ជាតិ
ហេតុអ្វី​បានជា​មានបុណ្យ​ភ្ជុំបិណ្ឌ​?
15, Sep 2020 , 9:19 am        
រូបភាព
 
​បុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យ​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ​ដទៃទៀត  ដែល​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស តែងតែ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ តាំងពី​បុរាណ​រៀងមក​។ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ  មាន​រយៈពេល​១៥​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃ ១​រោច រហូតដល់​ថៃ្ង​ទី ១៥​រោច ខែភទ្របទ​។ បុណ្យ​ភ្ជុំបិណ្ឌ គឺជា​បុណ្យប្រពៃណី​ខ្មែរ​យើង មិនមែនជា​បុណ្យ​ព្រះពុទ្ធសាសនា​ទេ តែ​របៀប នៃ​ពិធីបុណ្យ​នេះ ត្រូវបាន​ធ្វើឡើង​តាម​លំនាំ​ព្រះពុទ្ធសាសនា ដោយសារតែ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​លើសលុប ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​។​

 
​តើ​បុណ្យ​ភ្ជុំបិណ្ឌ​កើតឡើង​តាំងពី​ពេលណា ហើយ​ហេតុអ្វី​បានជា​មានបុណ្យ​នេះ​នៅក្នុង​ប្រទេស​ខ្មែរ​យើង​? ហេតុអ្វី​បានជា​បុណ្យ​ភ្ជុំបិណ្ឌ​មានតែ​រយៈពេល​តែ​១៥​ថ្ងៃ​? ម្យ៉ាងទៀត ហេតុអ្វី​បានជា​បុណ្យ​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​ក្នុង​រដូវ​ចូល​ព្រះវស្សា​យ៉ាង​ដូច្នេះ​?
 
​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ឬ​យើង​ហៅ​ពី​សម័យមុន​ថា បុណ្យ​សែនដូនតា បាន​កើតមានឡើង​តាំងពី​បុរាណកាល ពោលគឺ​តាំងពី​សម័យអង្គរ​មក​ម្ល៉េះ​។ បើតាម​គម្ពីរ​វិញ​នោះ ច្បាស់​ណាស់​ថា​មានរឿង​និទាន​ទាក់ទង​នឹង​ការកកើត​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ប៉ុន្តែ​ដោយសារតែ​រឿងនិទាន​នេះ​មានដំណើរ​ដើមទង​វែង​អន្លាយ និង​ស្មុគស្មាញ​ក្រៃពេក ហើយ​ហាក់ដូចជា​មិនសូវ​ឆ្លុះបញ្ចាំង​ពី​ភាពប្រាកដនិយម​សម្រាប់​ជីវិត​របស់​យើង​បច្ចុប្បន្ន​ឡើយ ដូច្នេះ ខ្ញុំ​សូម​អធ្យាស្រ័យ​មិន​រៀបរាប់​អំពី​រឿងនិទាន​នេះ​ទៅ​ចុះ​។ ប៉ុន្តែ​អ្វីដែល​សំខាន់ ខ្ញុំ​សូម​លាតត្រដាង​នូវ​គំនិត​អ្នកប្រាជ្ញ​ខ្មែរ​យើង ទាក់ទង​នឹង​មូលហេតុ​ដែល​នាំ​ឲ្យ​កើត​ពិធីបុណ្យ​នេះ ដើម្បី​ជាការ​យល់ដឹង​សម្រាប់​ជីវិត​រស់នៅ​ជាក់ស្តែង​នាពេល​បច្ចុប្បន្ន​។​
 
​តាម​គំនិត​អ្នកប្រាជ្ញ​ខ្មែរ​យើង លោក​បាន​ពោល​ទុក​នូវ​មូលហេតុ​ចម្បងៗ​មួយចំនួន ដែល​នាំ​ឲ្យ​កម្ពុជា​យើង​បង្កើត​ពិ​ធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។ មូលហេតុ​ទាំងនោះ​រួមមាន​៖
 
