អន្តរជាតិ
លោក ដូ​ណា​ល់​ត្រាំ «​លើស​ទម្ងន់​» ហើយ​លោកស្រី ហ៊ី​ឡា​រី ជា​ពី​ជំងឺ​«​រលាក​សួត​»
15, Sep 2016 , 8:59 pm        
រូបភាព
​គ្រូពេទ្យ​ផ្ទាល់ខ្លួន​របស់លោក​ស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បាន​បញ្ចេញ​ព័ត៌មាន​សុខភាព​លម្អិត​មួយ​ដែល​បញ្ជាក់ថា​លោកស្រី មាន​សុខ​ភាពល្អ ព្រោះ​ជាសះស្បើយ​ពី​ជំងឺ​រលាក​សួត ។  ការបញ្ចេញ​របាយការណ៍​លម្អិត​ស្តីពី​សុខភាព​នេះ កើតឡើង​ក្រោយ​ពេលដែល​គូប្រជែង​លោកស្រី លោក ដូ​ណា​ល់ ត្រាំ បង្ហាញ​ព័ត៌មាន​សុខភាព​របស់​ខ្លូន​ចុងឆ្នាំ​២០១៥ និង របា​ការណ៍​ត្រួតពិនិត្យ​សុខភាព​ថ្មី​បំផុត​ជា​សាធារណៈ​ដើម្បី​ជម្រះ​មន្ទិលសង្ស័យ​។  ប៉ុន្តែ​គេ​រកឃើញថា លោក ដូ​ណា​ល់ ត្រាំ លើស​ទម្ងន់​បន្តិច ដែល​វា​អាច​បង្កបញ្ហា​ដល់​សុខភាព​របស់លោក​ដែរ​។​



​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖




​ស្ថានភាព​សុខភាព​បេក្ខជន​ប្រធានាធិបតី​អាមេរិក​បានក្លាយ​ជា​បញ្ហា​ចម្រូងចម្រាស​និង​រសើប​បំផុត​មួយ​ក្នុងការ​ឃោសនាបោះឆ្នោត ក្រោយពេល​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន រងគ្រោះ​ដោយសារ​ជំងឺ «​រលាក​សួត​»​ធ្ងន់ធ្ងរ ។  លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន និង​លោក ដូ​ណា​ល់ ត្រាំ សុទ្ធតែ​រង​សម្ពាធ​ពី​សាធារណជន  ហើយ​គេ​តម្រូវ​ឲ្យ​អ្នក​ទាំងពីរ​ប្រញាប់​បង្ហាញ​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​ការត្រួតពិនិត្យ​សុខភាព​របស់ខ្លួន​ឲ្យ​សាធារណជន​បានដឹង​ផង​។​

​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ លោក ដូ​ណា​ល់ ត្រាំ មិន​បង្អែរ​បង្អង់​យូរ​ឡើយ ដោយ​លោក​បញ្ចេញ​ព័ត៌មាន​សុខភាព​ខ្លួនឯង ដែល​រៀបចំ​ដោយ​វេជ្ជបណ្ឌិត Harold Bornstein តាំងពី​ខែ ធ្នូ​ឆ្នាំ ២០១៥​។ ហើយ​រហូតដល់​ថ្ងៃ​ពុធ​ទី ១៤ កញ្ញា​ម្សិលមិញ លោក​ក៏​សម្រេច​បញ្ចេញ​ព័ត៌មាន​សុខភាព​ថ្មី​មួយទៀត ឲ្យ​គ្រប់គ្នា​បាន​ឃើញថា លោក​ពិត​ជាមាន​សុខភាព​ល្អ ទោះ​មាន​វ័យ ៧០ ក៏ដោយ​។​

​ចំណែក​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅផ្ទះ​មិន​ចេញ​ឃោសនា​នយោបាយ​នោះ ក៏បាន​បញ្ចេញ​ព័ត៌មាន​សុខភាព​ដែរ ដើម្បី​បញ្ជាក់ថា លោកស្រី​មិន​ឈឺ​ធ្ងន់​ទេ​។ ចាប់ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍ ដល់​ថ្ងៃ​ពុធ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បាន​សម្រាក​នៅផ្ទះ​បី​ថ្ងៃ​ជាប់ៗ​គ្នា ដើម្បី​ទទួល​ការព្យាបាល​ពី​គ្រូពេទ្យ​និង​ថែទាំ​សុខភាព​។ សូម្បីតែ​ការឃោសនា​នយោបាយ​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា ដែល​ត្រូវ​រៀបចំ​នៅ​ថ្ងៃ​ចន្ទ​ទី ១២ កញ្ញា ក៏ត្រូវ​លោកស្រី​លុបចោល​វិញ​ដែរ​។ ប៉ុន្តែ​ការបង្ហាញ​ឲ្យ​សាធារណជន​ឃើញ​ពី​ព័ត៌មាន​សុខភាព​លម្អិត​នេះ បញ្ជាក់ថា សុខភាព​លោកស្រី​ត្រឡប់មក​ភាពប្រក្រតី​វិញ​ហើយ​។​

