ជាតិ
សង្គមជាតិ
អដ្ឋិធាតុ Papy (​ប៉ា​ពី​) មួយផ្នែក​នឹងត្រូវ​ដាក់​តម្កល់​លើ​គំនរ​សំរាម​ស្ទឹងមានជ័យ​នៅ​ថ្ងៃស្អែក​
27, Sep 2016 , 11:58 am        
រូបភាព
​ភ្នំពេញ​៖ អដ្ឋិធាតុ​មួយផ្នែក​របស់លោក គ្រី​ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ ដែល​កុមារ​នៃ​អង្គការ​ភាព​ញញឹម​នៃ​កុមារ​ហៅថា Papy (​ប៉ា​ពី​) មានន័យថា លោកតា នោះ នឹង​ត្រូវគេ​យកទៅ​តម្កល់​នៅលើ​ទីតាំង​គំនរ​សំរាម​ចាស់​នៅ​តំបន់​ស្ទឹងមានជ័យ​។ ធាតុ​មួយផ្នែក​ទៀត​នឹង​ត្រូវគេ​យកទៅ​តម្កល់​នៅក្នុង​ព្រះវិហារ​គ្រឹះ​សាសនា​មួយកន្លែង​នៅ​ទីក្រុង​ភ្នំពេញ និង​ធាតុ​មួយផ្នែក​ទៀត នឹងត្រូវ​ក្រុមគ្រួសារ​យក​ត្រឡប់​ទៅកាន់​ប្រទេស​បារាំង​វិញ​។



​លោក ឃុន ចាន់ថា សមាជិក​គណៈកម្មាធិកា​រ​រៀបចំ​បុណ្យសព​លោក គ្រី​ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ​នៃ​អង្គការ​ភាព​ញញឹម​នៃ​កុមារ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្ការ​នេះ​ថា ក្រុមការងារ​នឹង​យក​អដ្ឋិធាតុ​លោកតា ប៉ា​ពី មួយផ្នែក​ទៅ​តម្កល់​នៅលើ​គំនរ​សំរាម​ចាស់​ស្ទឹងមានជ័យ​នៅវេលា​ម៉ោង​៨​កន្លះ​ព្រឹក​។ «​ពេល​គាត់​នៅរស់ គាត់​ធ្លាប់​ប្រាប់​ខ្ញុំ​ថា នៅពេល​គាត់​ស្លាប់ទៅ ត្រូវយក​អដ្ឋិធាតុ​របស់គាត់​ទៅ​តម្កល់​នៅលើ​គំនរ​សំរាម​ស្ទឹងមានជ័យ​។ មូលហេតុ គឺ​ដោយសារ​គំនរ​សំរាម​នេះហើយ ដែល​ជំរុញ​ទឹកចិត្ត​លោក​ឲ្យ​បង្កើត​អង្គការ​ភាព​ញញឹម​នៃ​កុមារ​»​។ នេះ គឺជា​ការរៀបរាប់​ឡើងវិញ​របស់លោក ឃុន ចាន់ថា សមាជិក​គណៈកម្មាធិកា​រ​រៀបចំ​បុណ្យសព​ដោយ​ដកស្រង់​បណ្តាំ​លោកតា ប៉ា​ពី កាល​គាត់​នៅមាន​ជីវិត​។ 

​លោក គ្រី​ស្យ​ង់ និង​ភរិយា Marie-France បាន​បង្កើត​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) តាំងពី​ឆ្នាំ​១៩៩៥ មក ហើយ​បាន​ជួយ​ដល់​កុមារ​ដែល​រស់នៅ​ម្តុំ​ស្ទឹងមានជ័យ ជាយ​រាជធានី​ភ្នំពេញ ជាពិសេស​នៅលើ​គំនរ​សំរាម ជាច្រើន​ពាន់​នាក់ តាមរយៈ​ការផ្តល់​ឱកាស​សិក្សា ការ​ស្នាក់នៅ អាហារ និង​ការ​ទំនុកបម្រុង​ផ្សេងៗ​។ សប្បុរសជន​ទាំងពីរ​នាក់​នេះ ត្រូវបាន​គេ​ហៅថា​តា និង​យាយ (Papy Mami) និង​ត្រូវបាន​គេ​ចាត់ទុកថា ជា​ឪពុកម្តាយ​ទី​ពីរ​របស់​កុមារ​កម្ពុជា​។

