អន្តរជាតិ
ឥណ្ឌា​ចំណាយ ១​ពាន់​លាន​ដុល្លារ​ជួយ​អា​ហ្វា​ហ្កា​នី​ស្ថាន​ស្តា​រប្រទេស
16, Sep 2016 , 8:39 pm        
រូបភាព
​ឥណ្ឌា​បានប្រកាស​ផ្តល់ជំនួយ ១​ពាន់​លាន​ដុល្លារ​ដល់​អា​ហ្វ​ហ្កា​នី​ស្ថាន​នៅ​ថ្ងៃ​ចន្ទ​ទី ១៤ កញ្ញា​ដើម្បី​ជួយ​កសាង​វិស័យ​អប់រំ​,​សុខាភិបាល កសិកម្ម និង​វិស័យ​សំខាន់ៗ​ផ្សេងទៀត​ផងដែរ​។ ហើយ​ប្រទេស​ជា​មិត្ត​ទាំងពីរ​ឥណ្ឌា​និង​អា​ហ្វ​ហ្កា​នី​ស្ថាន​ក៏បាន​ប្តេជ្ញាចិត្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​អំពាវនាវ​ទៅកាន់​ភាគី​ពាក់ព័ន្ធ​ឲ្យ​បញ្ចប់​រាល់​ការគាំទ្រ​និង​ផ្តល់ជំនួយ​ដល់​ក្រុម​ភេរវជន​នៅក្នុង​តំបន់​ថែម​ទៀតផង​។​



សូមស្ដាប់ព័ត៌មានលម្អិត៖




​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី (Narendra Modi) បានប្រកាស​ផ្តល់ជំនួយ​ទំហំ​១​ពាន់​លាន​ដុល្លារ​ដល់​អា​ហ្វ​ហ្កា​នី​ស្ថាន នៅក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​អា​ហ្វ​ហ្កា​នី​ស្ថាន Ashraf Ghani ថ្ងៃ​ពុធ​ទី ១៤​កញ្ញា​កន្លងទៅ​។

​បើ​យោងតាម ទីភ្នាក់ងារ​ព័ត៌មាន AFP កញ្ចប់​ជំនួយ​ទំហំ ១​ពាន់​លាន​ដុល្លារ​ដែល​ឥណ្ឌា​ផ្តល់​ឲ្យ​នឹង​ជួយ​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​ស្ថាបនា​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​,​អភិវឌ្ឍ​វិស័យ​អប់រំ​, សុខាភិបាល​, កសិកម្ម និង​វិស័យ​ផ្សេងទៀត​ផងដែរ​។​

​ទោះជា​យ៉ាងណា​ក៏ដោយចុះ គេ​មិន​បានដឹង​ច្បាស់​ទេ​ថា រដ្ឋាភិបាល​ឥណ្ឌា នឹង​ផ្តល់ជំនួយ​យោធា​ដល់​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​ឬ​អត់​នៅពេល​ខាងមុខ ព្រោះ​ជំនួយ​យោធា​មិន​ត្រូវបាន​គេ​លើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​រវាង​មេដឹកនាំ​ទាំងពីរ​ឡើយ ។  កន្លងមក​រដ្ឋាភិបាល​អា​ហ្វ​ហ្កា​នី​ស្ថាន​បានស្នើ​សុំ​ជំនួយ​យោធា​ពី​រដ្ឋាភិបាល​ឥណ្ឌា​ផងដែរ​។​

​ឥណ្ឌា​ជា​ប្រទេស​ដែល​ផ្តល់ជំនួយ​ច្រើន​បំផុត​ដល់​អា​ហ្វ​ហ្កា​នី​ស្ថាន​លំដាប់​ទី ៥ ហើយ​មហាអំណាច​តំបន់​នេះ​តែងតែ​គាំទ្រ​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុងប្រទេស​។ បើ​គិត​ចាប់តាំងពី​ពេល​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​ក្រុម​តា​លី​បង់​ត្រូវបាន​ផ្តួលរំលំ​ក្នុង​ឆ្នាំ ២០០១ មក ឥណ្ឌា​បាន​ចំណាយលុយ​យ៉ាងហោចណាស់ ២​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​អា​ហ្វ​ហ្កា​នី​ស្ថាន​។​

