អន្តរជាតិ
អង់គ្លេស​ចេញពី​អឺរ៉ុប មិន​ធ្វើ​ឲ្យ​អឺរ៉ុប​ស្លាប់​ឡើយ​, គ្រាន់តែ​ចុះខ្សោយ​
16, Sep 2016 , 7:39 pm        
រូបភាព
​មកទល់ពេលនេះ ជិត​បី​ខែ​ហើយ បន្ទាប់ពី​ចក្រភព​អង់គ្លេស​ធ្វើ​ប្រជាមតិ​ចាក​ចេញពី​សហភាព​អឺរ៉ុប ។ ឥទ្ធិពល​អឺរ៉ុប បាន​ធ្លាក់ចុះ​បន្ទាប់ពី​ការចាកចេញ​នេះ បើទោះជា​ក្រុង​ឡុង​ដ៍​មិនទាន់​ប្រកាស​ផ្លូវការ​ពី​អនុវត្តតាម​មាត្រា​៥០ នៃ​សន្ធិសញ្ញា Lisbon ក្ដី​។ វា​ច្បាស់​ណាស់​ថា ការចាកចេញ​របស់​អង់គ្លេស ធ្វើ​ឲ្យ​អឺរ៉ុប​កាន់តែ​លំបាក ព្រោះ​បាត់បង់​បង្គោល​ដ៏​រឹងមាំ ដែល​តែង​ជួយ​ជ្រោង​អឺរ៉ុប​រហូតមក​ជាមួយ​រដ្ឋ​សមាជិក​ដទៃទៀត ដូចជា​បារាំង និង​អាល្លឺម៉ង់​ជាដើម​នោះ​។ ប៉ុន្តែ​មេដឹកនាំ​អឺរ៉ុប​អះអាងថា ការចាកចេញ​នេះ​មិនអាច​សម្លាប់​អឺរ៉ុប​ឡើយ​។​



​ការបោះឆ្នោត​ចាក​ចេញពី​សហភាព​អឺរ៉ុប​របស់​ចក្រភព​អង់គ្លេស ជាការ​មកដល់​ទីបញ្ចប់​នៃ​ការពង្រីក​វិសាលភាព​អឺរ៉ុប ក៏ដូចជា​សមាហរណកម្ម​តំបន់​ក្នង​រយៈពេល​ជាង​៥០​ឆ្នាំ​មកនេះ​ដែរ​។ បើទោះជា​ចក្រភព​អង់គ្លេស​មិនទាន់​ចាកចេញ​ភ្លាមៗ​ក៏ដោយចុះ បញ្ហា​ជាច្រើន​បាន​លេច​ជា​រូបរាង​បណ្ដើរៗ​ហើយ រួមទាំង​ការវាយប្រហារ​ភេរវកម្ម ស្ថានភាព​ហិរញ្ញវត្ថុ និង​ការបែកបាក់​ក្នុងចំណោម​សមាជិក​អឺរ៉ុប​ពាក់ព័ន្ធ​រឿង​បែងចែក​ជនភៀសខ្លួន​។

​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជាច្រើន​ឆ្នាំ​មកនេះ ធ្វើ​ឲ្យ​អត្រា​អ្នកគ្មានការងារ​កើនឡើង​យ៉ាងខ្លាំង​នៅតាម​ប្រទេស​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​។ ជាមួយគ្នានេះ ការកើនឡើង​ការវាយប្រហារ​ភេរវកម្ម និង​លំហូរ​ជនភៀសខ្លួន​កាន់តែច្រើន​ពី​មជ្ឈិមបូព៌ា បាន​បង្កើន​ប្រជាប្រិយភាព​របស់​ក្រុមបក្សនយោបាយ​ប្រឆាំង​អឺរ៉ុប ជាពិសេស​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ខាងកើត​។

​នៅ​ថ្ងៃទី​១៦ ខែកញ្ញា បណ្ដា​មេដឹកនាំ​សហភាព​អឺរ៉ុប​មក​ប្រជុំគ្នា​នៅ​ទី​ក្រង​ប្រា​ទី​ស្លា​វ៉ា ប្រទេស​ហុង​គ្រី ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​ជាក់លាក់​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​។ មុន​កិច្ចប្រជុំ​មកដល់ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក Donald Tusk បញ្ជាក់ថា អ្វីដែល​គួរ​ធ្វើ​នៅក្រោយ​ការចាកចេញ​របស់​អង់គ្លេស គឺ​អឺរ៉ុប​ត្រូវធ្វើ​ខ្លូន​ឲ្យ​រឹងមាំ និង​ត្រូវ​វាយតម្លៃ​ស្ថានការណ៍​ឲ្យ​ច្បាស់លាស់​។   

