ជាតិ
២ថ្ងៃទៀត តុលាការ នឹងកាត់ក្តីលោក នី ចរិយា លើសំណុំរឿងផ្សេង ក្រៅពីរឿងស្រីមុំ
× ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការ ដើម្បីជំនុំជម្រះលើលោក នី ចរិយា ដែលពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍ជាសាធារណៈលើ ព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប កាលពីឆ្នាំ២០១៥។ លោក នី ចរិយា ត្រូវបានប្តឹងដោយ លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងលោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប។
លោក នី ចរិយា អគ្គលេខាធិការរងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) រួមទាំងមេធាវីរបស់លោក នឹងចូលរួមក្នុងសវនាការ តាមដីកាកោះ។ នេះជាការអះអាងរបស់លោក សំ សុគង់ ដែលជាមេធាវីរបស់លោក នី ចរិយា។
លោក សំ សុគង់ បានប្រាប់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃអង្គារនេះថា លោក បានស្នើទៅសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឲ្យពលរដ្ឋចំនួន៤នាក់ផ្សេងទៀត ចូលរួមក្នុងសវនាការដែរ ដើម្បីធ្វើជាសាក្សី ក្នុងសំណុំរឿងរបស់លោក នី ចរិយា ដែលត្រូវបានចោទប្រកាន់។
លើសពីនេះទៀត លោក សំ សុគង់ ក៏បានស្នើឲ្យសាលាដំបូងរាជធានីភ្នំពេញ កោះហៅដើមបណ្តឹងទាំងពីរនាក់ គឺលោក សុខ កែវបណ្ឌិត និងលោក គី ឫទ្ធី ឲ្យចូលសវនាការផងដែរ ដើម្បីសួរដេញដោយជាមួយលោក នី ចរិយា។ លោកមេធាវីរូបនេះ បានបញ្ជាក់ដូច្នេះថា៖«វា ជាបំណងរបស់គាត់ (លោកនី ចរិយា) ដែលចង់ឲ្យដើមបណ្តឹងទាំងពីរហ្នឹង ចូលសវនាការដែរ ដើម្បីតទល់គ្នា ក្នុងតុលាការ»។
រហូតមកដល់ពេលនេះ លោក សំ សុគង់ មិនទាន់ទទួលបានការឆ្លើយតបជាផ្លូវការ ពីសាលាដំបូងរាជធានីភ្នំពេញនោះទេ ទាក់ទងនឹងសំណើរបស់លោក ដែលចង់ឲ្យដើមបណ្តឹងចូលរួមក្នុងសវនាការ។ ប៉ុន្តែ ក្រឡាបញ្ជី របស់ចៅក្រមជំនុំជម្រះ ដែលកាន់សំណុំរឿងរបស់លោក នី ចរិយា បានប្រាប់លោក សំ សុគង់ ថា កំពុងតែចាត់ការលើសំណើនេះ។
កាលពីឆ្នាំ២០១៥ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានជម្លោះដីធ្លី ជាមួយនឹងក្រុមហ៊ុនឯកជនមួយ។ បន្ទាប់មក តុលាការខេត្តសៀមរាប ក៏បានឃាត់ខ្លួនប្រជាពលរដ្ឋពីរនាក់ ក្នុងសំណុំរឿងដីធ្លីនេះ។ រីឯលោក នី ចរិយា ដែលកាលនោះជាមន្ត្រីជាន់ខ្ពស់របស់អង្គការអាដហុក បានចេញមុខ ជួយពលរដ្ឋ ដែលមានជម្លោះដីធ្លី និងអ្នកដែលត្រូវបានតុលាការឃាត់ខ្លួន។ នេះ បើតាមការរៀបរាប់របស់លោក សំ សុគង់។
លោក សំ សុគង់ មិនបានបកស្រាយថា លោក នី ចរិយា វាយប្រហារ ឬរិះគន់តុលាការខេត្តសៀមរាប យ៉ាងណានោះទេ។ ប៉ុន្តែលោក សំ សុគង់ គ្រាន់តែបញ្ជាក់យ៉ាងខ្លីថា មូលហេតុ ដែលលោក នី ចរិយា ត្រូវបានចោទពីបទ បរិហារកេរ្តិ៍ជាសាធារណ គឺដោយសារតែការចេញមុខ តស៊ូមតិក្នុងរឿងក្តីរបស់ប្រជាពលរដ្ឋនេះឯង។
ងាកចេញពីសំណុំរឿងខាងលើ លោក នី ចរិយា ក៏កំពុងតែមានភាពស្មុគស្មាញយ៉ាងខ្លាំងផងដែរ ក្នុងសំណុំរឿងរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលគេសង្ស័យថា មានរឿងអាស្រូវស្នេហាជាមួយនឹងឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ ទាក់ទងនឹងសំណុំរឿងស្រីមុំនេះ លោក នី ចរិយា ត្រូវបានចោទពីបទ «សមគំនិតក្នុងរឿងសូកប៉ាន់សាក្សី»។
មិនមែនតែលោក នី ចរិយា នោះទេ ដែលត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងរបស់ស្រីមុំ សូម្បីតែមន្ត្រីអាដហុកបួនរួបទៀត ក៏ជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះដែរ ហើយត្រូវបានតុលាការរាជធានីភ្នំពេញ ចោទពីបទ «សូកប៉ាន់សាក្សី»។ នៅទីបំផុត លោក នី ចរិយា និងមន្ត្រីអាដហុកទាំង៤រូប គឺ លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វង់ដា និងលោកស្រី លឹម មុន្នី ត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចបញ្ជូនខ្លួនទៅឃុំបណ្តោះអាសន្ន កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦៕
© រក្សាសិទ្ធិដោយ thmeythmey.com