ជាតិ
សង្គមជាតិ
ឆ្នាំ ២០១៧ កម្មករកាត់ដេរ និងផលិតស្បែកជើងនឹងបានប្រាក់ខែ ១៥៣ ដុល្លារ
×
នៅថ្ងៃទី ២៩ ខែកញ្ញា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចេញប្រកាសកំណត់ប្រាក់ខែគោលរបស់កម្មករនិយោជិតវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងចំនួន ១៥៣ដុល្លារ ដែលនឹងត្រូវអនុវត្តចាប់ពីខែមករាឆ្នាំ២០១៧ ខាងមុខ។
ប្រកាសដែលកំណត់ប្រាក់ឈ្នួលគោលរបស់កម្មករនិយោជិតនេះ ត្រូវបានដាក់ចេញ បន្ទាប់ពីគណៈកម្មការប្រឹក្សាការងារ នៅថ្ងៃទី២៩ខែកញ្ញានេះ បានបោះឆ្នោតជ្រើសរើសតួលេខ ១៤៨ដុល្លារ ដោយសំឡេង២២លើ២៤ ។ ហើយរដ្ឋាភិបាលបានបន្ថែមចំនួន ៥ ដុល្លារទៀតលើតួលេខនេះ ដែលសរុបទៅស្មើនឹង ១៥៣ ដុល្លារក្នុងមួយខែ។
នៅថ្ងៃទី២៨ខែកញ្ញា ម្សិលមិញ ក្រុមការងារត្រីភាគីបានបញ្ជូនតួលេខចំនួន៣ គឺ ១៧១ដុល្លារពីភាគីសហជីព ១៤៨ដុល្លារពីភាគីរដ្ឋាភិបាល និង ១៤៧ដុល្លារពីភាគីនិយោជក ទៅគណៈកម្មការប្រឹក្សាការងារ ដើម្បីបោះឆ្នោតសម្រេច។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ឲ្យដឹងថា សហជីពព្រមទទួលយកសេចក្ដីសម្រេចនេះ តែសហជីពនៅមិនពេញចិត្តនឹងតួលេខនេះទេ។ លោកនិយាយយ៉ាងដូច្នេះថា«នៅពេលនេះសេចក្ដីសម្រេចបានសម្រេចហើយ ដាច់ខាចយើងត្រូវតែទទួលយក ដោយសារនេះជាតួលេខមួយដែលត្រូវបានជជែកគ្នាដោយក្រុមការងារបច្ចេកទេស និងដាក់ឲ្យបោះឆ្នោត តែយើងមិនទាន់ពេញចិត្តនឹងតួលេខនេះទេ ព្រោះតួលេខនេះមិនទាន់អាចឲ្យកម្មកររស់នៅបានសមរម្យនៅឡើយ»។
លោក អាត់ ធន់ បន្តថា ក្រោយពិធីបុណ្យភ្ជុំបិណ្ឌ សហជីពនឹងពិភាក្សាគ្នាជុំវិញការឆ្លើយតបនឹងតួលេខ ដែលទើបប្រកាសដោយរដ្ឋាភិបាល។ «ការតវ៉ា អាចកើតឡើង ឬអត់ គឺអាស្រ័យការជជែកគ្នាជាមួយកម្មករបន្តទៀត ប៉ុន្តែខ្ញុំមើលទៅ លទ្ធភាពពេលនេះ រៀងពិបាកបន្តិចក្នុងការតវ៉ា។ បើយើងមើលស្ថានភាព ពួកខ្ញុំដែលជាអ្នកចរចា សុទ្ធតែស្ថិតក្នុងបណ្ដឹងដែលក្រោមការត្រួតពិនិត្យរបស់តុលាការទាំងអស់ ដែលយើងពិបាកក្នុងការតវ៉ា ហើយកម្មករនិយោជិតមួយចំនួន ក៏ពិបាកក្នុងការតវ៉ាដែរ ព្រោះនៅពេលថ្មីៗនេះ ពួកគាត់ត្រូវបានរឹតបណ្ដឹងពីនិយោជក និងអាជ្ញាធរច្រើនទៅលើពួកគាត់ »។ នេះជាបញ្ជាក់របស់លោក អាត់ ធន់ ដែលលោកបន្ថែមថា៖«វាមិនមែនយើងពេញចិត្តនឹងលទ្ធផលនេះមួយរយភាគរយទេ ហើយកម្មករមួយផ្នែកក៏នឹងពិចារណាផងដែរ។ យើងនឹងជជែកគ្នានៅពេលភ្ជុំបិណ្ឌហើយ»៕
Tag:
កម្មករ
កាត់ដេរ
ប្រាក់ខែគោល
© រក្សាសិទ្ធិដោយ thmeythmey.com