អន្តរជាតិ
Marine Le Pen សន្យា​រៀបចំ​ប្រជាមតិ​« Frexit»​ចាក​ចេញពី​សហភាព​អឺរ៉ុប​
15, Sep 2016 , 9:39 pm        
រូបភាព
​មេដឹកនាំ​គណបក្ស «​រណសិរ្ស​ជាតិ​»​បារាំង​លោកស្រី Marine Le Pen បាន​សន្យា​ជាថ្មី​ថា បើ​លោក​ស្រី​ជាប់ឆ្នោត ប្រជាមតិ​មួយ​នឹងត្រូវ​រៀបចំ​ដើម្បី​បើកផ្លូវ​ឲ្យ​បារាំង​ចាក​ចេញពី​សហភាព​អឺរ៉ុប​។ អ្នកនយោបាយ​រូបនេះ​នឹង​ឈរឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​ឆ្នាំ ២០១៧ ដើម្បី​ប្រជែង​បេក្ខជន​ផ្សេងទៀត​រួមជាមួយ​អតីត​ប្រធានាធិបតី នី​កូ​ឡា សា​កូ​ហ្ស៊ី​ផង​។



​បារាំង​ប្រហែល​ត្រូវ​ប្រឈម​ជាមួយ​ចលនា​ប្រឆាំង​សហភាព​អឺរ៉ុប​កាន់តែខ្លាំង បើសិនជា​អ្នកនយោបាយ​ស្តាំនិយម​ជ្រុល​លោកស្រី Marine Le Pen ឈ្នះឆ្នោត​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​ឆ្នាំ ២០១៧​។ 

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS  ថ្លែង​ក្នុង​សភា​អឺរ៉ុប​នា​ថ្ងៃ​ពុធ​ទី ១៤ កញ្ញា ប្រធាន​បក្ស​រណសិរ្ស​ជាតិ លោកស្រី Marine Le Pen បានប្រកាសថា លោកស្រី​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​រៀបចំ​ប្រជាមតិ​នៅ​ទូទាំងប្រទេស ដើម្បី​កំណត់​សមាជិកភាព​របស់​បារាំង​នៅ​សហភាព​អឺរ៉ុប នៅពេល​ដែ​លោក​ក្លាយជា​ប្រធានាធិបតី​។

​លោកស្រី​បាន​ថ្លែងថា​៖«​ប្រជាមតិ​ជា​វិធីសាស្ត្រ​ល្អ​បំផុត​ដែល​យើង​អាច​រៀបចំឡើង​អនុលោម​តាមច្បាប់​និង​គោលការណ៍​ប្រជាធិបតេយ្យ​។​រយៈពេល ៤ ឆ្នាំ​មកហើយ ខ្ញុំ​បាន​សន្យាថា ខ្ញុំ​នឹង​រៀបចំ​ប្រជាមតិ​ដែល​អនុញ្ញាត​ឲ្យ​ប្រជាជន​បារាំង​បញ្ចេញ​គំនិត​យោបល់​លើ​ការចាកចេញ​របស់​បារាំង​ពី​សហភាព​អឺរ៉ុប​»​។​

​អ្នកនយោបាយ​អភិរក្ស​និយម​រូបនេះ ក៏បាន​បន្ត​រិះគន់​សុន្ទរកថា​របស់​ប្រមុខ​គណកម្មាធិការ​អឺរ៉ុប​លោក Jean-Claude Juncker ដែល​បាន​លើកឡើងថា ការចាកចេញ​ពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស​មិន​ជួយ​ដោះស្រាយ​បញ្ហា​អឺរ៉ុប​ឡើយ ហើយ​សហភាព​អឺរ៉ុប​ត្រូវការ​សមាហរណកម្ម​ស៊ីជម្រៅ​ជាង​មុន​។

