ពីនេះ ពីនោះ
តើ​សុភាសិត​៖ «​ត្រី​កំភ្លាញ​ស្លាប់​ព្រោះ​មាត់ សត្វ​ខ្វែក​ស្លាប់​ព្រោះ​អាចម៍​» មាន​អត្ថន័យ​ដូចម្ដេច​?
22, May 2019 , 10:32 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ «​កំភ្លាញ​ស្លាប់​ព្រោះ​មាត់ ខ្វែក​ស្លាប់​ព្រោះ​អាចម៍​»  ជា​សុភាសិត​បុរាណ​មួយ​ដែល​ចាស់​បុរាណ​បានលើកឡើង​ពី​ការវិនាស​ជីវិត​របស់​ត្រី​កំភ្លាញ និង សត្វ​ខ្វែក ព្រោះតែ​មាត់ និង​ការបន្ទោរ​បង់​។ ក៏ប៉ុន្តែ តើ​អ្វី​ជា​ចេតនា​ពិត​នៃ​ការលើកឡើង​នៃ​សុភាសិត​ខ្មែរ​មួយ​នេះ​?



​ទាក់ទង​ជាមួយនឹង​ការលើកឡើង នៃ​សុភាសិត​នេះ គឺ​បានបង្ហាញ​អត្ថ​ន័យចំ​ផង និង​អត្ថ​ន័យធៀប​ផង ដែលជា​មាគ៌ា​ក្នុងការ​ពិចារណា​។  ការពិត​ណាស់ ត្រី​កំភ្លាញ ជា​ប្រភេទ​ត្រី​រស់​នៅតាម​បឹងបួរ​មួយ​ប្រភេទ ដែលមាន​រាង​សំប៉ែត និង​មាន​ពុកមាត់​វែងៗ​។ រីឯ សត្វ​ខ្វែក ជា​ប្រភេទ​សត្វ​ស្លាប​មួយ​ប្រភេទ មាន​សម្បុរ​ប្រផេះ កវែង បរិភោគ​ត្រី​ជា​អាហារ និង​ចេញ​រកស៊ី​តែ​វេលាយប់ និង​ដេក​នៅពេល​ថ្ងៃ ។

​នៅក្នុង​សភាព​ធម្មជាតិ​របស់​ត្រី​កំភ្លាញ គឺជា​ប្រភេទ​ត្រី ចូលចិត្ត​ប្រលែង​លេង​ជាមួយ​ទឹក ដែលជា​ទូទៅ គេ​តែង​និយាយថា​«​ត្រី​មាត់​» ឬ​«​ត្រី​ផុស​»​ជាដើម​។ ព្រោះតែ​បែបនេះ អ្នកនេសាទ អាចនេសាទ​ដោយ​មធ្យោបាយ​ផ្សេងៗ ដើម្បី​ចាប់​ត្រី​នេះ នៅក្នុង​ទឹក​បឹង ត្រពាំង ហើយ​គេ​ក៏​អាច​ដឹងបាន​ថា កន្លែង​ណា​សម្បូរ​ទៅដោយ​ត្រី​កំភ្លាញ​រស់នៅ​។ ដោយឡែក ចំពោះ​សត្វ​ខ្វែក ស្ទើរតែ​ជាទូទៅ នៅពេល​ដើររក​ចំណី​នៅ​កន្លែង​ណា តែងតែ​ជុះអាចម៍​នៅ​កន្លែង​នោះ​។ ការ​ជុះអាចម៍​នេះហើយ ដែលជា​តម្រុយ​សម្រាប់​អ្នកប្រមាញ់​សត្វព្រៃ និង​សត្វ​ស្លាប ដើម្បី​ដាក់​ជា​អន្ទាក់ និង​ដាក់​ថ្នាំ​បំពុល ជាដើម​។ ហេតុផល​នេះហើយ​ ដែល​នាំ​ឲ្យ​ចាស់​បុរាណ​លោក​លើកឡើងថា «​កំភ្លាញ​ស្លាប់​ព្រោះ​មាត់ ខ្វែក​ស្លាប់​ព្រោះ​អាចម៍​»​។​

​ការព្យាយាម​បកស្រាយ​ពី​បំណង​របស់​សុភាសិត ជុំវិញ​ធម្មជាតិ​នៃ​សត្វ ដែល​ចាស់​បុរាណ ​បាន​​ប្រៀបធៀប​នោះ ​គឺជា​រឿង​មួយ​។ ប៉ុន្តែ​អ្វីដែល​សំខាន់ ​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​ពី​ចេតនា​ពិត ​នៃ​គំនិត​របស់​ចាស់​បុរាណ​ដែល​លោក​បាន លើក​ឡើងជា​សុភាសិត​នេះ​។

