អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ប្រា​យុទ្ធ ការពារ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ថៃ​ក្រោម​ការគ្រប់គ្រង​របស់​យោធា​
16, Sep 2016 , 8:19 am        
រូបភាព
 
 
​បន្ទាប់ពី​ក្រុម​យោធា​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​រួចមក ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ថៃ ធ្លាក់​ទៅរក​ស្ថានភាព​អាក្រក់​យ៉ាងខ្លាំង និង​ថែមទាំង​រង​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ​ទៀតផង​។ យ៉ាងណាក្ដី ប្រមុខ​របប​យោធា​ថៃ បាន​ចេញមក​ការពារ​របាយការណ៍​សិទ្ធិមនុស្ស​របស់ខ្លួន និង​បាន​អះអាងថា រដ្ឋប្រហារ​យោធា​របស់លោក ធ្វើឡើង​ដើម្បី​ស្រោចស្រង់​ស្ថានការណ៍​ប្រទេស​ដែល​ធ្លាក់ចុះ​ប៉ុណ្ណោះ​។

 
​នាយករដ្ឋមន្ត្រី​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ចេញមក​និយាយ​ការពារ​កំណត់ត្រា​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​លោក ចាប់តាំងពី​លោក​ឡើងកាន់​អំណាច​ក្នុង​ឆ្នាំ​២០១៤​មក​។ លោក ប្រា​យុទ្ធ ក៏​ថ្លែង​ការពារ​រដ្ឋប្រហារ​យោធា​មិន​បង្ហូរឈាម​របស់លោក ដែល​ធ្វើឡើង​ក្នុង​គោលដៅ​បញ្ចប់​អស្ថិរភាព​នយោបាយ ដែល​ជាប់គាំង​អស់​ពេល​ជាច្រើន​ខែ​មក​នោះ​។ 
 
​ថ្លែង​នៅ​វិមាន​រដ្ឋាភិបាល នៅ​ថ្ងៃទី​១៥ ខែកញ្ញា នាយករដ្ឋមន្ត្រី​ថៃ​បាន​ប្រាប់​ឲ្យ​អ្នក​ដែល​តែង​អំពាវនាវ​ឲ្យ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នោះ ងាកមើល​ស្ថានការណ៍​ដែល​កើតឡើង​ពី​អតីតកាល​។ លោក​និយាយថា ជនបរទេស​ទាំងឡាយ ត្រូវតែ​យល់​ពីអ្វី​ថៃ​ដែល​បាន​ឆ្លងកាត់ ដ្បិត​ប្រទេស​ទាំងអស់ សុទ្ធតែ​ជួបប្រទះ​ស្ថានភាព​លំបាក ហើយ​ថៃ គឺ​គ្រាន់តែ​យឺត​ជាងគេ​ប៉ុណ្ណោះ​។ 
 
«​កុំមក​ប្រាប់ថា យើង​រំលោភសិទ្ធិ​មនុស្ស​អី​នុះ​។ អ្នកឯង ក៏​រំលោភបំពាន​សិទ្ធិ​របស់គេ ហើយក៏​ដើរ​បង្កើត​បញ្ហា​ដែរ​។​» នេះ​ជាការ​លើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​ថៃ នៅ​ប៉ុន្មាន​ថ្ងៃមុន​ចាកចេញ​ទៅកាន់​ក្រុង​ញូវយ៉ក ដើម្បី​ចូលរួម​ប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​។ ក្រៅពី​ថ្លែង​ការពារ​របាយការណ៍​សិទ្ធិមនុស្ស លោក ប្រា​យុទ្ធ ក៏បាន​និយាយ​ការពារ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ដែល​បណ្ដេញ​រដ្ឋាភិបាល​លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ចេញពី​តំណែង​ដែរ​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា អតីត​មេទ័ព​រូបនេះ​បញ្ជាក់ថា លោក​ធ្វើ​រដ្ឋប្រហារ ដើម្បី​តែ​បញ្ចប់​អស្ថិរភាព និង​នាំយក​ភាពស្ងប់ស្ងាត់​មកវិញ​ប៉ុណ្ណោះ​។ មួយវិញទៀត លោក ក៏​មិន​ចង់​នៅ​កាន់អំណាច​ឲ្យ​លើស​ឆ្នាំ​២០១៧​ដែរ ខណៈ​ការបោះឆ្នោត​ទូទៅ នឹងធ្វើ​ឡើង បន្ទាប់​សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ ត្រូវបាន​យល់ព្រម​ក្នុង​ប្រជាមតិ​ខែសីហា​រួចហើយនោះ​។​
 
​នៅមុននេះ រដ្ឋាភិបាលយោធា ក៏បាន​ផ្លាស់ប្ដូរ​ដំណើរការ​កាត់ទោស ដោយបាន​ប្រមូល​ទោស​ទាំងអស់​ទាក់ទង​នឹង​សន្តិសុខ​ជាតិ និង​ទោស​ប្រមាថ​ស្ដេច ត្រូវ​ទៅ​កាត់ក្ដី​នៅ​តុលាការស៊ីវិល ជំនួស​តុលាការយោធា​។ យ៉ាងណាក្ដី ក្រុម​ការពារ​សិទ្ធិមនុស្ស​ថៃ រិះគន់ថា នេះ​គ្រាន់តែ​ការធ្វើ​ឲ្យ​ល្អ​ប៉ុណ្ណោះ ដើម្បី​បង្អួត​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ដែល​នឹង​ពិនិត្យមើល​របាយការណ៍​សិទ្ធិមនុស្ស​នៅ​ថៃ​នៅ​ទីក្រុង​ហ្សឺ​ណែវ​៕       
 
 

Tag:
 ថៃ​
 ​សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com