អន្តរជាតិ
ជំនួប​លោកស្រី​ស៊ូ​ជី ជាមួយ​លោក​អូ​បា​ម៉ា​នៅ​វ៉ាស៊ីនតោន នាំ​លាភ​ដល់​មី​យ៉ាន់​ម៉ា​
15, Sep 2016 , 4:51 pm        
រូបភាព
ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ជួបប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា នៅសេតវិមាន (ប្រភពរូបភាព៖ Reuters)
ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ជួបប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា នៅសេតវិមាន (ប្រភពរូបភាព៖ Reuters)
ដោយ:
​ក្រៅពី​ការកែប្រែ​ប្រវត្តិសាស្ត្រ​នយោបាយ​សម្រាប់​ខ្លួន ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​នាំមក​នូវ​លាភសក្ការៈ និង​ផលប្រយោជន៍​ជាច្រើន​តាមរយៈ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ក្រុង​វ៉ាស៊ីនតោន​ស្របតាម​ការអញ្ជើញ​រប​ស់លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា​។ ហើយ​នោះ​គឺ មាន​កិច្ចព្រមព្រៀង​ជាច្រើន​រួមបញ្ចូល​ទាំង​ពាណិជ្ជកម្ម និង​បញ្ហា​ទណ្ឌកម្ម សុទ្ធសឹងតែ​បានលើកឡើង​ក្នុងជំនួប​កំពូល​លើកដំបូង​ផ្លូវការ​រវាង​មេដឹកនាំ​ទាំងពីរ​។


 
​លោកស្រី អ៊ុង​សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា​ផងដែរ​នោះ នៅ​ថ្ងៃទី​១៤ ខែកញ្ញា ម្សិលមិញ​នេះ បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយនឹង​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​ប្រធានាធិបតី​អាមេរិក ជា​លើកដំបូង​ក្នុងនាម​ជា​ប្រមុខ​ដឹកនាំ​កំពូល​នៅក្នុង​ការិយាល័យ​ពងក្រពើ​នៃ​សេត​វិមាន​អាមេរិក​។ ភាគី​ទាំងពីរ បានអនុម័ត​លើ​សេចក្តីថ្លែងការណ៍​រួមមួយ​ជាមួយគ្នា ដោយ​បញ្ជាក់​ពី ទំនាក់ទំនង​ទ្វេភាគី​នៅក្នុង​សករាជ​ថ្មី ដែលមាន​ឈ្មោះថា «​ភាពជា​ដៃគូ​អាមេរិក​-​មី​យ៉ាន់​ម៉ា​»​។

​យោងតាម​សេចក្តីថ្លែងការណ៍​រួម​របស់លោក អូ​បា​ម៉ា និង​លោកស្រី ស៊ូ​ជី ដែល​បាន​ចុះផ្សាយ​ក្រោយ​ជំនួប​នោះ «​ភាពជា​ដៃគូ​អាមេរិក​-​មី​យ៉ាន់​ម៉ា​» នឹងត្រូវ​ស្ថិតក្រោម​ការដឹកនាំ​ដោយ​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ​។ កិច្ចការ​សហប្រតិបត្តិ​ការ​នេះ នឹង​បើកផ្លូវ​ឲ្យ​ប្រទេស​ទាំងពីរ​អាចធ្វើ​ការ​ជាមួយគ្នា​កាន់តែ​ទូលំទូលាយ និង​ស៊ីជម្រៅ​លើ​វិស័យ​កាន់តែច្រើន រាប់បញ្ចូល​ទាំង​ផ្នែក​សុខភាព អប់រំ ពាណិជ្ជកម្ម និង​ការ​ទ្រទ្រង់​អាជីវកម្ម​ខ្នាតតូច និង​កំពុង​លូតលាស់​របស់​មី​យ៉ាន់​ម៉ា​។

