អន្តរជាតិ
​ចិន ថា គម្រោង​លក់​អាវុធ​បញ្ចុះតម្លៃ​របស់​ជប៉ុន​ឲ្យ​ឥណ្ឌា «​ជា​រឿង​ដ៏​អាម៉ាស់​»
16, Sep 2016 , 4:48 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ហៅ​គម្រោង​នៃ​ការលក់​អាវុធ​របស់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ទៅកាន់​រដ្ឋាភិបាល​ក្រុង​ញូវដែលី ថា​ជា​«​ឥរិយាបថ​មួយ​គួរ​ឲ្យ​ខ្មាស​» ប្រសិន គម្រោង​នោះ ពាក់ព័ន្ធ​នឹង​បុព្វ​ហេតុដែល​មានការ​លាក់​បាំង​។

 


«​ចិន មិន​ជំទាស់​ទៅនឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ក្នុង​ក្របខណ្ឌ​ធម្មតា​ឡើយ​, ក៏ប៉ុន្តែ វា នឹង​ក្លាយជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​អាម៉ាស់ ប្រសិន អ្នកណាម្នាក់ មាន​ហេតុផល​លាក់បាំង​ផ្សេងទៀត​នោះ​។​» នេះ​គឺជា​ចម្លើយ​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Hua Chunying នៅ​ថ្ងៃទី​១៣ ខែកញ្ញា ទៅនឹង​សំណួរ​អ្នកកាសែត​ដែល​បាន​សួរថា «​តើ​ចិន​គិត​យ៉ាងដូចម្តេច​ចំពោះ​របាយការណ៍ ដែលថា ជប៉ុន កំពុងតែ​ចរចា​លក់​អាវុធ​ឲ្យ​ឥណ្ឌា ដោយ​សន្យាថា នឹង​បញ្ចុះតម្លៃ ហើយ ជប៉ុន ក៏បាន​លើកទឹកចិត្ត​ឲ្យ​ឥណ្ឌា​និយាយ​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នោះ​?»

​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Time of India នៅ​ថ្ងៃទី​១១ ខែកញ្ញា​កន្លងទៅ ជប៉ុន កំពុងតែ​ចរចា​លក់​យន្តហោះ​រុករក ប្រភេទ Shinmaywa US-2+ និង​យន្តហោះ​សង្គ្រោះ​ឲ្យ​ឥណ្ឌា ដោយ​មិន​គិតពី​ផលប្រយោជន៍​សេដ្ឋកិច្ច​នោះទេ តែ ក៏​ព្រោះតែ ឥណ្ឌា​គឺជា​ប្រទេស​មាន​ទំនាក់ទំនង​ល្អ និង​គួរ​ឲ្យ​ចង់​រាប់អាន​។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​ជប៉ុន បាន​អះអាងថា ជប៉ុន កំពុងតែ​ពិចារណា​ក្នុងការ​បញ្ចុះតម្លៃ​ប្រមាណ ១.៦​ពាន់​លាន​ដុល្លារ ចំពោះ​កិច្ចព្រមព្រៀង​នោះ ដោយ​អាស្រ័យ​លើ​ការចរចា​គ្នា​សិន​។ ហើយ​មន្ត្រី​រូបនោះ ក៏បាន​បន្ថែមថា «​ប្រសិនបើ កិច្ចព្រមព្រៀង​នោះ​អាចធ្វើ​ទៅបាន​មែន​នោះ វា នឹង​ផ្តល់​លក្ខខណ្ឌ​អនុគ្រោះ​សម្រាប់​ទំនាក់ទំនង​ជប៉ុន និង​ឥណ្ឌា​»​។

​សូម​ជម្រាប​ផងដែរ ឥណ្ឌា គឺជា​ប្រទេសជិតខាង​ដ៏​មាន​សក្តានុពល​របស់​ចិន​។ រយៈពេល​ចុងក្រោយ​នេះ មហា​យក្ស​អាស៊ី​ឥណ្ឌា ក៏មាន​ការប្រឈមមុខ​ជាមួយនឹង​ចិន​តាម​បណ្តោយ​ព្រំដែន​ផងដែរ​។ ក្នុងន័យនេះ មានន័យថា ជប៉ុន អាច​កំពុងតែ​ព្យាយាម​ចាប់​ដៃគូ​ជាមួយនឹង​ឥណ្ឌា ដើម្បី​ប្រឆាំង​ចិន ដែលជា​ភាគី​ជម្លោះ​សមុទ្រ​ខាងកើត​របស់ខ្លួន​នោះ​។ ថ្មីៗ​នេះ ជប៉ុន ក៏បាន​ប្រកាស​ផ្តល់ជំនួយ​ការពារជាតិ​ដល់​ហ្វីលីពីន និង​វៀតណាម​ដែលជា​ភាគី​ជម្លោះ​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​៕


Tag:
 ចិន​
  ជប៉ុន​
  ឥណ្ឌា​
© រក្សាសិទ្ធិដោយ thmeythmey.com