​ជាការ​ពិត បើសិនជា​គិត​ឲ្យ​ជ្រៅ​បន្តិច​គេ​ឃើញថា ការដែល​ចាស់​បុរាណ​ប្រៀបធៀប​ថា​«​ត្រី​កំភ្លាញ​ស្លាប់​ដោយសារ​មាត់​» គឺ​លោក​ចង់​សំដៅថា មនុស្ស​ភាគច្រើន​តែងតែ​វិនាស​ដោយសារតែ​សម្ដី​របស់ខ្លួន​។ មនុស្សរ​ពិស​មាត់ មនុស្ស​មាត់រអិល មនុស្ស​និយាយ​ច្រើន មនុស្ស​និយាយ​គ្មាន​គម្រប មនុស្ស​និយាយ​គ្មាន​ក្បាល​គ្មាន​កន្ទុយ មនុស្ស​និយាយ​ឥតប្រយោជន៍ មនុស្ស​និយាយ​គ្មាន​ហេតុ​គ្មាន​ផល តែងតែ​ជួបនឹង​ការវិនាស​ដោយ ប្រការ​ណាមួយ ព្រោះតែ​ពាក្យសម្ដី​ទាំងនោះ​។ ត្រង់​នេះហើយ គឺ​ប្រៀប​ដូច​ការ​ជា​ត្រី​កំភ្លាញ​ ត្រូវស្លាប​ព្រោះ​មាត់​ខ្លួនឯង​។

​ចំណែក «​សត្វ​ខ្វែក​ស្លាប់​ដោយសារ​អាចម៍​» គឺ​លោក​ប្រហែល​ចង់​សំដៅ​ដល់​ជំពូក​មនុស្ស​ ដែល​ទៅដល់​កន្លែង​ណា តែងតែ​ទុក​នូវ​ភាពអាក្រក់​របស់ខ្លួន និង​ស្នាម​ដាន​មិនល្អ គម្រូ​មិនល្អ​។ ការ​បន្សល់​នូវ​រូបភាព​អវិជ្ជមាន​បែបនេះ​ វា​នឹង​នាំ​ឲ្យ​បុគ្គល​នោះ​វិនាស​ ព្រោះតែ​ទង្វើ​ខ្លួនឯង​។ ជាក់ស្ដែង​នៅក្នុង​សង្គម​រស់នៅ ចំណុច​នេះ​ គឺ​ពិតជា​ត្រឹមត្រូវ។ ឧទាហរណ៍​មាន​បុគ្គលិក​ក្រុមហ៊ុន បាន​ចាក​ចេញពី​កន្លែង​មួយ ទៅ​កន្លែង​មួយ ដោយ​ចេះតែ​បន្ត​បន្សល់​នូវ​ប្រវត្តិ​មិនល្អ ​នៅតាម​បណ្ដា​ក្រុមហ៊ុន​ទាំងនោះ ទង្វើ​បែប​នោះ នឹង​វាយបក​មកលើ​អនាគត​របស់គេ ​នៅ​ថ្ងៃមុខ​ជាក់​ជាមិនខាន​។

​ជារួម​មក ការលើកឡើង​ក្នុងន័យ​ប្រៀបធៀប​មួយ​នេះ គឺជា​ចំណុច​គិតពិចារណា​មួយ ​ពី​ការបង្រៀន​របស់​ចា​ស់បុ​រាណ​ខ្មែរ ដែល​លោក​ចង្អុលបង្ហាញ​​ឲ្យ​ឃើញ​ ពី​ធម្មជាតិ​របស់​សត្វ ប៉ុន្តែ​វា​បានបង្ហាញ​ពី​សកម្មភាព​របស់​មនុស្ស​ ដែល​បាន​ប្រព្រឹត្ត​។ ហេតុដូច្នេះ ក្នុងនាម​ជា​មនុស្ស ​ត្រូវ​ចេះ​បែងចែក​កម្រិត នៃ​ការនិយាយស្ដី​របស់ខ្លួន ថ្លឹងថ្លែង​ឲ្យ​បាន​ច្បាស់​ មុន​និយាយ​។ បន្ថែម​ពីនេះ ទង្វើ​ និង​សកម្មភាព ​ក៏ត្រូវ​ចេះ​បន្សល់​ទុកនូវ​​គម្រូ​ល្អ មុន​ពេលដែល​ខ្លួន​ចាក​ចេញពី​ទីកន្លែង​ណាមួយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com