ជាតិ
ពីនេះ ពីនោះ
តើអ្វីជា មនសិការ ឧត្តមគតិ និងគតិបណ្ឌិត? 
×![]()
មនសិការ ឧត្តមគតិ និងគតិបណ្ឌិត សុទ្ធតែជាធម៌ ដែលនាំទៅរកការរីកចម្រើនទាំងអស់។ ដោយសារតែ ធម៌ទាំងបីខាងលើ មានសភាវៈផ្សេងពីគ្នា ដូច្នេះ ការរីកចម្រើនទាំងនោះ ក៏មិនដូចគ្នាដែរ។ យ៉ាងណាក៏ដោយ ការអត្ថាធិប្បាយចំពោះពាក្យទាំងបីនៅទីនេះ នឹងធ្វើឡើងតាមរយៈការពន្យល់ពី «លក្ខណៈសម្គាល់» ច្រើនជាងការពន្យល់ពី «និយមន័យ»។
-មនសិការ មាន«ការប្រកាន់ខ្ជាប់ក្នុងចិត្ត» ជាលក្ខណៈ។ ការប្រកាន់ខ្ជាប់ក្នុងចិត្ត គឺសំដៅដល់ការយករឿងអ្វីមួយ ឬវត្ថុអ្វីមួយ មកធ្វើទុកក្នុងចិត្ត។ ឧទាហរណ៍ថា អ្នកជាបុគ្គលម្នាក់ ដែលមានមនសិការចំពោះការសិក្សា នោះអ្នកប្រាកដជាចាត់ទុកការសិក្សា ជារឿងអាទិភាពក្នុងចិត្តជាមិនខាន។ ជាពិសេស អ្នកតែងពិចារណាជារឿយៗថា៖«អាត្មាអញ មិនអាចព្រងើយកន្តើយចំពោះការសិក្សាឡើយ។ អាត្មាអញ ត្រូវតែលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ហើយត្រូវតស៊ូយ៉ាងខ្លាំងក្លា ដើម្បីឲ្យការសិក្សា ទៅដល់គោលដៅ ដោយមិនឲ្យមាតាបិតា ខកបំណងជាដាច់ខាត»។
មនសិការ ប្រៀបដូចជាការយកខ្សែទៅចងឧសមួយបាច់អ៊ីចឹង។ ការសិក្សាអាចប្រដូចជាឧសមួយបាច់ ហើយការតាំងចិត្តរៀនសូត្រ អាចប្រដូចទៅនឹងខ្សែ។ ត្រង់នេះ មានន័យថា ដោយសារតែខ្សែនេះហើយ ទើបធ្វើឲ្យឧសមិនបែកខ្ញែកពីគ្នា ហើយមូលផ្តុំគ្នានៅក្នុងរង្វង់ខ្សែតែមួយ។ យ៉ាងណាមិញ ដោយសារតែ អ្នក មានមនសិការចំពោះការសិក្សានេះហើយ ទើបការសិក្សារបស់អ្នក មានការរីកចម្រើន ដោយមិនរវើរវាយ។
-រីឯឧត្តមគតិ មាន «ភាពខ្ពង់ខ្ពស់» ជាលក្ខណៈ។ ឧត្តមគតិ ប្រៀបដូចជាទង់ដែលត្រូវបានគេចង នៅឯចុងនៃដងទង់។ ទង់ដែលស្ថិតនៅឯចុងនៃដងទង់ តែងមានភាពលេចធ្លោក្នុងកែវភ្នែក របស់មនុស្សទាំងពួង។
បុគ្គលណាក៏ដោយ ឲ្យតែមានឧត្តមគតិក្នុងខ្លួន បុគ្គលនោះ តែងតែមានដំណើរជីវិត ប្រកបដោយភាពខ្ពង់ខ្ពស់ ក្នុងចិត្តរបស់មនុស្សផងគ្នា។ ការគិត ការនិយាយ និងការសម្តែងឥរិយាបថ របស់បុគ្គល ដែលមានឧត្តមគតិ សុទ្ធតែប្រកដដោយភាពឧត្តុង្គឧត្តម។
