ពីនេះ ពីនោះ
ហេតុអ្វី​បានជា​ព្រះសង្ឃ​សូត្រ​បទ​បរាភវ​សូត្រ​នាពេល​ទៀបភ្លឺ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​?
02, Sep 2020 , 11:29 pm        
រូបភាព
​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ព្រះសង្ឃ​គ្រប់​វត្ត​អារាម​តែងតែ​និមន្ត​សូត្រ​បទ​បរាភវ​សូត្រ នៅលើ​ព្រះវិហារ ឬ​សាលាឆាន់ នាពេល​ទៀបភ្លឺ ក្រោយពី​បញ្ចប់​ការចាក់​បទ​ទំនួញ​ប្រេត និង​បន្ទាប់ពី​បោះ​បាយបិណ្ឌ​រួច​។ តើ​បរាភវ​សូត្រ​មានន័យ​ដូចម្តេច​? ហើយ​ហេតុអ្វី​បានជា​ព្រះសង្ឃ​ចាំ​ចាច់​ត្រូវ​សូត្រ​បទ​នេះ នៅពេល​ជិត​ភ្លឺ​ដូច្នេះ​?



​បរាភវ​សូត្រ មានន័យថា វោហារសាស្ត្រ បែបបទ ឬក៏​មាត្រា ដែល​បង្ហាញ​ពី​អត្ថន័យ នៃ​សេចក្តី​វិនាស​។ ការសូត្រ​បទ​បរាភវ​សូត្រ​នេះ គឺជា​ការរៀបរាប់​ពី​សេចក្តី​វិនាស​ទាំងឡាយ ដែល​ជន​ប្រុស​ស្រី ត្រូវ​ចៀសវាង​។ នៅពេល​បាន​យល់ថា​អ្វី​ជា​សេចក្តី​វិនាស និង​អ្វី​ជាហេតុ​នាំ​ឲ្យ​វិនាស​ហើយ ជនានុជន​គ្រប់រូប គប្បី​កុំ​ប្រព្រឹត្ត​ឡើយ នូវ​ហេតុ​ឬ​អំពើ​ដែល​នាំ​ឲ្យ​វិនាស​នោះ​។
 
​តាម​អ​ន្ថ​ន័យ​នៃ​បរាភវ​សូត្រ​នេះ សេចក្តី​វិនាស​នោះ​គឺមាន​១២​ប្រការ ពោលគឺ ១. ការ​ទ្រុស្ត​ធម៌ ឬ​ស្អប់​ធម៌​, ២. ការសេព​គប់​នឹង​ជន​ជា​អសប្បុរស​, ៣. ការ​ដេក​ច្រើន និយាយ​ច្រើន​ឥតប្រយោជន៍ ខ្ជិលច្រអូស និង​ខឹង​ច្រើន​, ៤. ការមិន​ចិញ្ចឹម​មាតាបិតា​, ៥. ការ​ភូតកុហក​បោក​បញ្ឆោត​អ្នកដទៃ​, ៦. ការ​លាក់​អាហារ​ឆ្ងាញ់ៗ និង​ធនធាន ដោយ​មិនចេះ​ចែករំលែក​ដល់​អ្នកផង​ទាំងពួង​, ៧. ការប្រកាន់​ជាតិ ប្រកាន់​ត្រកូល ប្រកាន់​ឋានៈ និង​មិន​រាប់រក​សាច់ញាតិ​របស់​ខ្លួន​, ៨. ប្រព្រឹត្ត​ល្បែង បី​ប្រការ គឺ​ល្បែង​ស្រី ល្បែង​ស្រា និង​ល្បែងភ្នាល់​ស៊ីសង​, ៩. ការមិន​ត្រេកអរ​នឹង​ភរិយា ឬ​ស្វាមី​ខ្លួន​, ១០. បុរស​ចាស់​យក​ស្រីក្មេង​ធ្វើជា​ភរិយា និង​ស្ត្រី​ចាស់​យក​ប្រុស​ក្មេង​ធ្វើជា​ស្វាមី​, ១១. ការជ្រើសរើស​យក​ស្ត្រី ឬ​បុរស​ដែលជា​មនុស្ស​ខ្ជះខ្ជាយ​ធ្វើជា​គូ​កំណាន់​, ១២. ជន​កើត​ក្នុង​ត្រកូល​ក្សត្រ​ប្រាថ្នា​ចង់​ធ្វើជា​ស្តេច ដោយ​គ្មាន​ចំណេះ​វិទ្យា​។
 
​តាមពិតទៅ ការសូត្រ​បទ​នេះ អាច​សូត្រ​នៅពេលណា​ក៏បាន​ដែរ​។ តែ​ដោយហេតុថា ម៉ោង​៤ ឬ​៥ ជិត​ភ្លឺ​គឺជា​ពេល​ដ៏​ល្អ​បំផុត​សម្រាប់​ដាស់សតិ និង​អប់រំ​មនុស្ស​។

