អន្តរជាតិ
ហៃ​ទី​៖ យ៉ាងហោច ៣៣០​នាក់​ស្លាប់​ដោយសារ​ព្យុះ Matthew
07, Oct 2016 , 12:36 pm        
រូបភាព
មហន្តរាយនៅហៃទី ដោយសារព្យុះ Matthews (រូបភាព Xinhua)
មហន្តរាយនៅហៃទី ដោយសារព្យុះ Matthews (រូបភាព Xinhua)
​ក្រុមមន្ត្រី​ហៃ​ទី និយាយថា ព្យុះសង្ឃរា Matthews បាន​ឆក់យក​ជីវិត​មនុស្ស​ដល់​ទៅ​៣៣០​នាក់​ហើយ ក្រោយ​ព្យុះ​នេះ​បក់បោក​មកលើ​ដែន​កោះ​នេះ ដោយ​នាំយក​ទាំង​ខ្យល់​ខ្លាំង និង​ភ្លៀង​ធ្លាក់​ខ្លាំង​មក​នោះ​។ ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ត្រូវបាន​បំផ្លាញ​ដោយសារ​ឥទ្ធិពល​ដ៍​ខ្លាំង​នៃ​ព្យុះ Matthews ហើយ​ប្រជាជន​ហៃ​ទី​ដែល​រងគ្រោះ កំពុងដ​ង្ហើ​យ​ហៅ​ជំនួយ​បន្ទាន់​ដែរ​។​



​ខ្យល់ព្យុះ Matthews បាន​បក់បោក​លើ​កោះ​ហៃ​ទី​កាលពី​ថ្ងៃទី​៤ ខែតុលា ដោយមាន​ទាំង​ភ្លៀង​មកជា​មួយ​ផង​។ កម្លាំង​ដ៏​ខ្លាំង​នៃ​ព្យុះ​នេះ បានសម្លាប់​ជីវិត​មនុស្ស​ជាច្រើន ដោយ​មន្ត្រី​ក្នុងស្រុក​និយាយ​នៅ​ថ្ងៃទី​៦ ខែតុលា ថា អ្នកស្លាប់​កើន​ដល់​៣៣០​នាក់​ហើយ ស្រប​ពេលដែល​ការជួយ​សង្គ្រោះ កំពុង​បន្តធ្វើ​យ៉ាង​សស្រាក់សស្រាំ ហើយ​ក្រុម​ជួយសង្គ្រោះ ក៏​កំពុង​តស៊ូ​នឹង​អាកាសធាតុ​អាក្រក់ ដើម្បី​ចូលទៅ​តំបន់​ដាច់ស្រយាល​នានា​។

​សារព័ត៌មាន The Guardian ផ្សាយ​ថា ព្យុះ Matthews នេះ​មាន​កម្លាំង​ខ្យល់​ដល់​ទៅ​១៤៥​ម៉ៃ​យ៍​ក្នុង​មួយ​ម៉ោង ដែល​បាន​បំផ្លាញ​ផ្ទះ​ច្រើនជាង​បី​ពាន់​ខ្នង និង​បង្ខំ​ឲ្យ​មនុស្ស​ច្រើនជាង​មួយ​ម៉ឺន​នាក់ ចាក​ចេញពី​ផ្ទះសម្បែង ព្រមទាំង​បំផ្លាញ​ដំណាំ​ផងដែរ​។ ជាមួយគ្នា ចំនួន​សាកសព​អ្នកស្លាប់ ក៏ត្រូវ​បាន​រកឃើញ​ច្រើន​ថែមទៀត​ដែរ​។​

​បើតាម​សារព័ត៌មាន​ដដែល បន្ទាប់ពី​វាយប្រហារ​ហៃ​ទី ព្យុះ Matthews នេះ ក៏បាន​តម្រង់​ទៅកាន់​រដ្ឋ Florida របស់​អាមេរិក នៅវេលា​យប់​ថ្ងៃទី​៦ ខែតុលា​។ ហើយ​វា​ក៏​ក្លាយជា​ព្យុះ​កំណាច​ដំបូង​គេ​ក្នុង​រយៈពេល​១០​ឆ្នាំ​មកនេះ ដែល​អាច​នឹង​វាយប្រហារ​ទឹកដី​អាមេរិក​ដោយផ្ទាល់​។ ជាការ​បង្ការ​ទុក​មុន​នោះ ប្រធានាធិបតី អូ​បា​ម៉ា ក៏បាន​ប្រកាស​ស្ថានភាព​អាសន្ន​នៅ​រដ្ឋ​មួយចំនួន​ផងដែរ​។

​ដោយសារ​ព្យុះ Matthews វាយប្រហារ​ខ្លាំងពេក ដំណើរការ​ជួយសង្គ្រោះ កំពុង​ប្រឈមមុខ​នឹង​បញ្ហា ដ្បិត​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ និង​ប្រព័ន្ធ​គមនាគមន៍​ភាគច្រើន ត្រូវបាន​កាត់ផ្ដាច់​ស្ទើរ​ទាំងស្រុង​ទៅហើយ​។ ទាំង​រដ្ឋាភិបាល​ហៃ​ទី និង​ក្រុមការងារ​ជួយសង្គ្រោះ​របស់​អង្គការសហប្រជាជាតិ មិនអាច​ចូលដល់​តំបន់​ដាច់ស្រយាល ដែល​រងគ្រោះ​បានឡើយ ហើយ​គេ​បារម្ភ​ថា ការពន្យារ​ពេលនេះ នឹងធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់​កើនឡើង​ច្រើន​ទៀត​។

​ប្រទេស​ហៃ​ទី ដែល​មិនទាន់​ងើប​ខ្លួន​រួច​ពី​គ្រោះ​រញ្ជួយ​ដី​ឆ្នាំ​២០១០ នឹងត្រូវ​ដោះស្រាយ​វិបត្តិ​ដែល​កើតឡើង​ដោយសារ​ព្យុះ Matthews នេះ ហើយ​ការ​ស្វះ​ស្វែងរក​ជំនួយ ជា​រឿង​អាទិភាព​។ នេះ​ក៏​ដោយសារតែ​ប្រទេស​តំបន់​កា​រ៉ា​អ៊ី​ប​មួយ​នេះ ជា​រដ្ឋ​ក្រីក្រ​ខ្លាំង និង​រស់នៅ​ពឹងផ្អែក​តែ​លើ​ជំនួយ​អន្តរជាតិ​ប៉ុណ្ណោះ​៕  


Tag:
 ​ហៃ​ទី​
  Matthew
© រក្សាសិទ្ធិដោយ thmeythmey.com