ជាតិ
សង្គមជាតិ
អ្នក​មិនអាច​ដឹង​មុន​ទេ​ថា «​បុណ្យ បាប​» នឹង​ឲ្យ​ផល​យ៉ាងណា​នោះ
02, Oct 2016 , 6:30 pm        
រូបភាព
ផល​បុណ្យ និង​ផល​បាប កើតចេញ​មកពី​ទង្វើ​របស់​អ្នក ដែល​បាន​ប្រព្រឹត្ត​។ និយាយ​ឲ្យ​ងាយ​យល់ គឺថា «​ផល កើ​ចេញពី​ហេតុ ឬ​ហេតុ​នាំ​ឲ្យ​កើត​ផល​»​។
​បុណ្យ​បាប ប្រាកដជា​ឲ្យ​ផល តែ​គ្រាន់តែ​យើង​មិនអាច​ដឹងថា នឹង​ឲ្យ​ផល​ពេលណា ឬក៏​ឲ្យ​ផល​យ៉ាងដូចម្តេច​ឲ្យ​ពិតប្រាកដ​។ ការដឹង​លទ្ធផល​នៃ​អំពើ​បុណ្យ​បាប គឺ​នៅពេលដែល​កម្ម​នៃ​អំពើ​ទាំងពីរ​នេះ ហុច​ផល​ឲ្យ​។



​ផល​នៃ​អំពើ​បុណ្យ​បាប ប្រៀបដូចជា ផល​នៃ​ផ្លែស្វាយ​អ៊ីចឹង​ដែរ​។ បើ​យើង​កំពុងតែ​ដាំ​ដើម​ស្វាយ យើង​មិនអាច​សួរថា តើ​ដើម​ស្វាយ​នឹង​ផលិត​ចេញ​នូវ​ផ្លែស្វាយ​ប៉ុន្មាន​? ហើយ​ផ្លែស្វាយ​ទាំងនោះ នឹង​ដុះ​ចេញពី​មែក​ណាខ្លះ​? ហើយ​ផ្លែស្វាយ​ទាំងនោះ នឹងមាន​ទំហំ​ប៉ុនណា​ទៅ​? ធម្មជាតិ​ទាំងនេះ យើង​មិនអាច​ឆ្លើយ​បានទេ​។ អ្វីដែល​យើង​អាច​ដឹងបាន គឺ​នៅពេលដែល​ផ្លែស្វាយ​ទាំងនោះ​ដុះ​ចេញ​ជាក់ស្តែង​។​

​ចូរ​អ្នក​កុំ​ព្រួយ​ឡើយ ប្រសិនបើ​អ្នក​នៅតែ​មិនទាន់​យល់ច្បាស់​ថា ជាតិ​ក្រោយ​មាន​ឬ​មិនមាន ហើយ​មិនដឹងថា អ្នកនឹង​កើតជា​អ្វី ហើយ​កើត​នៅ​ស្ថានសួគ៌​ឬ​ស្ថាន​នរក ឬក៏​មិនដឹងថា​បុណ្យ​បាប នឹង​ឲ្យ​ផល​ដល់​អ្នក​យ៉ាងណា​នោះ​។ អ្នក​គ្រាន់តែ​ប្រកាន់ខ្ជាប់​ក្នុង​ចិត្ត​ថា​៖ «​បច្ចុប្បន្ន​ភ្លឺ ទៅ​អនាគត ក៏​ភ្លឺ​ដែរ​»​។

យ៉ាងណាក៏ដោយ បុគ្គល​មួយចំនួន មិនបាន​ជឿថា មានបុណ្យ​បាប នោះទេ​។ ការមិន​ជឿថា​មានបុណ្យ​បាប នេះ គឺ​កើតចេញ​មកពី​ការ​ជឿថា មិនមាន​ជាតិ​ក្រោយ ឬ​អាច​និយាយថា ជីវិត​របស់​មនុ​ស្សមា​ន​តែមួយ​ជាតិ ហើយ​ពេល​ស្លាប់ ប្រាកដជា​រលត់​សូន្យសុង ដោយ​មិនមាន​ការចាប់​កំណើត​ជាថ្មី​ឡើយ​។ ជំនឿ​បែបនេះហើយ ទើប​ធ្វើ​ឲ្យ​បុគ្គល​ទាំងនោះ យល់ថា បុណ្យ​បាប  នឹងមិន​ផ្តល់​ផល​ឲ្យ​ទេ​។

ទោះបីជា អំពើ​បាប​មិនទាន់​ឲ្យ​ផល​ជាក់ស្តែង ក្នុង​បច្ចុប្បន្នភាព​ក៏ដោយ ក៏​បុគ្គល​គ្រប់រូប គួរតែ​ចៀសវាង​ឲ្យ​ផុតពី​ការប្រព្រឹត្ត​នូវ​អំពើ​បាប​ទាំងពួង ហើយ​ងាក​មក​សាង​តែ​អំពើ​ល្អ​ទាំងពួង​វិញ ដើម្បី​ជាហេតុ​បច្ច័យ​នាំមក​នូវ​សេចក្តីសុខ​ផ្ទាល់ខ្លួន និង​សុខសន្តិភាព​ដល់​សង្គម ព្រមទាំង​ពិភពលោក​ទាំងមូល​៕


© រក្សាសិទ្ធិដោយ thmeythmey.com