​ទី​១. ពេលនេះ ជា​ពេលដែល​ជន​ប្រុស​ស្រី​ភ្ញាក់​ពី​ដំណេក រៀបចំខ្លួន​មក​វត្ត​ជុំគ្នា ដើម្បី​បោះ​បាយបិណ្ឌ សមាទានសីល និង រៀបចំ​បាយទឹក​នំចំណី​ប្រគេន​ព្រះសង្ឃ​។ ដូច្នេះ​ពេលនេះ ជា​ឱកាស​ដែល​ប្រជាជន​អាច​ស្តាប់ឮ​ព្រះសង្ឃ​សូត្រ​បរាភវ​សូត្រ​ច្រើនជាង​ពេលណា​ទាំងអស់​។​

 ទី​. ២ ពេលនេះ ជា​ពេលដែល​មនុស្ស​យើង​មាន​អារម្មណ៍​ស្រស់ថ្លា​ល្អ មិនសូវ​ស្មុគស្មាញ ឬ​ជាប់ជំពាក់​នឹង​បញ្ហា​ជីវិត  ដែលជា​ហេតុ​នាំ​ឲ្យ​បរិស័ទ​អាច​ឆាប់​យល់​ពី​អ​ន្ថ​ន័យ​នៃ​បរាភវ​សូត្រ​នេះ​។

​ទី​៣. ដោយសារតែ​ក្នុងចំណោម​សេចក្តី​វិនាស​ទាំង​១២​កង នៃ​បរាភវ​សូត្រ មាន​សេចក្តី​វិនាស​១ គឺ​សេចក្តី​វិនាស​ទី​៣ ដែល​សម្តែង​ពី​សេចក្តី​វិនាស ដែល​កើតឡើង​ពី​ការ​ដេក​ច្រើន និង​សេចក្តី​ខ្ជិលច្រអូស​។ អ​ន្ថ​ន័យ​នេះ ពិត​ជាប់​ជួន​នឹង​ការ​ដាស់សតិ​ប្រជា​ពុទ្ធបរិស័ទ​ឲ្យ​ក្រោក​ពី​ព្រលឹម ដើម្បី​បំពេញភារកិច្ច​។ ហេតុដូច្នេះ ត្រង់នេះ ហាក់ដូចជា​ការណែនាំ​ប្រជាជន​ឲ្យ​អនុវត្ត​ផ្ទាល់​តែម្តង កុំ​ឲ្យ​ដេក​ទ្រមក់​នាំ​ឲ្យ​វិនាស​។

៤. ដោយសារតែ គ្មាន​ពេលណា​អំណោយផល​ល្អ ដូច​ពេល​ជិត​ភ្លឺ​នោះទេ ព្រោះ​ពេលព្រឹក​បរិស័ទ​ច្បាស់​ជា​ជាប់ជើង​ជាប់ដៃ នឹង​កិច្ចការ​ផ្សេងៗ ដល់ពេល​ថ្ងៃ​ជាប់រវល់​នឹង​ការរកស៊ី ហើយ​ពេល​ល្ងាច​ហត់នឿយ​នឹង​ការងារ ច្បាស់​ជា​ស្តាប់ធម៌​មិន​ចូល ចំណែកឯ​ពេល​ព្រលប់​ត្រូវការ​សម្រាក​ព្រោះ​អស់កម្លាំង​។ ដូច្នេះ​ពេលដែល​ល្អ​បំផុត​គឺជា​ពេល​ជិត​ភ្លឺ​នេះឯង​។ 
 
​បន្ទាប់ពី​សេចក្តី​អត្ថាធិប្បាយ​មក​ខាងលើនេះ យើង​ឃើញថា បរាភវ​សូត្រ ពិត​មាន​អ​ន្ថ​ន័យ​ជ្រាលជ្រៅ និង​គ្រប់​ជ្រុងជ្រោយ ក្នុងការ​អប់រំ​មនុស្ស​ឲ្យ​យល់​ពីអ្វី​ដែល​ហៅថា​សេចក្តី​វិនាស និង​អ្វីដែល​ជាហេតុ​នាំ​ឲ្យ​វិនាស​អន្តរាយ​ដល់​ជីវិត​។ បើ​យើងទាំងអស់គ្នា អាច​យល់ និង​អាច​ចៀសបាន​នូវ​សេចក្តី​វិនាស​ទាំង​១២​ប្រការនេះ ជីវិត​យើង​ហាក់ដូចជា​មិនមាន​សេចក្តី​វិនាស​ណា​ផ្សេង​ទៀតឡើយ​។ ហើយ​ពេលដែល​ប្រសើរ​បំផុត​ដើម្បី​ឲ្យ​ឱវាទ​នេះ​ចូលក្នុង​សតិអារម្មណ៍​របស់​ជនានុជន​នោះ គឺ​មានតែ​ការសូត្រ​នៅពេល​ម៉ោង ៤​ឬ​៥ ទៀបភ្លឺ​នេះឯង​៕


Tag:
 ​ភ្ជុំបិណ្ឌ​
  បរាភវ​សូត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com