ជាតិ
ក្រុមអ្នកច្បាប់​អន្តរជាតិ ស្វាគមន៍​គោលនយោបាយ​ថ្មី​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​រំលោភបំពាន​ដីធ្លី​
18, Sep 2016 , 2:30 pm        
រូបភាព
ដោយ:
​វ៉ាស៊ីនតោន​៖ តុលាការ ICC នេះ ភាគច្រើន​សម្រេច​ក្តី​តែ​លើ​សំណុំរឿង​ទាក់ទិន​នឹង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប៉ុណ្ណោះ ចាប់តាំងពី​តុលាការ​នេះ ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០១២​។​



​ក្រុមហ៊ុន​ច្បាប់​អន្តរជាតិ Global Diligence ដែលមាន​ឯកទេស​ខាងច្បាប់​ព្រហ្មទណ្ឌ​និង​សិទ្ធិមនុស្ស​អន្តរជាតិ បាន​សម្ដែង​ការ​សាទរ​របស់ខ្លួន​ចំពោះ​ការសម្រេច​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (​ឬ​ហៅ​កាត់​ថា​ICC) ក្រោយពី​តុលាការ​នេះ បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​នឹង​ចាប់ផ្ដើម​ផ្ដោតទៅលើ​ឧក្រិដ្ឋកម្ម​ទាក់ទិន​នឹង​ការបំផ្លិចបំផ្លាញ​បរិស្ថាន និង​ការរំលោភបំពាន​ដីធ្លី​ដោយ​ខុសច្បាប់​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ថ្លែងការណ៍​មួយ​របស់​ក្រុមហ៊ុន​ច្បាប់​អន្តរជាតិ ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស​។​

​ក្រុមអ្នកច្បាប់​អន្តរជាតិ​នេះ បាន​លើកឡើងថា ការផ្តោត​ទៅលើ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ថ្មី​នេះ នឹង​ជួយ​បិទ​គម្លាត​និទ្ទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដែល​បាន​ប្រព្រឹត្តិ​ក្នុងពេល​ប្រទេសមួយ​មាន​សន្តិភាព​។​

​ក្រុមហ៊ុន Global Diligence បាន​និយាយថា «​ការណ៍​នេះ ក៏បាន​បើកចំហ​ទ្វារ​សម្រាប់​សំណុំរឿង​ដែល​បាន​ដាក់ជូន​តុលាការ តំណាង​ឲ្យ​ជនរងគ្រោះ​កម្ពុជា ប្រឆាំងនឹង​ក្រុម​អភិជន​ដែល​កំពុង​គ្រប់គ្រង​ប្រទេស​កម្ពុជា​ផងដែរ​»​។​

​កាលពី​ឆ្នាំ​២០១៤ មេធាវី​អង់គ្លេស​ម្នាក់​គឺ​លោក Richard Rogers ដែលជា​ដៃគូ​របស់​ក្រុមហ៊ុន​ច្បាប់ Global Diligence​នេះ បានដាក់​សារ​ណា ប្ដឹងទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ ដោយ​បានស្នើ​ព្រះរាជអាជ្ញា​នៃ​តុលាការ​នេះ ឲ្យ​ស៊ើបអង្កេត​ការជម្លៀស​ពលរដ្ឋ និង​ការបណ្តេញ​ចេញពី​លំនៅដ្ឋាន​ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ​និង​យ៉ាង​ទូលំទូលាយ ដែល​បណ្តាលមកពី​ការរំលោភបំពាន​ដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក Richard Rogers បាន​ថ្លែងថា «​គោលនយោបាយ​ថ្មី​របស់​អយ្យការ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ បានបញ្ជាក់​ពី​តម្រូវការ​ក្នុងការ​ដោះស្រាយ​ឧក្រិដ្ឋកម្ម​ជា​ប្រព័ន្ធ ដែល​បាន​ប្រព្រឹត្ត ក្រោម​ឈ្មោះ​«​ការអភិវឌ្ឍ​» ដោយសារ​ឧក្រិដ្ឋកម្ម​បែបនេះ បំផ្លាញ​ជនរងគ្រោះ មិនតិចជាង​ឧក្រិដ្ឋកម្ម​ក្នុងពេល​មាន​សង្គ្រាម​នោះទេ​»​។​

​តុលាការ ICC ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូ​ឡង់ ត្រូវបាន​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​។ តុលាការ​នេះ ភាគច្រើន​សម្រេច​ក្តី​តែ​លើ​សំណុំរឿង​ទាក់ទិន​នឹង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប៉ុណ្ណោះ ចាប់តាំងពី​តុលាការ​នេះ ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០០២​។​

​ប៉ុន្តែ ក្រោយពី​មានការ​តស៊ូ​មតិ​យ៉ាង​ខ្លាំងក្លា​ពី​សកម្មជន​ដីធ្លី​នានា​ទូទាំង​ពិភពលោក​មក តុលាការ​នេះ បាន​និយាយថា ការបំផ្លិចបំផ្លាញ​បរិស្ថាន និង​ការរំលោភបំពាន​ដីធ្លី ក៏​អាចធ្វើ​ឲ្យ​រដ្ឋាភិបាល​និង​បុគ្គល ត្រូវបាន​កាត់ទោស​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​ផងដែរ​។​

​នៅក្នុង​ប្រទេស​កម្ពុជា ប្រជាពលរដ្ឋ​ប្រមាណ​៨៣​ម៉ឺន​នាក់ បាន​រង​ផលប៉ះពាល់​យ៉ាង​អាក្រក់​ដោយសារ​ជម្លោះដីធ្លី ដោយ​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់ ត្រូវបាន​បង្ខំ​ឲ្យ​ចាក​ចេញពី​ដីធ្លី​និង​ផ្ទះសម្បែង​របស់​ពួកគេ ហើយ​ត្រូវ​រស់នៅក្នុង​ភាពក្រីក្រ​។ នេះ​បើ​ផ្អែក​តាម​ក្រុមអ្នកច្បាប់ Global Diligence៕

​សូមចុចទៅប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com