ជាតិ
សង្គមជាតិ
ក្រសួងបរិស្ថាន ប្រាប់ឲ្យរោងចក្រ សហគ្រាស និងសិប្បកម្ម រៀបចំអាងសម្អាតសំណល់រាវទៅតាមស្តង់ដារ រូបរដ្ឋមន្រ្តីបរិស្ថាន ក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងស្តីពីគម្រោងរេដបូកនៅដែនជម្រកសត្វព្រៃកែវសីមា
× ក្រសួងបរិស្ថាន បានប្រាប់ទៅគ្រប់បណ្តារោងចក្រ សហគ្រាស និងសិប្បកម្មទាំងអស់ ឲ្យរៀបចំអាងប្រព្រឹត្តកម្មសម្អាតសំណល់រាវ មុននឹងបង្ហូរចូលទៅក្នុងប្រព័ន្ធលូសាធារណៈ ឬប្រភពទឹកសាធារណៈដទៃទៀត។ក្រសួងបរិស្ថាន ព្រមានម្ចាស់ ឬអ្នកទទួលខុសត្រូវទីតាំងទាំងនោះ នឹងប្រឈមមុខតាមផ្លូវច្បាប់ ក្នុងករណីខកខានមិនអនុវត្តន៍តាមវិធានការរបស់ក្រសួង។
ក្រសួងបរិស្ថាន ពិនិត្យឃើញថា មានរោងចក្រវាយនភ័ណ្ឌ រោងចក្របោកគក់ និងជ្រលក់ពណ៌ ឬបោះពុម្ព និងរោងចក្រកែច្នៃផលិតផលកសិ-ឧស្សាហកម្ម បានបញ្ចេញសំណល់រាវរបស់ខ្លួន ដោយមិនបានធ្វើប្រព្រឹត្តកម្មសម្អាតអាងឡើយ។ ចំណែកអាងប្រព្រឹត្តកម្មខ្លះ មិនបានដំណើរការឲ្យជាប់លាប់ និងមិនមានសមត្ថភាពឆ្លើយតបទៅនឹងបរិមាណសំណល់រាវ ដែលបានបង្កើត និងបញ្ចេញជាដើម។
បើតាមសេចក្តីជូនដំណឹងមួយកាលពីពេលថ្មីៗនេះ បានបញ្ជាក់ដូច្នេះថា៖«សកម្មភាពទាំងនេះ ជាហេតុបង្កឲ្យមានការបំពុលដោយផ្ទាល់ ឬប្រយោល ទៅដល់គុណភាពទឹក ដី និងបង្កផលប៉ះពាល់ទៅដល់សុខភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញប្រភពបំពុល។ ដើម្បីទប់ស្កាត់ស្ថានភាពដ៏គ្រោះថ្នាក់ទាំងនេះ ក្រសួងបរិស្ថាន បានប្រាប់ទៅ រោងចក្រ សហគ្រាស និងសិប្បកម្មណា ដែលពុំទាន់មានអាងប្រព្រឹត្តកម្មសម្អាតសំណល់រាវ ត្រូវតែរួសរាន់រៀបចំអាងប្រព្រឹត្តកម្មសម្អាតសំណល់រាវជាបន្ទាន់ ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស មុននឹងបង្ហូរចូលទៅក្នុងប្រព័ន្ធលូសាធារណៈ ឬប្រភពទឹកសាធារណៈដទៃទៀត»។
ដោយឡែក រោងចក្រ សហគ្រាស និងសិប្បកម្ម ដែលមានអាងប្រព្រឹត្តកម្មសម្អាតសំណល់រាវ ប៉ុន្តែមិនទាន់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ឬពុំមានលទ្ធភាពសម្អាតតបទៅតាមកម្រិតស្តង់ដារ ត្រូវកែតម្រូវអាងប្រព្រឹត្តកម្មសម្អាតសំណល់រាវជាបន្ទាន់ ដើម្បីធានាឲ្យការបញ្ចេញសំណល់រាវរបស់ខ្លួន មិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ។ រីឯ រោងចក្រ សហគ្រាស និងសិប្បកម្ម ដែលមានអាងប្រព្រឹត្តកម្មសម្អាតត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ត្រូវតែដាក់ឲ្យដំណើរការជាប់ជាប្រចាំ ហើយសំណល់រាវរបស់ខ្លួន ដែលបានធ្វើប្រព្រឹត្តកម្មសម្អាតរួច ត្រូវតែឆ្លើយតបតាមកម្រិតស្តង់ដារនៃការបញ្ចេញ។ នេះជាការបញ្ជាក់របស់ក្រសួងបរិស្ថាន ដែលបានបញ្ជាក់ថា សំណល់រាវដែលបានធ្វើប្រព្រឹត្តកម្មសម្អាតរួច ត្រូវបង្ហូរតាមបណ្តាញលូដាច់ដោយឡែក មុនតភ្ជាប់ទៅប្រព័ន្ធលូសាធារណៈ ឬបញ្ចេញទៅក្នុងប្រភពទឹកសាធារណៈ។
ចំណែកប្រព័ន្ធលូដាច់ដោយឡែកនៅចំណុចក្រៅរោងចក្រនោះ ត្រូវរៀបចំអណ្តូងលូ ដែលមានគម្របអាចបិទបើកបាន ដើម្បីឲ្យភ្នាក់ងារមានសមត្ថកិច្ច ចុះធ្វើការត្រួតពិនិត្យ និងងាយយកសំណាកទឹកសម្រាប់ធ្វើការវិភាគ ។ ហើយរាល់ការបង្ហូរចូលលូ ត្រូវមានការអនុញ្ញាតពីក្រសួងបរិស្ថានជាមុនសិន។ បើតាមក្រសួងបរិស្ថាន ម្ចាស់ ឬអ្នកទទួលខុសត្រូវប្រភពបំពុលទាំងនោះ នឹងត្រូវពិន័យអន្តរការណ៍ជាប្រាក់ ឬត្រូវប្រឈមចំពោះមុខច្បាប់តាមទំហំនៃបទល្មើសដែលបានប្រព្រឹត្ត ក្នុងករណីមិនបានអនុវត្តន៍តាមវិធានការរបស់ក្រសួង៕
© រក្សាសិទ្ធិដោយ thmeythmey.com