១. មូលហេតុ​ដ៏​ធំ​បំផុត ដែល​នាំ​ឲ្យ​មានបុណ្យ​ភ្ជុំបិណ្ឌ​នៅក្នុង​ប្រទេស​យើង​នោះ គឺ​ពិធីបុណ្យ​នេះ ត្រូវបាន​បង្កើតឡើង​ដើម្បីទំនុកបម្រុង​ព្រះសង្ឃ ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ត​រយៈពេល​៣​ខែ ចាប់តាំងពី​ថ្ងៃ​ចូល​វស្សា រហូតដល់​ថ្ងៃ​ចេញ​វស្សា​។ ដោយសារតែ ក្នុង​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ រលឹម​ពព្រិច ធ្វើ​ឲ្យ​មានការ​លំបាក​ដល់​ព្រះសង្ឃ​ក្នុងការ​និមន្ត​បិណ្ឌបាត​។ ហេតុដូច្នេះ ទើប​អ្នកប្រាជ្ញ​ខ្មែរ​យើង នាំគ្នា​បង្កើត​ឲ្យ​មាន​ពិធីបុណ្យ​នេះ​រៀងរាល់ឆ្នាំ ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ប្រចាំថ្ងៃ រហូតដល់​ថ្ងៃ​ចេញ​វស្សា​។ អ៊ីចឹង យើង​ឃើញថា កាលពី​បុរាណសម័យ បុណ្យ​ភ្ជុំបិណ្ឌ​នេះ គឺមាន​រយៈពេល ៣​ខែ​ឯណោះ ទើប​ចប់ ពោលគឺ​ចាប់ពី​ថ្ងៃ​ចូល​ព្រះវស្សា រហូតដល់​ថ្ងៃ​ចេញ​ព្រះវស្សា​។ ប៉ុន្តែ សម័យ​ក្រោយៗ​មកទៀត អ្នកប្រាជ្ញ​ខ្មែរ​យើង ជាពិសេស​អ្នកប្រាជ្ញ​ទាំងឡាយ​ដែលជា​ព្រះសង្ឃ បាន​មើលឃើញ​ភាពលំបាក​យ៉ាងខ្លាំង​របស់​គ្រហស្ថ ដែល​ត្រូវ​ចំណាយ​រយៈពេល ៣​ខែ ដែលជា​រយៈពេល​យ៉ាងយូរ​ក្នុងការ​ផ្គត់ផ្គង់​ព្រះសង្ឃ​។ ម្យ៉ាងទៀត​ធ្វើ​ឲ្យ​គ្រហស្ថ​ខាត​ពេលវេលា ធ្វើស្រែ​ចម្ការ​ទៀតផង​។ ហេតុ​ដូច្នេះហើយ បានជា​អស់លោកអ្នក​ប្រាជ្ញ​ទាំងនោះ ព្យាយាម​កែប្រែ​ពី​ការ​ប្រារព្ធ​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​៣​ខែ មក​ត្រឹម​រយៈពេល​១៥​ថ្ងៃ រហូតដល់​បច្ចុប្បន្ន​។ ការធ្វើ​បែបនេះ គឺ​ដើម្បី​សម្រួល​ដល់​ប្រជារាស្ត្រ​ក្នុងការ​ធ្វើស្រែ​ចម្ការ ដោយហេតុថា ព្រះសង្ឃ​ផ្ញើ​ជីវិត​នឹង​ប្រជាកសិករ ដូច្នេះ​បើ​ប្រជារាស្ត្រ​លំបាក និង​មាន​បញ្ហា​ជីវភាព នោះ​ជីវិត​ព្រះសង្ឃ​ក៏ត្រូវ​ជួបនឹង​បញ្ហា​ដូច​ប្រជាពលរដ្ឋ​ដែរ​។ 
 
២. ពិធីបុណ្យ​នេះ ធ្វើឡើង​ដើម្បី​ឧទ្ទិស​បុណ្យ​កុសល ដល់​ពពួក​ញាតិ និង​ជីដូន​ជីតា​ទាំងឡាយ ដែល​បាន​ចែក​ស្ថាន​ទៅហើយ តាមរយៈ​អានុភាព​នៃ​ការ​ប្រគេន​នូវ​ចង្ហាន់​និង​ទេយ្យវត្ថុ​ផ្សេងៗ ដល់​ព្រះសង្ឃ និង​អ្នកមាន​សីល ឬ​អ្នកមាន​គុណធម៌​ខ្ពង់ខ្ពស់​។  ស្ថានភាព​របស់​សត្វលោក​នាពេល​បច្ចុប្បន្ន បើទោះបី​មាន​ឬ​ក្រ ស្រួល​ឬ​លំបាក សុខ​ឬ​ទុក្ខ សើច​ឬ​យំ គឺ​យើង​អាច​មើល​ឃើញនឹងភ្នែក​ទាំងអស់​។ តែ​អ្វីដែល​យើង​មិនអាច​វិនិច្ឆ័យ​បាន​នោះ គឺ​ក្រោយពេល​ជីវិត​ផុតរលត់​ទៅ ដោយ​យើង​មិនអាច​ដឹង​ច្បាស់​ថា តើ​ជីវិត​អ្នក​ដែល​បាត់បង់​ទៅ នឹង​កើតជា​អ្វី ឬ​កើត​ក្នុង​ស្ថាន​ណា​នោះឡើយ​។ ហេតុ​ដូច្នេះហើយ ទើប​អ្នកប្រាជ្ញ​ខ្មែរ​យើង អប់រំ​ប្រជារាស្ត្រ ដែលជា​កូនចៅ​កំពុងតែ​មានជីវិត​រស់​នៅ ឲ្យ​ចេះ​ធ្វើ​ទាន រក្សាសីល ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ដល់​បុព្វការី​ជន ដែល​បាន​ចែក​ស្ថាន​ទៅហើយ ព្រោះ​ក្រែងលោ អស់លោកអ្នក​មានគុណ​ទាំងនោះ ភ្លាត់សតិ ទៅ​កើត​ក្នុង​ស្ថាន​មិន​សមគួរ​ណាមួយ តួយ៉ាង​ដូចជា កើតជា​សត្វ​ប្រេត ឬ​សត្វ​នរក​ជាដើម ដែលជា​សត្វ​ត្រូវ​រងទុក្ខវេទនា និង​រងកម្ម​ក្រហល់ក្រហាយ​យ៉ាង​ក្រៃលែង​។​
 