​លោកស្រី Le Pen បាន​ឆ្លើយតប​ថា​៖« គេ​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រជាជាតិ​នីមួយៗ​មាន​សិទ្ធិ​ជ្រើស​រើសយក​សេរីភាព​ពី​ការគ្រប់គ្រង​ផ្តាច់មុខ​។ សូម​អនុញ្ញាត​ឲ្យ ពួកគេ​មានឱកាស​សហការ​ជាមួយ​ប្រទេស​ដទៃទៀត​ក្នុង​កម្រិត​មួយ​ដែល​ពួកគេ​ចង់បាន​។ ដូច្នេះ អ្នក​គួរ​ក្លាយជា​អ្នកប្រជាធិបតេយ្យ និង​អនុញ្ញាត​ឲ្យ​ពួកគេ​អាច​កំណត់​ជោគវាសនា​របស់ខ្លួន​បាន​ដោយ​សេរី​»​។​

​តាំងពីដើម​មកហើយ លោកស្រី Marine Le Pen តែងតែ​ប្រឆាំង​សហភាព​អឺរ៉ុប និង​គាំទ្រ​បារាំង​ក្នុងការ​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប ដោយ​យក​លំនាំ​តាម​ចក្រភព​អង់គ្លេស​។ ហើយ​ចលនា​ប្រឆាំង​សហភាព​អឺរ៉ុប​កើនឡើង​កាន់តែខ្លាំង ក្រោយ​អង់គ្លេស​បោះឆ្នោត​ជ្រើស​រើសយក​ការ​លែងលះ​ជាមួយ​សហភាព​អឺរ៉ុប​កាលពី​ចុងខែ​មិថុនា​។ ទោះជា​យ៉ាងណាក្តី ដំណើរការ​នីតិវិធី​ចាក​ចេញពី​សហភាព​អឺរ៉ុប​មិនទាន់​ចាប់ផ្តើម​នៅឡើយ​ទេ ព្រោះ​រដ្ឋាភិបាល​អង់គ្លេស​ហាក់បីដូចជា​ស្ទាក់ស្ទើរ​ក្នុងការ​ជ្រើស​រើសយក​ផ្លូវ​ដើរ​ដាច់ដោយឡែក​ពី​សហភាព​អឺរ៉ុប​។​

​ក្រៅពី​ការចាកចេញ​ពី​សហភាព​អឺរ៉ុប លោកស្រី​ក៏មាន​គំនិត​មិនសូវ​ខុសគ្នា​ប៉ុន្មាន​ពី​បេក្ខជន​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ឡើយ​នៅពេល​លើកឡើង​ពី​បញ្ហា​សន្តិសុខ​។ Marine Le Pen បានស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រុងប៉ារីស​ឈប់​ទទួល​ជនភៀសខ្លួន និង​រឹតត្បិត​សិទ្ធិសេរីភាព​សាសនា​ដើម្បី​ប្រឆាំង​ភេរវកម្ម​។​

​ដូច​ឃើញស្រាប់ នៅពេល​មានការ​វាយប្រហារ​ជា​បន្តបន្ទាប់​នៅ​បារាំង លោកស្រី Marine Le Pen បាន​ឆ្លៀតឱកាស​គេង​ចំណេញ​ស្ថានការណ៍​អាសន្ន ដោយ​ប្រឹង​ទាញយក​បញ្ហា​សាសនា​មក​ឡូកឡំ​ក្នុង​បញ្ហានយោបាយ​ក៏ដូចជា​សន្តិសុខ​ជាតិ​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ លោកស្រី អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ប្រកាសសង្គ្រាម​ប្រឆាំង​ជន​ជ្រុលនិយម និង​ធ្វើយ៉ាងណា​រក​វិធានការ​ដើម្បី​លុបបំបាត់​ឲ្យ​បាន​នូវ​ចលនា​ឥស្លាម​ជ្រុលនិយម​ថែម​ទៀ​ផង​៕


Tag:
 Marine Le Pen
 ​នី​កូ​ឡា សា​កូ​ហ្ស៊ី​
  Jean-Claude Juncker
© រក្សាសិទ្ធិដោយ thmeythmey.com