១. លោក ចាំង​កឺ ៖ ការចាកចេញ​របស់​អង់គ្លេស មិនអាច​សម្លាប់​អឺរ៉ុប​ឡើយ​
​វា​ជា​ការពិត​ដែល​ការចាកចេញ​របស់​ចក្រ​ភព​អង់គ្លេស ធ្វើ​ឲ្យ​អឺរ៉ុប​ធ្លាក់​ខ្សោយ​ព្រោះ​បាត់​ជ​ន្ទ​ល់​រឹងមាំ​មួយ តែ​មិនមែន​មានន័យថា ការចាកចេញ​នេះ អាច​សម្លាប់​សហភាព​អឺរ៉ុប​បានឡើយ​។ ប្រធាន​គណៈកម្មាការ​អឺរ៉ុប លោក ហ្ស​ង់​-​ក្លូដ ចាំង​កឺ (Jean-Claude Juncker) ក៏​អះអាងថា សហភាព​អឺរ៉ុប មិនត្រូវ​លិចលង់​ដោយសារ​រឿងនេះ​ទេ ហើយ​លោក​ក៏បាន​ដាក់ចេញ​ផែនការ​មួយចំនួន​ដើម្បី​ស្ដារ​ស្ថានការណ៍​ផងដែរ​។​

​ថ្លែង​ទៅកាន់​កិច្ចប្រជុំសភា​អឺរ៉ុប​នៅ​ថ្ងៃទី​១៤ ខែកញ្ញា ប្រធាន​គណៈកម្មការ​រូបនេះ​បាន​ទទូច​ឲ្យ​សមាជិក​សហភាព​អឺរ៉ុប​ទាំងអស់ រួមគ្នា​ដើម្បី​ជម្នះ​ការបែកបាក់​នៅក្នុង​តំបន់ ក៏ដូចជា​ការចាកចេញ​របស់​អង់គ្លេស​ដែរ​។ មិនតែប៉ុណ្ណោះ លោក​ក៏បាន​ព្រមាន​អង់គ្លេស ដែល​ចង់​ប្រើប្រាស់​ទីផ្សារ​តែមួយ​របស់​អឺរ៉ុប តែ​បន្ត​រឹតត្បិត​នយោបាយ​ជនអន្តោប្រវេសន៍​។    
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ចាំង​កឺ ក៏​លើកសំណើ​បង្កើន​ទឹកប្រាក់​វិនិយោគ​ឲ្យ​ដល់​៦៣០​ពាន់​លាន​អឺរ៉ូ និង​ប្រកាស​ចាត់វិធានការ​ជួយ​យុវជន​ឲ្យ​មានការ​ងារ​ធ្វើ​ដែរ បន្ទាប់ពី​រងគ្រោះ​ដោយសារ​វិបត្តិ​បំណុល​អឺរ៉ុប​នោះ​។ លើសពីនោះ​លោក​ក៏បាន​លើកឡើង​ពី​លទ្ធភាព​នៃ​ការបង្កើត​ទីបញ្ជាការ​រួម​កងទ័ព​អឺរ៉ុប ដើម្បី​បំពេញបន្ថែម​លើ​កងកម្លាំង​ណា​តូ​ដែលមាន​ស្រាប់​ហើយ​នោះ​។

២. សមាជិក​អឺរ៉ុប កំពុង​ប្រឈមមុខ​បញ្ហា​ផ្ទៃក្នុង​
​នៅពេលនេះ សហភាព​អឺរ៉ុប កំពុងតែ​ស្វះ​ស្វែងរក​ដំណោះស្រាយ​សម្រាប់​អនាគត​របស់ខ្លួន ក្រោយ​ប្រជាមតិ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​នៅ​ខែមិថុនា ខណៈ​អឺរ៉ុប​នឹង​ប្រារព្ធ​ខួប​លើក​ទី​៦០​នៃ​សន្ធិសញ្ញា​ក្រុង​រ៉ូម​នៅ​ឆ្នាំក្រោយ​។ សហភាព​អឺរ៉ុប ត្រូវ​រក​ច្រកចេញ​ដែល​ប្រសើរ​មួយ សម្រាប់​ជំហាន​ទៅមុខ​ដោយ​គ្មាន​ចក្រភព​អង់គ្លេស ដែលជា​សសរស្តម្ភ​ដ៏​សំខាន់​របស់ខ្លួន​នោះ​។

​យ៉ាងណាក្ដី ដំណោះស្រាយ​ជាក់លាក់​ណាមួយ​នោះ ទំនងជា​ពិបាក​នឹង​លេច​ជា​រូបរាង​ណាស់​។ នេះ​ក៏​ដោយសារតែ​បញ្ហា​នៅក្នុង​រដ្ឋ​ជា​សមាជិក​របស់​អឺរ៉ុប ជាពិសេស​សមាជិក​សំខាន់​ដូចជា​បារាំង អាល្លឺម៉ង់ និង​អ៊ីតាលី​ជាដើម​។ បារាំង អាល្លឺម៉ង់ និង​ហូ​ឡង់ នឹងមាន​ការបោះឆ្នោត​រើស​មេដឹកនាំ​ថ្មី​នៅ​ឆ្នាំ​២០១៧ ដែល​នេះ​មានន័យថា​អឺរ៉ុប​នឹង​ប្រឈមមុខ​ការផ្លាស់ប្ដូរ​មិន​ខាន​។