៣. ក្រៅពី​ការធ្វើ​បុណ្យឧទ្ទិសកុសល​ដល់​សាច់ញាតិ​ដែល​បាន​ចែក​ស្ថាន ពិ​ធិ​បុណ្យ​នេះ​ក៏​ជា​ឱកាស​សម្រាប់​ប្រជារាស្ត្រ​ទូទាំងប្រទេស អាចធ្វើ​បុណ្យ បំពេញ​កុសល សម្រាប់​សេចក្តីសុខ និង​សេចក្តី​ចម្រុងចម្រើន​សិរី​សួស្តី​ដល់​ខ្លួនឯង នាល​បច្ចុប្បន្ន និង​សម្រាប់​ជា​ស្ពាន​ទៅកាន់​លោក​ខាងមុខ​ផងដែរ​។ អ្នកប្រាជ្ញ​ខ្មែរ​យើង​តែង​ពោលថា​៖ «​កើតមក គ្មានអ្វី​មក​តាម​ខ្លួន​នោះទេ ហើ​ង​ស្លាប់​ទៅវិញ ក៏​គ្មានអ្វី​ទៅតាម​ខ្លួន​ដែរ គឺ​មានតែ​បុណ្យ​និង​បាប​ប៉ុណ្ណោះ​»​។ ដូច្នេះ​បើ​ធ្វើបុណ្យ នោះ​បុណ្យ​និង​ទៅតាម​ខ្លួន តែបើ​ធ្វើបាប នោះ​បាប​និង​ទៅតាម​ខ្លួន​។​

៤. បុណ្យ​ភ្ជុំបិណ្ឌ គឺជា​មធ្យោបាយ​ដ៏​ប្រសើរ​មួយ ដើម្បី​បង្កើត​សាមគ្គី​របស់​ខ្មែរ​យើង ចាប់តាំងពី​ថ្នាក់ភូមិ សហគមន៍ រហូតដល់​ប្រទេសជាតិ​ទាំងមូល​។ ដោយសារតែ​ប្រទេស​យើង ជា​ទឹកដី​ដែល​ពឹង​ផ្អែកលើ​កសិកម្ម ហេតុ​ដូច្នេះហើយ​ប្រជាពលរដ្ឋ​ភាគច្រើន​រវល់​រៀងៗ​ខ្លួន ក្នុងការ​ធ្វើស្រែ​ចម្ការ​ដើម្បី​ចិញ្ចឹមជីវិត រហូតដល់​គ្មាន​ពេល​ជួបជុំគ្នា​ឡើយ​។ ការដែល​មិនសូវ​ជួបជុំគ្នា គឺជា​ហេតុ​នាំ​ឲ្យ​យើង​មិន​ស្និទ្ធស្នាល និង​មិនសូវ​យល់ចិត្ត​គ្នា​។ ការមិនយល់​ចិត្ត​គ្នា ជាហេតុ​នាំ​ឲ្យ​យើង​មិន​ជឿទុកចិត្ត​គ្នា​។ ការមិនជឿ​ទុកចិត្ត​គ្នា ជាហេតុ​នាំ​ឲ្យ​យើង​បែកបាក់​សាមគ្គី​គ្នា​។ ការបែកបាក់​សាមគ្គី​គ្នា ជាហេតុ​នាំ​ឲ្យ​ប្រទេសជាតិ​វឹកវរ​។ ប្រទេសជាតិ​ជួប​ភាពវឹកវរ ជាហេតុ​នាំមក​នូវ​សេចក្តី​ទុក្ខ​ទាំងពួង ដល់​ប្រជារាស្ត្រ​គ្រប់រូប​។ អញ្ចឹង​ហើយ​បានជា​អ្នកប្រាជ្ញ​ខ្មែរ​យើង បង្កើត​ពិធីបុណ្យ​នេះ ដើម្បី​ប​ង្ខា​ញ​ពី​ភាព​ស្រុះស្រួល​គ្នា និង​សាមគ្គីភាព​របស់​ពលរ​ដ្ឋ​គ្រប់​លំដាប់ថ្នាក់ នៅ​ទូទាំងប្រទេស​។​
 
​មូលហេតុ​ចម្បងៗ​ទាំងនេះហើយ ដែល​នាំ​ឲ្យ​អ្នកប្រាជ្ញ​ខ្មែរ​យើង រួបរួមគ្នា​បង្កើត​ឲ្យ​មានបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ឡើង​នៅ​ប្រទេស​កម្ពុជា តាំងពី​សម័យអង្គរ រហូតដល់​ពេលបច្ចុប្បន្ន​៕
 

Tag:
 ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com