ពីនេះ ពីនោះ
កុំដៀលអីបើឃើញគ្រូក្រ! អតីតសិស្សវិទ្យាល័យក្រឡាញ់ ខេត្តសៀមរាប បាននាំគ្នារៀបចំពិធីរំលឹកគុណគ្រូ កាលពីឆ្នាំ២០១៦
× និពន្ធដោយ ប៉ាកកាខ្មៅ!
កំណាព្យបទ ព្រហ្មគីតិ
តុលាថ្ងៃទីប្រាំ ទិវាចាំជាសកល
ពិភពរំលឹកដល់ គុណគ្រូផ្តល់យើងគ្រប់ប្រាណ។
មុនយើងដូចសព្វថ្ងៃ គ្រូដឹកដៃទើបដើរបាន
សរសេរឬអាចអាន ចេះចំណានបានចំណេញ។
កវី បណ្ឌិតច្បាប់ ខ្លះចំណាប់ទិញលក់ចេញ
រកស៊ីកបចំណេញ អាចប្រដេញចេញប្រណាំង។
មន្ត្រីល្បីឧកញ៉ា អ្នកវោហារស័ព្ទដែលខ្លាំង
មេទ័ពពូកែច្បាំង មុននឹងខ្លាំងឆ្លងគ្រូសិន។
ចៅក្រមខាងកាត់ក្តី អ្នកប្រាជ្ញល្បីចេះច្បាប់ឆ្អិន
អឺរ៉ុបខ្មែរឬចិន អាគាំងប៉ិនក៏ព្រោះគ្រូ។
គុណគ្រូរាប់មិនអស់ រាប់ចោះៗមិនចង់យូរ
ថ្ងៃនេះរំលឹកគ្រូ ទើបខ្ញុំគូរគិតកាព្យខ្លី។
គ្រូស្តីឲ្យកុំខឹង គួរតែប្រឹងសិស្សប្រុសស្រី
ស្រឡាញ់ទើបគ្រូស្តី កុំដៀលអីបើគ្រូក្រ។
© រក្សាសិទ្ធិដោយ thmeythmey.com