កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​ឆេ​ក​២​នាក់​ត្រូវបាន​បង្ខំ​ឲ្យ​ហាត់​ជាមួយ​ក្រុម​នារី ដោយសារ​ពាក្យ​រើសអើង​ភេទ​
08, Oct 2016 , 8:19 pm        
រូបភាព
ដោយ: ធីតា
 
 
​កីឡាករ​បាល់ទាត់​អាជីព​២​នាក់​របស់​សាធារណរដ្ឋ​ឆេ​ក ត្រូវបាន​ក្លិប​ដាក់ពិន័យ​ឲ្យ​ទៅ​ហ្វឹកហាត់​ជាមួយ​ក្រុម​នារី បន្ទាប់ពី​ពួកគេ​បាន​និយាយ និង​សរសេរ​បង្កប់ន័យ​រើសអើង​អាជ្ញាកណ្តាល​ភេទ​ស្រី​ម្នាក់​។ ពួកគេ​លើកឡើងថា អាជ្ញាកណ្តាល​រូបនោះ គួរតែ​ស្ថិតនៅក្នុង​ផ្ទះបាយ​។

 
​ក្លិប Sparta Prague ដែល​លេង​នៅក្នុង​ក្របខណ្ឌ Czech First League បានសម្រេច​ដាក់ពិន័យ​អ្នកចាំទី Thomas Koubek និង​ខ្សែបម្រើ Lukas Vacha ឲ្យ​ទៅ​ហ្វឹកហាត់​ជាមួយ​ឈុត​នារី​របស់​ក្លិប បន្ទាប់ពី​កីឡាករ​ទាំង​ពីររូប ប្រើ​ភាសា​ឌឺដង​ដាក់​ជំនួយការ​អាជ្ញាកណ្តាល Lucie Ratajova​។​
 
​នា​ជំនួប​រវាង​ក្លិប Sparta Prague និង​ក្លិប Zbrojovka Brno កន្លងមក អ្នកស្រី Ratajova ដែលជា​ជំនួយការ​អាជ្ញាកណ្តាល បានធ្វើ​ការសម្រេចខុស​មួយចំនួន ខណៈ Sparta ចាញ់​ក្នុង​លទ្ធផល ៣-២ ។ 
 
​ក្រោយ​ការប្រកួត ខ្សែបម្រើ Lukas Vacha បាន​យក​រូប​អ្នកស្រី Ratajova ទៅ​បង្ហោះ​លើ​គណនី Twitter របស់ខ្លួន​ដោយសារ​ថា «​ជូន​ចំពោះ អ្នក​ចម្អិនម្ហូប​»​។ ជាមួយគ្នានេះ​ផងដែរ អ្នកចាំទី Koubek បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​តាម​គំនិត​របស់ខ្ញុំ ស្ត្រី​គួរតែ​នៅក្នុង​ផ្ទះបាយ មិនគួរ​ចូលរួម​កាត់ក្តី​ចំពោះ​ការប្រកួត​របស់​បុរស​នោះឡើយ​»​។​
 
​លោក Adam Kotalik នាយក​ប្រតិបត្តិ​ក្លិប Sparta បាន​លើកឡើងថា សម្តី​របស់​កីឡាករ​ទាំងពីរ មិនអាច​ទទួលយកបាន​នោះឡើយ​។ លោក​បញ្ជាក់ថា ការបង្ខំ​ឲ្យ​ពួកគេ​ហ្វឹកហាត់​ជាមួយ​ឈុត​នារី ដើម្បី​ឲ្យ​ពួកគេ​ដឹងថា ស្ត្រី​អាចធ្វើ​អ្វីៗ​បាន​ទាំងអស់ មិនមែន​ចេះតែ​នៅក្នុង​ផ្ទះបាយ​នោះឡើយ​។​
 
​ជាមួយគ្នានេះ Vacha និង Koubek ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​សាធារណរដ្ឋ​ឆែក និង​ក្លិប Sparta Prague តែងតាំង​ជា​ទូត​សុ​ឆ​ន្ទះ​របស់​ក្លិប​នារី សម្រាប់​ព្រឹត្តិការណ៍ Uefa Women’s Champions League ដោយ​ពួកគេ​ត្រូវធ្វើ​ការរាយការណ៍​សក​ម្ម​ភាព​នានា​របស់​ក្រុម​នារី​។​
 
​បើតាម The Guardian អ្នកស្រី Ratajova ត្រូវបាន​ពិន័យ​ចំនួន​៤​ប្រកួត​ផងដែរ ពីបទ​កាត់ក្តី​ខុស​ពីរលើក​នា​អំឡុង​ការប្រកួត​រវាង ក្លិប Sparta Prague និង​ក្លិប Zbrojovka Brno​។ ជាមួយគ្នានេះ កីឡាករ​ទាំងពីរ ក៏បាន​ចេញមុខ​សុំទោស​ផងដែរ​នូវ​អ្វីដែល​ពូកគេ​លើកឡើង ដោយ​ពួកគេ​អះអាងថា គ្មាន​ចេតនា​ណាមួយ​រើសអើង​ស្ត្រី​នោះឡើយ ពីព្រោះ​ពួកគេ​ចង់ឃើញ​ស្ត្រី​បោះជំហាន​ទៅមុខ​៕
 

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com