អន្តរជាតិ
រុស្ស៊ី ថា សមយុទ្ធ​យោធា​ខ្លួន​ជាមួយនឹង​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ជួយ​រក្សា​ស្ថិរភាព​ក្នុង​តំបន់
16, Sep 2016 , 2:08 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ បាននិងកំពុង​តែ​ធ្វើ​លំ​ហាត់​យោធា​ដែនសមុទ្រ​រួមគ្នា​ប្រចាំឆ្នាំ​រយៈពេល​ប្រាំបី​ថ្ងៃ​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ សម្រាប់​ក្រុង​ម៉ូស្គូ បានចាត់ទុក​សមយុទ្ធ​នេះ នឹង​ជួយ​រឹតបន្តឹង​ស្ថិរភាព​ក្នុង​តំបន់​ឲ្យ​កាន់តែ​ល្អប្រសើរ​ជាជាង​ការបំផ្លាញ​ស្ថិរភាព​ដូចដែល​ប្រទេស​មួយចំនួន​បានលើកឡើង​នោះ​។



«​យើង ជឿជាក់ថា រាល់​សកម្មភាព​ដែល​កំពុងតែ​ប្រព្រឹត្ត​នៅ​ទីនោះ​(​សមុទ្រ​ចិន​ខាងត្បូង​) ត្រូវតែមាន​ការប្រយ័ត្នប្រយែង​, តុល្យភាព និង​មិន​បន្ថែម​ចលនា​អស្ថិរភាព​, ប៉ុន្តែ លើសពីនេះ វា ក៏​ជួយ​រឹតបន្តឹង​ស្ថិរភាព និង​ការយោគយល់​គ្នា​ដើម្បី​ដោះស្រាយ​ជម្លោះ​នោះទេ​»​។ នេះ​គឺជា​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការពារជាតិ​រុស្ស៊ី​នៅ​ថ្ងៃទី​១៥ ខែកញ្ញា​ម្សិលមិញ ដែល​បាន​ចុះផ្សាយ​ដោយ​គេហទំព័រ​ក្រសួងការពារជាតិ​ចិន​។

 សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការពារជាតិ​រុស្ស៊ី ត្រូវបាន​មើលឃើញថា​ជា​សារ​មួយ​តប​ទៅនឹង​ការព្រួយបារម្ភ​របស់​អា​មេ​រិ​ក​ដែល​លើកឡើង​ពី​សមយុទ្ធ​នេះ​។ នៅ​ថ្ងៃទី​ចន្ទ​ទី​១២ ខែកញ្ញា ដែលជា​ថ្ងៃ​ផ្តើម​សមយុទ្ធ​រួម​រវាង​រុស្ស៊ី និង​ចិន អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោក Jonh Kirby បាន​អះអាងថា ក្រុង​វ៉ាស៊ីនតោន សង្ឃឹមថា លំ​ហាត់​យោធា ប្រព្រឹត្តឡើង​ដោយ​ស្របតាម​ច្បាប់​អន្តរជាតិ ហើយ​និង​មិន​បង្ក​ឲ្យ​មាន​ស្ថានភាព​តានតឹង​ផងដែរ​។

​សូម​រម្លឹក​ផងដែរ​ថា នៅ​ថ្ងៃទី​១២ ខែកញ្ញា កន្លងទៅ ក្រសួងការពារជាតិ​ចិន បានចេញ​ការប្រកាស​ពី​ការចាប់ផ្តើម​សមយុទ្ធ​យោធា​រួម​ជាមួយនឹង​រុស្ស៊ី​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ត្រូវ​ប្រព្រឹត្តឡើង​ពីថ្ងៃ​ទី​១២​ដល់​ថ្ងៃទី​១៩​ខែកញ្ញា​។ តាមរយៈ​សេចក្តីថ្លែងការណ៍​នោះ សមយុទ្ធ​យោធា​នោះ មាន​វត្តមាន​សព្វាវុធ​សង្គ្រាម​ជាច្រើន​ប្រភេទ​ដូចជា នាវា​ពិឃាដ​, នាវាមុជទឹក​, យន្តហោះ​ចម្បាំង​, ឧទ្ធម្ភាគចក្រ​កងជើង​ទឹក និង​យន្តហោះ​អាច​បើក​ជាប់​ទឹកបាន រួម​ជាមួយនឹង​សព្វាវុធ​យោធា​ជាច្រើន​ផ្សេងទៀត​។​

​តាមរយៈ​សេចក្តីថ្លែងការណ៍​ដដែល​នោះ សមយុទ្ធ​យោធា​រួម​រវាង​មហាអំណាច​ទាំងពីរ ផ្តោតលើ​ប្រតិបត្តិ​ការការពារ សង្គ្រោះ និង​ប្រតិបត្តិការ​ប្រឆាំងនឹង​នាវាមុជទឹក​។ ហើយ​សមយុទ្ធ​យោធា​នេះ ត្រូវធ្វើឡើង​តាម​ទម្លាប់ ដែល​ក្រុង​ប៉េកាំង អះអាងថា​ដើម្បី​ពង្រឹង​សហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន និង​រុស្ស៊ី ពោលគឺ ចិន ថា មិន​សំដៅលើ​ភាគី​ទី​បី​ណា​ឡើយ​។

​សូម​ជម្រាប​ជាថ្មី​ផងដែរ​ថា ចិន និង​រុស្ស៊ី បានចាប់ផ្តើម​សមយុទ្ធ​យោធា​រួមគ្នា​ក្នុង​ដែនសមុទ្រ​តាំងពី​ឆ្នាំ​២០១២​មកម្ល៉េះ​។ ហើយ​សមយុទ្ធ​យោធា​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នេះ គឺជា​សមយុទ្ធ​រួម​លើក​ទី​៥​ហើយ​។ កាលពី​ឆ្នាំមុន ភាគី​ទាំងពីរ ក៏បាន​ធ្វើ​សមយុទ្ធ​លក្ខណៈ​បែបនេះ​ដែរ នៅក្នុង​សមុទ្រ​ជប៉ុន​។​

​បើទោះបីជា រដ្ឋាភិបាល​ក្រុង​ប៉េកាំង អះអាងថា​សមយុទ្ធ​យោធា​របស់ខ្លួន​ជាមួយនឹង​រុស្ស៊ី ធ្វើឡើង​តាម​ទម្លាប់​ក៏ដោយ គេ​សង្កេតឃើញថា រយៈពេល​ចុងក្រោយ​នេះ ក្រុង​ប៉េកាំង បានធ្វើ​សមយុទ្ធ​យោធា​ជា​ញឹកញាប់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ក្នុងនោះ នៅមុន​ពេល​នៃ​ការប្រកាស​សាលក្រម​របស់​តុលាការអន្តរជាតិ​លើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​មួយ​សបា្តហ៍ និង​ក្នុង​ថ្ងៃ​នៃ​ការប្រកាស​សាលក្រម​នោះ ក្រុង​ប៉េកាំង ក៏បាន​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​នៅ​ថ្ងៃ​បន្តបន្ទាប់​គ្នា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​៕


Tag:
 ​រុស្ស៊ី​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com