ពីនេះ ពីនោះ
«គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ»៖ បង្ហាញពីរបៀបមើលចិត្តមនុស្សអាក្រក់
× ភ្នំពេញ៖ សុភាសិតខ្មែរ បានបង្ហាញពីតម្លៃនៃការអប់រំយ៉ាងទូលំទូលាយ ប៉ុន្តែប្រជាជនខ្មែរភាគច្រើនបានមើលរំលងពីទំហំនៃគំនិតរបស់ដូនតា។ ជាក់ស្ដែងនៅក្នុង សុភាសិតខ្មែរមួយដែលបានលើកឡើងថា «គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ» គឺជាសុភាសិតមួយដែលបានបង្កប់អត្ថន័យ ផ្នែកចិត្តវិធីដើម្បីមើលមនុស្ស។ តើសុភាសិតមួយនេះមានលក្ខណៈពិសេសយ៉ាងដូចម្ដេច?
មុននឹងធ្វើការបកស្រាយពីអត្ថន័យនៃសុភាសិតខ្មែរមួយនេះ គេចាំបាច់ត្រូវដឹងជាមុនថា តើហេតុអ្វីបានជាចាស់បុរាណលើកជាសុភាសិតថា«គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ»? តើគោដំបៅខ្នងមានលក្ខណៈបែបណា? ក្អែកជាសត្វបែបណា? ជាមុនសិន។
ជាការពិតណាស់ គោដែលមានដំបៅលើខ្នង កាលណាឃើញក្អែកហើររំលងពីលើ តែងលើកកន្ទុយគ្រវាសចុះឡើងពីលើខ្នង ដើម្បីការពារខ្លួន ដោយខ្លាចក្អែកចុះចឹកដំបៅ ។ មូលហេតុគឺដោយសារតែសត្វក្អែក គឺជាប្រភេទបក្សីមួយប្រភេទ ដែលចូលចិត្តស៊ីអសុភជាអាហារ។ ហេតុនេះ នៅពេលដែលគោមានដំប៉ៅ គឺតែងមានក្លិនស្អុយ និងសាច់រលួយ ដែលជាចំណូលចិត្តរបស់សត្វក្អែក ដែលនិយមស៊ី សាច់ស្អុយ សាក់សពជាអាហារ។ ប៉ុន្តែធាតុពិត ក្អែកឥតដឹងអ្វីពីគោ ថាមានដំបៅឡើយ គឺវាហើរតាមសភាពធម្មតារបស់វាតែប៉ុណ្ណោះ។
ប៉ុន្តែ នៅក្នុងអត្ថន័យមួយទៀត ដែលជាបំណងពិតរបស់សុភាសិតនេះគឺ ចាស់បុរាណលោកចង់បង្ហាញថាគោដំបៅខ្នង គឺប្រៀបដូចទៅនឹងមនុស្សដែលធ្លាប់បានប្រព្រឹត្តអំពើអាក្រក់ មានលួច ប្លន់គេជាដើម។ មនុស្សប្រភេទនេះ នៅពេលឮគេនិយាយពីចោរកម្មកើតនៅទីណា មនុស្សនោះតែងតែស្ដែងចេញនូវសកម្មភាពឆ្លើយតបណាមួយជាក់ជាមិនខាន។ ការប្រតិកម្មនេះ គឺព្រោះនៅក្នុងអារម្មណ៍របស់បុគ្គលនោះ ចេះតែនឹកបារម្ភខ្លាចគេនិយាយដៀមដាមឲ្យខ្លួន។
ត្រង់ចំណុចនេះហើយ ទើបសុភាសិតដែលលើកឡើងថា«គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ» គឺជាប្រភេទសុភាសិតឆ្លុះបញ្ចាំងឲ្យឃើញពីរបៀបដើម្បីមើលឲ្យឃើញពីចំណុចខ្សោយរបស់មនុស្សខិលខួច ដែលបានប្រព្រឹត្តក្នុងអំពើអាក្រក់ណាមួយ។
© រក្សាសិទ្ធិដោយ thmeythmey.com