​ក្រៅពី​ពិភាក្សា​ពី​បញ្ហា​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី លោក នា​រិ​ន្ទ្រា ម៉ូ​ឌី និង​លោក Ashraf Ghani បាន​ពិភាក្សា​ពី​ការដោះស្រាយ​បញ្ហា​សន្តិសុខ​តំបន់​ថែម​ទៀតផង​។ មេដឹកនាំ​ទាំងពីរ​បាន​អំពាវ​ទៅកាន់​បណ្តា​ប្រទេស​ពាក់ព័ន្ធ​នៅក្នុង​តំបន់​ឲ្យ​នាំ​គា្ន​កាត់ផ្តាច់​រាល់​ការគាំទ្រ​និង​ផ្តល់ជំនួយ​ដល់​ក្រុម​ភេរវជន​និង​ចលនា​ប្រដាប់អាវុធ​ខុសច្បាប់​។ ប៉ុន្តែ​អ្នក​ទាំងពីរ​មិន​បញ្ជាក់​ឈ្មោះ​ប៉ា​គី​ស្ថាន​ចំៗ​ឡើយ​។​

​រដ្ឋលេខាធិការ​ការបរទេស​ឥណ្ឌា Subrahmanyam Jaishankar បាន​អះអាងថា​៖« មេដឹកនាំ​ទាំងពីរ​បាន​ជជែក​ពិភាក្សា​ពី​ស្ថានភាព​តំបន់ និង​បង្ហាញ​ពី​កង្វល់​ចំពោះ​ការបន្ត​ប្រើប្រាស់​ចលនា​ភេរវកម្ម និង​ហិង្សា​ប្រដាប់អាវុធ​នៅក្នុង​តំបន់​ដើម្បី​សម្រេចប្រយោជន៍​នយោបាយ​របស់ខ្លួន​។ ដូច្នេះហើយ​អ្នក​ទាំង​ពីរបាន​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​ពាក់ព័ន្ធ​បញ្ចប់​ឲ្យ​អស់​នូវ​ការគាំទ្រ​, ផ្តល់ជំនួយ និង​ផ្តល់​ជម្រក​ដល់​ក្រុម​ភេរវជន​ក្នុងនោះ​មាន​ទាំង​ក្រុម​ភេរវជន​ដែល​ចង់​វាយប្រហារ​អា​ហ្វ​ហ្កា​នី​ស្ថាន​និង​ឥណ្ឌា​ផង​»​។​

​តាំងពី​យូរ​មកហើយ មេដឹកនាំ​អា​ហ្វ​ហ្កា​នី​ស្ថាន Ashraf Ghani តែងតែ​រិះគន់​និង​ចោទ​ប្រទេសជិតខាង​ប៉ា​គី​ស្ថាន​ថា​ជា​ប្រទេស​ដែល​គាំទ្រ​ចលនា​ភេរវជន​តា​លី​បង់​នៅក្នុង​ប្រ​ទេ​អា​ហ្វ​ហ្កា​នី​ស្ថាន​។ ចំណែក​ឥណ្ឌា​ឯណោះ​វិញ ក៏បាន​ចោទប្រកាន់ថា ប៉ា​គី​ស្ថាន​នេះ​បានផ្តល់​ជំនួយ​ដល់​ក្រុម​ប្រដាប់អាវុធ​ដែល​ឆ្លងដែន​ចូលដល់​តំបន់​កា​ស្មៀ​ដែល​ស្ថិតក្រោម​ការកាន់កាប់រ​បស់​ឥណ្ឌា​។ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​អ៊ី​ស្លា​ម៉ា​បាត បាន​ទាត់ចោល​រាល់​ការ​ចោល​ប្រកាន់​ទាំងនេះ ហើយ​អះអាងថា​ខ្លួន​ស្អាតស្អំ​គ្មាន​ពាក់ព័ន្ធ​ចលនា​ទាំង​នេះឡើយ​។

​សូមបញ្ជាក់ថា លោក ប្រធានាធិបតី​អា​ហ្វ​ហ្កា​នី​ស្ថាន Ashraf Ghani បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​រយៈពេល ២​ថ្ងៃ ដោយ​ទស្សនកិច្ច​ចាប់ផ្តើម​ពីថ្ងៃ​ពុធ​ទី ១៤ កញ្ញា​នេះ​។  ហើយ​លោក Ashraf Ghani ក៏​នឹង​ផ្តល់​សុន្ទរកថា​នៅក្នុង​កម្មវិធី​« ប្រឆាំង​ភេរវកម្ម​ពិភពលោក​» នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មួយ​នៅ​ទីក្រុង​ដែ​លី​ដែរ​ក្រោយ​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​៕


Tag:
 នា​រិ​ន្ទ្រា ម៉ូ​ឌី​
  Ashraf Ghani
© រក្សាសិទ្ធិដោយ thmeythmey.com