ពីនេះ ពីនោះ
ទំនួញ​កសិករ​ខ្មែរ​!
26, Jul 2021 , 12:59 pm        
រូបភាព
​កំណាព្យ​បទ ព្រហ្មគីតិ​
ដោយ ប៉ាកកា​ខ្មៅ​



​ស្រុក​យើង​កសិកម្ម​    ​    ​តែ​អ្នក​ដាំ​ខ្វះ​ទីផ្សារ​
​ដាំ​បាន​ហើយ​ផល្លា​    ​    ​អនិច្ចារ​ឈ្មួញ​បន្ថោក​។​

​ថ្លៃ​ជី​ថ្លៃ​កម្លាំង​    ​    ​    ​ទូទាត់​តាំង​ទឹកភ្នែក​ច្រោក​
​ខ្លះ​ខាត​ខំ​ទួញ​សោក​    ​    ​ស្រែ​កកោកៗ​រក​អ្នក​ជួយ​។​

​កាល​ដាំ​ខំ​ជឿ​បុល​    ​    ​ជាប់បំណុល​វ័ណ្ឌក​ព្រួយ​
​ខូច​ដប់​បាន​ផល​មួយ​    ​    ​បែរ​ត្រូវ​ព្រួយ​លក់​មិន​ចេញ​។​

​ដាំ​ស្រូវ​ល្ពៅ​ដំឡូង​    ​    ​ដាច់​ផ្ងារ​តូង​ដួល​មាត់​ស្ញេញ​
​ដាំ​បាន​មិន​ចំណេញ​    ​    ​លក់​មិន​ចេញ​គេ​បិទ​ផ្សារ​។​

​យើង​ពឹង​អ្នកជិតខាង​    ​    ​ផ្តល់​សំណាង​សាង​វាសនា​
​ដាំ​បាន​ហើយ​គេ​ថា​    ​    ​អស់​ផល្លា​យើង​មិនល្អ​។​

​ជួន​គេ​បិទ​ទីផ្សារ​    ​    ​ស្រេច​គេ​ថា​ឃើញ​យើង​ក្រ​
​គេ​ត្រូវការ​ថា​ល្អ​    ​    ​ដាំ​បន្ត​គេ​លែងយក​។​

​នាម​ជា​កសិករ​    ​    ​សូម​អង្វរ​រដ្ឋ​លៃលក​
​កសិផល​បានមក​    ​    ​គួរ​ជួយ​រក​ផ្សារ​ឲ្យ​បាន​។​

​កុំ​បណ្តោយ​ឲ្យ​ឈ្មួញ​    ​    ​រកស៊ី​ជួញ​សង្កត់​ប្រាណ​
​បន្ថោក​ហួសប្រមាណ​    ​ក្រឡុក​បាន​ស្រេច​តែ​ចិត្ត​៕


© រក្សាសិទ្ធិដោយ thmeythmey.com