អន្តរជាតិ
បក្សប្រឆាំងជប៉ុន រើសបានមេបក្សថ្មីជាស្ត្រី ដើម្បីប្រជែងជាមួយ LDP របស់លោក អាបេ
× គណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏ធំរបស់ជប៉ុន បានជ្រើសរើសអតីតសមាជិកគណៈរដ្ឋមន្ត្រី លោកស្រី Renho ជាមេដឹកនាំថ្មីហើយ។ លោកស្រី Renho សន្យាផ្លាស់ប្ដូរគណបក្សឲ្យកាន់តែខ្លាំង ដើម្បីប្រជែងជាមួយបក្សកាន់អំណាច ប្រជាធិបតេយ្យសេរី (LDP) របស់នាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ដែលកាន់អំណាចចាប់ពីឆ្នាំ២០១២មកនោះ។
អតីតពិធីការិនីទូរទស្សន៍វ័យ៤៨ឆ្នាំ លោកស្រី Renho Murata បានក្លាយជាប្រធានគណបក្សប្រជាធិបតេយ្យ (DP) ដែលជាបក្សប្រឆាំងសំខាន់មួយនៅជប៉ុន ក្រោយផ្ដួលបេក្ខជនពីររូបទៀត។ លោកស្រី Renho ជាប់ឆ្នោតជាប្រធានបក្ស បន្ទាប់ពីលោកស្រីជម្រះមន្ទិលទាក់ទិននឹងបញ្ហាសញ្ជាតិរបស់លោកស្រី ដ្បិតរដ្ឋធម្មនុញ្ញាជប៉ុន ហាមមិនឲ្យមានសញ្ជាតិពីរឡើយ។
ជាអតីតរដ្ឋមន្ត្រីផងនោះ លោកស្រី Renho សង្ឃឹមថា នឹងជួយស្ដារមុខមាត់គណបក្សប្រជាធិបតេយ្យ ដែលរយៈពេលបីឆ្នាំមកនោះ ហែកហួរដោយជម្លោះផ្ទៃក្នុង គោលនយោបាយត្រឡប់ត្រឡិន និងការសន្យាដែលមិនអាចសម្រេចបានជាដើម។ ដោយសារតែបញ្ហាទាំងនោះ ទើបគណបក្សប្រជាធិបតេយ្យសេរីរបស់លោក ស៊ីនហ្សូ អាបេ អាចឈ្នះឆ្នោតក្នុងឆ្នាំ២០១២បាន។
នៅមុនការជាប់ឆ្នោតនេះ លោកស្រី Renho ជួបបញ្ហាខ្លាំងលើសញ្ជាតិរបស់លោកស្រី ខណៈលោកស្រីមានសញ្ជាតិដល់ទៅពីរ គឺជប៉ុន និងតែវ៉ាន់ ព្រោះលោកស្រីមានម្ដាយជាជនជាតិជប៉ុន និងមានឪពុកជាជនជាតិតៃវ៉ាន់។ យោងតាមច្បាប់ជប៉ុន អ្នកដែលមានសញ្ជាតិពីរ ត្រូវជ្រើសរើសយកសញ្ជាតិមួយ នៅពេលមានអាយុ២២ឆ្នាំ ហើយប្រសិនបើរើសយកសញ្ជាតិជប៉ុន ត្រូវបោះសញ្ជាតិមួយទៀតចោល។
នៅមុននេះ លោកស្រីមេបក្សប្រឆាំងថ្មីនេះធ្លាប់អះអាងថា លោកស្រី បានបោះបង់សញ្ជាតិតៃវ៉ាន់រួចហើយ ពេលនៅវ័យក្មេង ប៉ុន្តែស្ថានទូតតៃវ៉ាន់ប្រចាំក្រុងតូក្យូអះអាងថា លោកស្រី នៅតែមានសញ្ជាតិតៃវ៉ាន់ដដែល។ យ៉ាងណាមិញ មុនការបោះឆ្នោតមកដល់នោះ លោកស្រី Renho ក៏បានសុំទោសរាល់បញ្ហាដែលកើតឡើង ដោយសារតែបញ្ហាមិនច្បាស់លាស់ទាំងនេះ។
ទីភ្នាក់ងារព័ត៌មាន Reuters ផ្សាយថា នៅថ្ងៃទី ខែកញ្ញា លោកស្រី Renho ក៏បានសារភាពដែរថា បក្សកាន់អំណាចពិតជាខ្លាំងណាស់ ព្រោះមានសំឡេងភាគច្រើនទាំងនៅព្រឹទ្ធសភា និងរដ្ឋសភា។ លោកស្រីបន្តថា ចាប់ពីពេលនេះ យើងនឹងត្រូវប្រជែងជាមួយបក្សកាន់អំណាចដ៏ធំ ហើយលោកស្រី ក៏អំពាវនាវអ្នករាល់គ្នាចូលរួមជាមួយលោកស្រី ដើម្បីក្លាយជាជម្រើសរបស់ប្រជាជនជប៉ុន៕
© រក្សាសិទ្ធិដោយ thmeythmey.com