​នៅ​បារាំង និង​អាល្លឺម៉ង់ បេ​ក្ឋ​ជន​ដែល​មក​ប្រជែង​យក​តំណែង​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ និង​លោកស្រី Angela Merkel សុទ្ធតែ​គោលនយោបាយ​ប្រឆាំងនឹង​គោលការណ៍​របស់​អឺរ៉ុប​។ មេដឹកនាំ​គណបក្ស «​រណសិរ្ស​ជាតិ​»​បារាំង​លោកស្រី Marine Le Pen បាន​សន្យា​ជាថ្មី​ថា បើ​លោកស្រី​ជាប់ឆ្នោត ប្រជាមតិ​មួយ​នឹងត្រូវ​រៀបចំ​ដើម្បី​បើកផ្លូវ​ឲ្យ​បារាំង​ចាក​ចេញពី​សហភាព​អឺរ៉ុប​។ អ្នកនយោបាយ​រូបនេះ​នឹង​ឈរឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​ឆ្នាំ ២០១៧ ដើម្បី​ប្រជែង​បេក្ខជន​ផ្សេងទៀត​រួមជាមួយ​អតីត​ប្រធានាធិបតី នី​កូ​ឡា សា​កូ​ហ្ស៊ី​ផង​។  

​ចំណែក​អធិការបតី​អាល្លឺម៉ង់ ដែល​កំពុង​ដើរតួនាទី​ជា​មេដឹកនាំ​អឺរ៉ុប​នោះ ក៏​រង​សម្ពាធ​ពី​នយោបាយ​ក្នុងស្រុក​ដើរ​ជុំវិញ​គោលនយោបាយ​ស្វាគមន៍​ជនភៀសខ្លួន​របស់លោក​ស្រី​។ ក្រៅពីនោះ លោកស្រី ក៏​មិនអាច​បញ្ចុះបញ្ចូល​ប្រទេស​អឺរ៉ុប​ខាងកើត​ដូចជា ប៉ូឡូញ ហុង​គ្រី និង​ឆែក ឲ្យ​យល់ព្រម​ទទួល​ផែនការ​បែងចែក​កូតា​ជ​ន​ភៀសខ្លួន​របស់​អឺរ៉ុប​ដែរ ហើយ​បែរជា​ចង់​ទទួល​ជនភៀសខ្លួន​តាមចិត្តរ​បស់​ខ្លួន​វិញ​។

​ដោយឡែក​នៅ​អ៊ីតាលី​វិញ នាយករដ្ឋមន្ត្រី Matteo Renzi ក៏​ប្រកាស​ទុក​មុន​ថា លោក​នឹង​លាលែង​ពី​តំណែង​នៅ​ចុងឆ្នាំ​នេះ ប្រសិន​ប្រជាមតិ​លើ​ការ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​របស់លោក បរាជ័យ​។ ក្នុងករណី​ប្រជាមតិ​បរាជ័យ ហើយ​លោក Renzi ចាកចេញ​មែន​នោះ បញ្ហា​នឹង​រាលដាល​ដល់​អឺរ៉ុប ដែល​កំពុងតែជួបប្រទះ​បញ្ហា​ស្រាប់​ផង​នោះ ហើយ​គេ​ក៏​មិនដឹងថា មេដឹកនាំ​ថ្មី នឹងមាន​គោលនយោបាយ​ដូច​លោក​ឬ​អត់​ដែរ​។

​ដូច​ឃើញស្រាប់ សហភាព​អឺរ៉ុប កំពុងស្ថិត​ក្នុងស្ថានភាព​មិន​ច្បាស់លាស់ និង​រុំ​ព័ទ្ធ​ដោយ​បញ្ហា ក្រោយ​ការចាកចេញ​របស់​អង់គ្លេស បើទោះជា​អង់គ្លេស​មិនទាន់​អនុវត្តតាម​មាត្រា​៥០ នៃ​សន្ធិសញ្ញា Lisbon ក្ដី​។ ប៉ុន្តែ​មេដឹកនាំ​អឺរ៉ុប ជាពិសេស​បារាំង និង​អាល្លឺម៉ង់ ដែល​តែង​ដើរតួ​សំខាន់​ក្នុងការ​ដឹកនាំ​អង្គការ​តំបន់​មួយ​នេះ នៅ​បន្ត​ប្ដេជ្ញាចិត្ត​ជំរុញ​ការលូតលាស់​របស់​សហ​ភាព​អឺរ៉ុប នៅពេល​ខាងមុខ​ទៀត​៕


Tag:
 សហភាព​អឺរ៉ុប​
  Brexit
  Jean-Claude Juncker
  Angela Merkel
© រក្សាសិទ្ធិដោយ thmeythmey.com