​លោក គ្រី​ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ បានទទួល​មរណភាព​ដោយ​រោគាពាធ​កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ នា​វេលា​ម៉ោង​៦ និង​៥៨​នាទី ក្នុង​ជន្មាយុ​៨២​ឆ្នាំ​។ សព​លោក គ្រី​ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ ត្រូវបាន​គេ​បូជា​កាលពី​ថ្ងៃ​ចន្ទ ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង ១ រសៀល​ម្សិលមិញ​។
 
​ក្នុង​រយៈពេល​២១​ឆ្នាំ​កន្លងមកនេះ កុមា​រលើ​គំនរ​សំរាម​ជាច្រើន​នាក់​ដែល​ធ្លាប់​ក្រីក្រ បានក្លាយ​ទៅជា​ធនធាន​មនុស្ស​ដ៏​ពូកែ​នៅក្នុង​ស្ថាប័នរដ្ឋ និង​ឯកជន​នៅក្នុង​ប្រទេស​កម្ពុជា​។ កុមារ​មួយចំនួនធំ​ដែល​ធ្លាប់តែ​រើស​សំរាម បាន​ក្លាយទៅជា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ធំៗ ជាតិ និង​អន្តរជាតិ​។ កុមារ​ខ្លះ បានក្លាយ​ទៅជា​អ្នកមាន​ធនធាន និង​មានមុខ​មាន​មាត់​យ៉ាងខ្លាំង​នៅក្នុង​សង្គម​ខ្មែរ​នាពេល​បច្ចុប្បន្ននេះ​។ សម្រាប់​កុមារ​រើស​សំរាម និង​សម្រាប់​កុមារ​ដែល​ធ្លាប់​ក្រីក្រ​ហើយ​ជួយសង្គ្រោះ​ដោយ​លោក គី ស្យ​ង់​, លោក គ្រី​ស្យ​ង់ គឺជា​វីរបុរស​មនុស្សធម៌រ​បស់​ពួកគេ​។ អ្នកខ្លះ ហៅ​លោក គ្រី​ស្យ​ង់ ថា ជា​«​តា​»​របស់​កុមារ​រើស​សំរាម និង​កុមារ​ក្រីក្រ​។ អ្នក​ខ្លះទៀត​ចាត់ទុក​លោកតា ជា​បី​តា​ទី​ពីរ​របស់​ពួកគេ​។

​លើ​ពីនេះ​ទៅទៀត អ្វីដែល​គ្រួសារ​ខ្មែរ​មួយចំនួន​សម្រក់​ទឹកភ្នែក​ទាំង​មិន​អស់ចិត្ត​នោះ គឺ​នៅត្រង់ថា លោកតា គ្រី​ស្យ​ង់ គឺជា​ជនជាតិ​បារាំង​សោះ តែ​លោកតា មានទឹក​ចិត្តសប្បុរស​ធម៌ ទឹកចិត្ត​ជ្រះថ្លា ទឹកចិត្ត​សណ្តោស ទឹកចិត្ត​បុណ្យ​…​ជួយសង្គ្រោះ​ជីវិត​កុមារ​ក្រីក្រ​រើស​សំរាម​ខ្មែរ​ឲ្យ​ចាក​ចេញពី​រណ្តៅ​អវិជ្ជា និង​ចេញពី​រណ្តៅ​នៃ​ភាពក្រីក្រ​។

​លោក ឃុន ចាន់ថា បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ធាតុ​មួយផ្នែក​ទៀត​នឹង​ត្រូវគេ​យកទៅ​តម្កល់​នៅក្នុង​ព្រះវិហារ​គ្រឹះ​សាសនា​មួយកន្លែង​នៅ​ទីក្រុង​ភ្នំពេញ និង​ធាតុ​មួយផ្នែក​ទៀត នឹងត្រូវ​ក្រុមគ្រួសារ​យក​ត្រឡប់​ទៅកាន់​ប្រទេស​បារាំង​វិញ​។ «​ភរិយា​របស់លោក​នឹង​យក​ធាតុ​ត្រឡប់​ទៅ​ប្រទេស​បារាំង​នៅ​ថ្ងៃអាទិត្យ​ទី​២​ខែតុលា​ខាងមុខនេះ​»​។ នេះ គឺជា​ការបញ្ជាក់​បន្ថែម​របស់លោក ឃុន ចាន់ថា​៕


Tag:
 Papy
  ប៉ា​ពី​
© រក្សាសិទ្ធិដោយ thmeythmey.com