ជាតិ
សង្គមជាតិ
ជប៉ុនឲ្យថវិកាជាង ២លានដុល្លារដល់ WFP សម្រាប់ជួយកុមារកម្ពុជា
× ភ្នំពេញ៖ ជប៉ុនបានផ្តល់ថវិកាចំនួន ២២០លានយ៉េន ស្មើនឹងប្រមាណ ២លានដុល្លារអាមេរិកដល់កម្មវិធីស្បៀងអាហារពិភពលោក (World Food Programme) សម្រាប់ជួយផ្គត់ផ្គង់ អាហារូបត្ថម្ភដល់កុមារក្រីក្រ នៅកម្ពុជា។
លោក គូម៉ាម៉ារូ យូជិ (KUMAMARU Yuji) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងលោក Gianpictro Bordignon ប្រធានកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា បានចុះហត្ថលេខា ជំនួយថវិកាជាង ២លានដុល្លារអាមេរិកនេះ ក្នុងស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញានេះ។
លោក គូម៉ាម៉ារូ យូជិ (KUMAMARU Yuji) បានសាទរនឹងគម្រោងជួយផ្តល់អាហារូបត្ថម្ភ ដល់កុមារកម្ពុជា ដោយលោកថ្លែងក្នុងពិធីចុះហត្ថលេខានេះថា ជំនួយជប៉ុនដែលផ្តល់ឲ្យ WFP នឹងផ្គត់ផ្គង់ជាអាហារូបត្ថម្ភដល់កុមារក្រីក្រ ក្នុងសាលារៀននៅតាមសហគមន៍ ជនបទមួយចំនួន ដូចជា ខេត្តពោធិ៍សាត់ បាត់ដំបង ឧត្តរមានជ័យ កំពង់ស្ពឺ ព្រៃវែង កំពង់ធំ និងសៀមរាប ជាដើម។
លោកជឿជាក់ថា ការជួយគាំទ្ររបស់រដ្ឋាភិបាលជប៉ុន តាមរយៈ WFP ដល់ក្រុមគ្រួសារកុមារទាំងនោះ នឹងលើកទឹកចិត្តឱពុកម្តាយកុមារឲ្យបញ្ជូនពួកគេចូលសិក្សារៀនសូត្រ ក្នុងសាលារៀនគ្រប់ៗគ្នា ជៀសវាងជម្រុញពួកគេឱ្យធ្វើការងារដោយបោះបង់ការសិក្សា។
តាមលោក គូម៉ាម៉ារូ យូជិ WFP នឹងផ្តល់ត្រីខកំប៉ុងផលិតផលជប៉ុនចំនួន ២៩០តោន ដល់កុមារទាំងនោះដែរ។
ជាមួយគ្នាដែរ លោក Gianpictro Bordignon បានរៀបរាប់ពីជំនួយរបស់ជប៉ុននេះ ផ្តោត លើគម្រោង ២ សំខាន់ រួមមាន ទី១, កិច្ចសហការជាមួយ ក្រសួងអប់រំកម្ពុជា ដើម្បី លើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារៀនសូត្រដល់កុមារ និងគម្រោងទី២ កិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍន៍ជនបទ ពិសេសលើការប្រែប្រួល អាកាសធាតុ ដោយសហការជាមួយ អង្គការ NGO ក្នុងការជួយជនរងគ្រោះដោយសារគ្រោះមហន្តរាយ ធម្មជាតិនានា។
តាម លោក Gianpictro Bordignon នេះជាជំនួយចុងក្រោយដែលរដ្ឋាភិបាលជប៉ុនបានផ្តល់ដល់កម្មវិធីស្បៀងអាហាពិភពលោក (WFP) ចំណោមប្រទេសជាង ៧០ប្រទេសនៅជុំវិញ ពិភពលោក។ លោកចាត់ទុកជំនួយនេះ ពិតជាមានសារៈសំខាន់សម្រាប់ជួយកុមារកម្ពុជា ដើម្បីជួយផ្តល់អាហារូបត្ថម្ភចំពោះកុមារ និងសម្រួលដល់ជីវភាពគ្រួសាររបស់ពួកគេ។
«កុមារកម្ពុជាក្រីក្រប្រមាណជា៣៥ម៉ឺននាក់ និងគ្រួសារក្រីក្រជាមធ្យម ប្រមាណ៦ម៉ឺនគ្រួសារ នឹងទទួលជំនួយទាំងនេះ ដូចជា អង្ករ ត្រីខកំប៉ុង ដែលមានប្រួតេអ៊ីនគ្រប់គ្រាន់ ដល់ការសិក្សារបស់កុមារ»។ លោក Gianpictro Bordignon បញ្ជាក់។
ទន្ទឹមគ្នានេះ ប្រធាន WFP រូបនេះ បានសង្កេតផ្អែកលើកំណើនសេដ្ឋកិច្ចកម្ពុជា មានការររីកចំរើន ដូចនេះក្រសួងអប់រំនឹងទទួលគម្រោងនេះដោយផ្ទាល់ ដើម្បីជួយកុមារ នៅថ្ងៃអនាគត។ ហើយថា WFP នៅតែបន្តជួយជម្រុញបច្ចេកទេសបន្ថែម ដើម្បីឱ្យក្រសួងមានលទ្ធភាពគ្រប់គ្រងកម្មវិធីជាតិដោយផ្ទាល់៕
Tag:
គូម៉ាម៉ារូ យូជិ
WFP
© រក្សាសិទ្ធិដោយ thmeythmey.com