តួយ៉ាង ដូចជាបុគ្គលម្នាក់ មានឧត្តមគតិចំពោះប្រទេសជាតិ បុគ្គលនោះតែងផ្តោតអារម្មណ៍ពីប្រយោជន៍ជាតិ និងសុខទុក្ខរបស់ប្រជាជន ជាធំ។ ចំណែកឯ ការនិយាយរបស់បុគ្គល ដែលមានឧត្តមគតិចំពោះជាតិ តែងមានទំនោរទៅរករឿងនយោបាយ សេដ្ឋកិច្ច សង្គម និងបញ្ហាផ្សេងៗដែលពាក់ព័ន្ធនឹងប្រទេសជាតិ ដោយមិនជជែកពីរឿងរ៉ាវដែលឥតបានការនោះទេ។ ម្យ៉ាងវិញទៀត ឥរិយាបថរបស់បុគ្គលនោះ ក៏មានភាពថ្លៃថ្នូរ សីលធម៌ និងសុជីវធម៌ ផងដែរ។
-ដោយឡែក គតិបណ្ឌិត គឺសំដៅដល់សកម្មភាពមួយ គឺ «ដំណើរអ្នកប្រាជ្ញ ឬលម្អានអ្នកប្រាជ្ញ» ។ ជនណា មានគតិបណ្ឌិត គឺជននោះ មានដំណើរជីវិតប្រព្រឹត្តទៅដូចអ្នកប្រាជ្ញ ឬតាមលម្អាននៃអ្នកប្រាជ្ញ។
គ្រឿងសម្គាល់ចំនួនបីប្រការ គឺ «លក្ខណៈធម្មជាតិ បញ្ញត្តិ និងការងារ» ដែលជាធាតុផ្សំនៃគតិបណ្ឌិត។ ជន មានគតិបណ្ឌិត ជាជន ដែលមានធាតុទាំងបីនេះនៅក្នុងខ្លួន៖
លក្ខណធម្មជាតិ៖ ជនប្រកបដោយគតិបណ្ឌិត គឺមានលក្ខណៈ និងឧបនិស្ស័យដូចអំពៅ ទោះបីទៅដល់ទីណាក៏ដោយ ក៏មិនប្រែប្រួលសារជាតិរបស់ខ្លួនជាដាច់ខាត។ អត្ថន័យនេះ ចង់សំដៅថា ជនដែលមានគតិបណ្ឌិត តែងប្រព្រឹត្តអំពើល្អជានិច្ច ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ រូបគេ តែងធ្វើខ្លួនឲ្យស្អាតបរិសុទ្ធទាំងកាយ វាចា ចិត្ត ហើយក៏ដឹកនាំអ្នកដទៃឲ្យសាងអំពើជាកុសល និងធ្វើខ្លួនឲ្យបរិសុទ្ធ ផងដែរ។ ក្នុងការរស់នៅ ជននេះតែងតែធ្វើជាគំរូក្នុងការសាងអំពើល្អដល់មនុស្សគ្រប់រូប។ ទាំងនេះ ចាត់ទុកថា ជាលក្ខណធម្មជាតិ របស់បុគ្គល ដែលមានគតិបណ្ឌិត។
បញ្ញត្តិ៖ វា ជាប្រត្យក្សទៅហើយ ដែលថាជនមានគតិបណ្ឌិត គឺត្រូវតែជាជនមានចំណេះដឹងខ្ពង់ខ្ពស់ មានបញ្ញាជ្រៅជ្រះ មានការគិតពិចារណាប្រកបដោយហេតុផល។ ម្យ៉ាងទៀត ជនមានគតិបណ្ឌិត ក៏ជាជនដែលមានមេត្តាករុណា មានចិត្តសន្ដោសប្រោសប្រណី អធ្យាស្រ័យដល់អ្នកផង មានសន្តានចិត្តជួយសង្គ្រោះ និងជួយជ្រោមជ្រែងអ្នកដទៃ ឲ្យរួចចាកទុក្ខលំបាក។ ចំណេះដឹង និងគុណធម៌ គឺជាបញ្ញត្តិសម្រាប់បុគ្គល ដែលមានគតិបណ្ឌិត ដោយមិនអាចខ្វះបាន។
សកម្មភាពនិងការងារ៖ ក្នុងមួយជីវិតរបស់ជនមានគតិបណ្ឌិត គឺយើងតែងសម្គាល់ឃើញថា ពួកគេតែងធ្វើសកម្មភាព និងបំពេញកិច្ចការងារទាំងឡាយណាដែលអាចញ៉ាំងប្រយោជន៍និងសេចក្តីចម្រើនដល់ គ្រួសារ បងប្អូនសាច់ញាតិ រហូតដល់សង្គមមនុស្សជាតិទាំងពួង។ ពួកគេតែងតែសន្សល់ទុកនូវស្នាដៃដ៏មានតម្លៃផ្សេងៗ ក្នុងពេលមានជីវិត និងពេលដែលលាចាកលោកទៅ៕
Tag:
ទស្សនៈ
ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com