​ចំណុច​គួរកត់សម្គាល់​ក្នុង​សេចក្តីថ្លែងការណ៍​រួម​នោះ គឺ អាមេរិក សន្យា នឹង​លុបចោល​«​សេចក្តី​បង្គាប់​ដែលជា​ក្របខណ្ឌ​ពាក់ព័ន្ធ​នឹង​ទណ្ឌកម្ម​លើ​មី​យ៉ាន់​ម៉ា​»​។ និយាយ​ឲ្យ​ខ្លី គឺ​អាម​រិ​ក នឹង​លុបចោល​ទណ្ឌកម្ម​ប្រឆាំងនឹង​មី​យ៉ាន់​ម៉ា ដែល​បានដាក់​តាំងពី​យោធា​ដឹកនាំ​មី​យ៉ាន់​ម៉ា​អស់​រយៈពេល​ជាច្រើន​ទសវត្ស​រ៍ហើយ​នោះ​។ តែ​ការលុបចោល​នេះ មិន​ត្រូវបាន​បញ្ជាក់ថា​ពេលណា​ពិតប្រាកដ​នោះទេ ដោយ​លោក អូ​បា​ម៉ា គ្រាន់តែ​ប្រាប់​លោកស្រី ស៊ូ​ជី ថា នាពេលខាងមុខ​ដ៏​ខ្លី​។

​បន្ថែម​ពី​ការលុបចោល​នេះ សហរដ្ឋអាមេរិក ក៏​គ្រោង​នឹង​ចុះហត្ថលេខា​ផ្តល់​កម្ចី​ជាមួយនឹង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ក្នុងស្រុក​ចំនួន​ប្រាំ​ក្នុង​ចំនួន​ទឹកប្រាក់​ជាង​១០​លាន​ដុល្លារ​ដើម្បី​ទ្រទ្រង់​អាជីវកម្ម​ខ្នាតតូច​នៅ​មី​យ៉ាន់​ម៉ា​ផងដែរ​។ ភាគី​ទាំងពីរ ការសន្យា​ពង្រឹង​លើ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ការអនុវត្ត​ច្បាប់​ដែលជា​ប់​ពាក់ព័ន្ធ​ទៅនឹង​លំហូរ​វិនិយោគ​ទ្វេភាគី និង​ការវិនិយោគ​បរទេស ដែល​រួមបញ្ចូល​ទាំង​សន្ធិសញ្ញា​វិនិយោគ​ទ្វេភាគី​ផងដែរ​។​

​សូម​ជម្រាប​ផងដែរ​ថា ការណ៍​ដែល​អាចធ្វើ​អាមេរិក និង​មី​យ៉ាន់​ម៉ា អាចបង្កើត​ភាពជិតស្និទ្ធ និង​ឈាន​មកដល់​ការគ្រោង​លុប​ទណ្ឌ​កម្មនេះ ក៏​ព្រោះតែ​ដំណើរ​ទៅមុខ​នៃ​លទ្ធិប្រជាធិបតេយ្យ​ដែល​ចេញពី​ការបោះឆ្នោត​ចុងឆ្នាំ​២០១៥​នោះឯង​។ ហើយ​នោះ គឺ​ក្រោយពី​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី បានទទួល​ការគាំទ្រ​ច្រើន​លើសលប់​ពី​ប្រជាពលរដ្ឋ ហើយ ក្រុម​យោធា ព្រម​ទទួលស្គាល់​លទ្ធផល ដែល​អាច​ឲ្យ​មី​យ៉ាន់​ម៉ា​អាចមាន​មេដឹកនាំ​ស៊ីវិល​ប្រជាធិបតេយ្យ​បាន​មកដល់​បច្ចុប្បន្ន​។

​ហើយ​ចំណុច​ផ្តើម​នៃ​ការ​ខិត​ជិតគ្នា​កាន់តែខ្លាំង​នោះ គឺ​ចាប់ពី​ខែឧសភា​កន្លងមក ពោលគឺ​នៅពេល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​លុបចោល​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​មួយចំនួន​ដែល​ក្រុង​វ៉ាស៊ីនតោន​បានដាក់​ក្នុងពេល​មី​យ៉ាន់​ម៉ា​ដឹកនាំ​ដោយ​របប​យោធា​។ ពេលនោះ មន្ត្រី​អាមេរិក​អះអាងថា ការសម្រេចចិត្ត​របស់​ខ្លួន គឺមាន​ការផ្ដល់​យោបល់​ពី​លោកស្រី ស៊ូ​ជី ដ្បិត​រដ្ឋាភិបាល​ស៊ីវិល​មី​យ៉ាន់​ម៉ា ចង់​រក្សា​ឥទ្ធិពល​ប្រឆាំង​ក្រុម​យោធា និង​ក្រុមហ៊ុន​ពួកគេ​គាំទ្រ ដែល​រកស៊ី​មុខ​ជំនួញ​ធំៗ​របស់​ប្រទេស​៕


Tag:
 មី​យ៉ាន់​ម៉ា​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com