១. លោកស្រី គ្លី​ន​តុ​ន មាន​សុខភាព​ប្រសើរ​វិញ និង​អាច​កាន់តំណែង​ប្រធានាធិបតី​បាន​
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP របាយការណ៍​ព័ត៌មាន​សុខភាព​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ត្រូវបាន​គេ​បញ្ចេញ​ជា​សាធារណៈ​នៅ​ថ្ងៃ​ពុធ​ទី ១៤ កញ្ញា ហើយ​របាយការណ៍​នេះ​បញ្ជាក់​ច្បាស់​ថា «​លោកស្រី គ្លី​ន​តុ​ន ជា​សះ​ពី​ជំងឺ និង​មាន​សុខភាព​ល្អ​អាច​កាន់តំណែង​ប្រធានាធិបតី​អាមេរិក​បាន​»​។​

​យោងតាម​ព័ត៌មាន​សុខភាព​លោកស្រី គ្លី​ន​តុ​ន ដែលមាន​កម្រាស់​ពីរ​ទំព័រ​និង​ត្រូវបាន​រៀបចំឡើង​ដោយ​វេជ្ជបណ្ឌិត Lisa Bardack លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ជាសះស្បើយ​ពី​ជំងឺ​រលាក​សួត ក្រោយ​ទទួលបាន​ការព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក និង​សម្រាក​តាម​វេជ្ជបញ្ជា​ប៉ុន្មាន​ថ្ងៃនេះ​។​

​លោកស្រី វេជ្ជបណ្ឌិត​បាន​សង្កត់​ធ្ងន់​ថា បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​នេះ​នឹង​បន្ត​មាន​សុខភាព​ល្អ គ្រប់គ្រាន់​ដើម្បី​បម្រើ​ការងារ​ជា​ប្រធានាធិបតី​អាមេរិក នៅពេល​លោកស្រី​ជាប់ឆ្នោត​នៅពេល​ខាងមុខ​។​

​សូមបញ្ជាក់​បន្តិច​ដែរ កាលពី​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​មុន លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បាន​ចាក​ចេញពី​កន្លែង​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​អ្នកស្លាប់​ក្នុងការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ ១១​កញ្ញា លឿន​ខុស​ប្រក្រតី​។ គេ​ដឹងថា លោកស្រី​មាន​បញ្ហា​សុខភាព ព្រោះ វីដេអូ​ខ្លី​មួយ បង្ហាញថា លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ទប់​ជំហរ​ខ្លួន​មិនជា​ប់​និង​ជិត​សន្លប់​ផង​ពេល​កំពុង​ដើរចូល​ក្នុង​រថយន្ត​។ លោកស្រី​ត្រូវគេ​គ្រា​ឡើង​រថយន្ត ដើម្បី​កុំ​ឲ្យ​ដួល ដោយមាន​ក្រុម Secret Service ឈរជុំវិញ​ផង​ដើម្បី​ការពារ​សុវត្ថិភាព​។ ក្រោយមក​ទើប​គេ​ដឹងថា លោកស្រី មាន​ជំងឺ​រលាក​សួត​។​

២. លោក ដូ​ណា​ល់ ត្រាំ លើស​ទម្ងន់​បន្តិច​
​ដូច​បានបញ្ជាក់​ខាងដើម​ស្រាប់ លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ចេញ​ព័ត៌មាន​សុខភាព​របស់ខ្លួន​ដែរ តែ​វា​ជា​ព័ត៌មាន​ចាស់​តាំងពី​ខែធ្នូ​ឆ្នាំ ក្រោយ​ទទួលបាន​ព័ត៌មាន​ថា លោកស្រី ហ៊ី​ឡា​រី មាន​ជំងឺ​រលាក​សួត​។​ដើម្បី​ជម្រះ​មន្ទិលសង្ស័យ លោក ដូ​ណា​ល់ ត្រាំ ក៏បាន​បង្ហាញ​ឲ្យ​គ្រប់គ្នា​បានឃើញ​នូវ​ព័ត៌មាន​លម្អិត​និង​ត្រឹមត្រូវ​មួយទៀត​ពាក់ព័ន្ធ​សុខភាព​លោក​ផ្ទាល់ ក្រោយពេល​លោក​ទទួលបាន​ការត្រួត​ពិនិត្យ​សុខភាព​ពី​វេជ្ជបណ្ឌិត Harold Bornstein នា​ថ្ងៃ​ពុធ​ទី ១៤ កញ្ញា​ម្សិលមិញ ។

​ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​គឺ គេ​ឃើញថា បេក្ខជន​ប្រធានាធិបតី​រូបនេះ លើស​ទម្ងន់ និង​អាចមាន​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​ផង​។  លោក ដូ​ណា​ល់ ត្រាំ មាន​ទម្ងន់​សរុប ១២០ គីឡូក្រាម និង​មាន​កម្ពស់​ប្រហែល ១,៨៨​ម៉ែត្រ​។ តាម​ការវាយតម្លៃ លោក ដូ​ណា​ល់ ត្រាំ ពិតជា​លើស​ទម្ងន់​មែន តែ​លើស​បន្តិចបន្តួច​។ ចំណែក​រឿង កូ​ឡេ​ស្ត​រ៉ូ​ល​វិញ  វា​ហាក់​ស្ថិតនៅ​កម្រិត​ធម្មតា​និង​មាន​សុវត្ថិភាព​សម្រាប់​លោក ដូ​ណា​ល់ ត្រាំ ព្រោះ​លោក​បានទទួល​ការព្យាបាល​កន្លងមក​ដែរ​។​

៣. លោក ដូ​ណា​ល់​ត្រាំ និង​លោកស្រី គ្លី​ន​តុ​ន សុទ្ធ​តែមាន​វ័យ​ចំណាស់​ខ្លាំង​
​មុន​មានការ​បញ្ចេញ​របាយការណ៍​សុខភាព​លម្អិត គូបដិបក្ខ​លោកស្រី ពោលគឺ​បេក្ខជន​ប្រធានាធិបតី​បក្ស​សា​ធាណ​រដ្ឋ​លោក ដូ​ណា​ល់ ត្រាំ ផ្ទាល់​កន្លងមក​ឆ្លៀតឱកាស​លើកយក​បញ្ហា​សុខភាព​ធ្វើជា ឧបករណ៍​ទម្លាក់​ប្រជាប្រិយភាព​លោកស្រី  គ្លី​ន​តុ​ន​។ ហើយ​ការលេចចេញ​វីដេអូ និង​ព័ត៌មាន​ថា​លោកស្រី មាន​ជំងឺ​រលាក​សួត​កន្លងមក​នោះ ក៏​រឹតតែ​បង្ក​ផលប៉ះពាល់​ដល់​ប្រជាប្រិយភាព​លោកស្រី ថែមទៀត​។ 

​ជាធម្មតា ចង់​មិន​ចង់ អ្នកគាំទ្រ និង​អ្នក​មិនទាន់​សម្រេច​ថា​បោះ​ឲ្យ​អ្នកណា​នោះ ត្រូវ​ពិចារណា​ឡើងវិញ ចំពោះ​បេក្ខជន​ប្រធានាធិបតី​ទាំងពីរ​។ គេ​ដឹង​ច្បាស់​ថា តំណែង​ប្រធានាធិបតី​អាមេរិក​គួរតែ​ត្រូវ​កាន់កាប់​ដោយ​អ្នកនយោបាយ​ដែលមាន​សុខភាព​បរិបូរណ៍ និង​មាន​កម្លាំង​ពលំ​មាំមួន ព្រោះ​វា​ជា​កិច្ចការ​ធំ​និង​ស្មុគស្មាញ​បំផុត​។ តែ​ដូច​បាន​រៀបរាប់​ខាងលើ  បេក្ខជន​ទាំងពីរ​រូប​សុទ្ធ​តែមាន​បញ្ហា​សុខភាព ហើយ​វ័យ​កាន់តែ​ជ្រេ​ខ្លាំងណាស់​ទៅហើយ​។​

​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន មាន​វ័យ​៦៨ ឆ្នាំ ខណៈ​លោក ដូ​ណា​ល់ ត្រាំ មាន​វ័យ ៧០​ឆ្នាំ​។ ហើយ​បើសិនជា​លោក​ជាប់ឆ្នោត លោក​នឹង​ក្លាយជា​ប្រធានាធិបតី​វ័យ​ចំណាស់​ជាងគេ​ដែល​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ក្នុង​អាណត្តិ​ទីមួយ​។ ចំណែក​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នឹង​ក្លាយជា​បេក្ខជន​ចំណាស់​បំផុត​ទី​២ បន្ទាប់ពី​លោក ដូ​ណា​ល់ ត្រាំ​៕


Tag:
 ដូ​ណា​ល់​ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com