឆាំង​ដាច់ខាត​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​សង្ឃ ដា​ឡៃ ឡា​ម៉ា ទោះជា​ក្នុង​រូបភាព​បែបណាក៏ដោយ​។

​តាមពិតទៅ រដ្ឋាភិបាល​មុន​របស់​តៃវ៉ាន់ ស្ថិតក្រោម​ការដឹកនាំរ​ប​ស់លោក Ma Ying-jeou ដែលមាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​ចិន បាន​បដិសេធ​ការស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​សាសនា​ដែល​និរទេស​ខ្លួន​នេះ​ជា​ច្រើនដង​។ តែ​ក្នុង​ឆ្នាំ ២០០៩ តៃវ៉ាន់​អនុញ្ញាត​ឲ្យ​សម្តេច​សង្ឃ ដា​ឡៃ ឡា​ម៉ា ទស្សនកិច្ច​នៅ​តៃវ៉ាន់ តែ​លោក Ma Ying-jeou មិន​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​សាសនា​អង្គ​នេះឡើយ​។​

​មកទល់ពេលនេះ ប្រមុខរដ្ឋ​តៃវ៉ាន់​លោកស្រី Tsai Ing-wen ដែល​ទើប​ឡើងកាន់តំណែង​កាលពី​ខែមករា​នោះ មិនទាន់បាន​បកស្រាយ​នៅឡើយ​ទេ​ថា តើ​រដ្ឋាភិបាល​លោកស្រី​នឹង​អនុញ្ញាត​ឲ្យ​សម្តេច​សង្ឃ​ដា​ឡៃ ឡា​ម៉ា ទៅ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​ឬ​អត់​។ ពេល​លោកស្រី​ជាប់ឆ្នោត សម្តេច​សង្ឃ​អង្គ​នេះ​ក៏បាន​ផ្ញើ​សារ​ជូនពរ​និង​អបអរសាទរ​លោកស្រី​ពេល​ជាប់ឆ្នោត​ដែរ​។​

 ពាក់ព័ន្ធ​បញ្ហា​ទស្សនកិច្ច​នេះ រដ្ឋមន្ត្រីការបរទេស​តៃវ៉ាន់ David Lee បាន​បញ្ជាក់ថា បើសិនជា​សម្តេច​សង្ឃ ដា​ឡៃ ឡា​ម៉ា សម្រេច​ថា​មក​ទស្សនកិច្ច​នៅ​តៃវ៉ាន់​មែន ក្រសួងការបរទេស​នឹង​ត្រួតពិនិត្យ​បញ្ហា​នេះ​ដោយ​ប្រុងប្រយ័ត្ន​បំផុត​។​

​ទោះជា​យ៉ាងណាក៏ដោយ ចិន​តែងតែមាន​មន្ទិលសង្ស័យ​លើ គោលនយោបាយ​របស់​ប្រធានាធិបតី​ថ្មី និង​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​លោកស្រី Tsai Ing-wen​។ នេះ​ក៏​ព្រោះថា លោកស្រី​តែងតែមាន​មហិច្ឆតា​ប្រកាស​ឯករាជ្យ​កោះ​តៃវ៉ាន់ ទោះ​មានការ​គំរាម​ពី​សំណាក់​រដ្ឋាភិបាល​ចិន​ក្តី​។ ជាធម្មតា ចិន​នៅ​បន្ត​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​កោះ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន ទោះបី​តៃវ៉ាន់​ចាត់ទុក​ខ្លួនឯង​ជា​រដ្ឋ​ឯករាជ្យ​ក៏ដោយ​។​

​សូមបញ្ជាក់​ផងដែរ​ថា តាំងពី​យូរ​មកហើយ រដ្ឋាភិបាល​ចិន ចាត់ទុក​សម្តេច​សង្ឃ ដា​ឡៃ ឡា​ម៉ា ជា​មេដឹកនាំ​ចលនា​ផ្តាច់ខ្លួន​នៅ​តំបន់​ទី​បេ​។ សម្តេច ដា​ឡៃ ឡា​ម៉ា បាន​និរទេស​ខ្លួន​ទៅកាន់​ប្រទេស​ឥណ្ឌា​នៅ​ឆ្នាំ ១៩៥៩ ក្រោយ​លោក​ក្រោកឈរ​ប្រឆាំង​របប​ដឹកនាំ​កុម្មុយនីស្ត​ក្រុង​ប៉េកាំង​។ លោក​ក៏បាន​ឈ្នះ​ពានរង្វាន់​ណូបែល​សន្តិភាព​ក្នុង​ឆ្នាំ ១៩៨៩ ដែរ​៕  


Tag:
 ដា​ឡៃ ឡា​ម៉ា​
  Ma Ying-jeou
  Tsai Ing-wen
© រក្សាសិទ្ធិដោយ thmeythmey.com