អន្តរជាតិ
លោក អាសាដ ប្រកាស​លើកលែងទោស​ឲ្យ​ក្រុម​ឧទ្ទាម បើ​ពួកគេ​ចាក​ចេញពី Aleppo
07, Oct 2016 , 4:39 pm        
រូបភាព
ប្រធានាធិបតីស៊ីរី Bashar al Assad (រូបភាពពី​ SANA)
ប្រធានាធិបតីស៊ីរី Bashar al Assad (រូបភាពពី​ SANA)
​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី កំពុង​បង្កើន​ប្រតិបត្តិការ​វាយយក​ទីក្រុង Aleppo ត្រឡប់មកវិញ​ពី​ការគ្រប់គ្រង​របស់​ក្រុម​ឧទ្ទាម​។ មនុស្ស​រាប់ម៉ឺន​នាក់ កំពុង​ជាប់​ខ្លួន​ក្នុង​ទីក្រុង​នេះ ហើយ​សុវត្ថិភាព​របស់​ពួកគេ ក៏​មិន​ត្រូវបាន​ធានា​ដែរ​។ ដោយឡែក​ប្រធានាធិបតី​ស៊ី​រី ក៏បានផ្ដល់​ភ្លើង​ខៀវ​ឲ្យ​ពួក​ឧទ្ទាម​ទទួលបាន​ការលើកលែង​ទោស ប្រសិនបើ​ពួកគេ​ចាក​ចេញពី​ទីក្រុង Aleppo​។ ប៉ុន្តែ​គេ​សង្ឃឹម​តិច​ណាស់​ថា ក្រុម​ឧទ្ទាម​នឹង​ចាកចេញ​មែន​នោះ​។



​ប្រធានាធិបតី​ស៊ី​រី បាស​សា អាល់​អាសាដ (Bashar al Assad) និយាយថា ក្រុម​ឧទ្ទាម​ដែល​ជាប់​ខ្លួន​នៅ Aleppo អាច​ចាកចេញ​ជាមួយ​គ្រួសារ​ពួកគេ​បាន ប្រសិនបើ​ពួកគេ​ទម្លាក់អាវុធ​នោះ​។ ហើយ​លោក​ក៏​ប្រកាស​ដែរ​ថា កងកម្លាំង​រដ្ឋាភិបាល នឹង​បង្កើន​ការប្រយុទ្ធ​ដណ្ដើម​ទីក្រុង​នេះ ដើម្បី​គ្រប់គ្រង​ទឹកដី​ទាំងអស់​ឡើងវិញ​។​

​ការប្រកាស​ផ្ដល់​ការលើកលែងទោស​នេះ ធ្វើឡើង​ក្រោយ​ពេលដែល​ការទម្លាក់​គ្រាប់បែក​លើ​ទីក្រុង Aleppo ត្រូវបាន​បង្កើន​យ៉ាងខ្លាំង ដែល​បាន​ឆក់យក​ជីវិត​ប្រជាជន​ដែល​រស់នៅក្នុង​ទីក្រុង​នេះ ជាច្រើន​នាក់​មកហើយ​នោះ​។ ចំណែក​ផែនការ​សន្តិភាព​ថ្មី​មួយទៀត​ដែល​ផ្ដួចផ្ដើម​ដោយ​ក្រុង​វ៉ា​ស៊ិន​តោន ក៏​បរាជ័យ​ផងដែរ ដ្បិត​គ្មាន​ការសហការ​ពី​ក្រុង​មូ​ស្គូ ដែល​ទើប​បញ្ជូន​ប្រព័ន្ធ​ការពារ​អាកាស​មកកាន់​ស៊ី​រី​នោះ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក៏មាន​អ្នក​ប្រយុទ្ធ​ខ្លះ​ដូចជា​នៅ​ទីក្រុង Daraya ដែលមាន​ទីតាំងនៅ​ជាយ​រដ្ឋធានី​ដា​ម៉ាស បាន​ទទួលយក​សំណើ​របស់​រដ្ឋាភិបាល​ស៊ី​រី​ហើយ​ដែរ​។ ប៉ុន្តែ​ក្រុម​ឧទ្ទាម​វិញ បានប្រកាសថា ខ្លួន​គ្មាន​ផែនការ​ចាកចេញ​ពី Aleppo ឡើយ ហើយ​ចាត់ទុក​សំណើ​របស់​រដ្ឋាភិបាល​ជា ការ​បំភាន់​ប៉ុណ្ណោះ​។ មិន​ត្រឹមតែ​ក្រុម​ឧទ្ទាម​ទេ សូម្បីតែ​អាមេរិក ក៏​សង្ស័យ​នឹង​សំណើ​របស់​របប​ស៊ី​រី​ដែរ​។​

​ទន្ទឹមគ្នា​នោះ កងទ័ព​ស៊ី​រី ក៏បាន​ប្រកាស​កាត់បន្ថយ​ការបាញ់​កាំភ្លើង​ធំ​លើ​ទីក្រុង Aleppo ដែរ ដើម្បី​ទុកពេល​ឲ្យ​ប្រជាជន​ក្នុង​ទីក្រុង​ចាកចេញ​ឲ្យ​អស់​។ កងទ័ព​ស៊ី​រី​បញ្ជាក់ថា អ្នកណា​ដែល​មិន​ឆក់យក​ឱកាស​នេះ​ដើម្បី​ទម្លាក់អាវុធ​ទេ នឹងត្រូវ​ប្រឈមមុខ​វាសនា​ដែល​ស្មាន​មិន​ដល់​។ ហើយ​កងទ័ព​ក៏​ប្រាប់​ឲ្យ​ប្រជាជន​ទាំងអស់ បោះបង់​ក្រុម​ឧទ្ទាម​ទៅ ចៀសវាង​គ្រោះថ្នាក់ ក៏ដូចជា​បញ្ហា​កង្វះ​អាហារ និង​ថ្នាំសង្កូវ​ដែរ​។​

​បើទោះជា​ប្រកាស​ផ្ដល់​ការលើកលែងទោស​ឲ្យ​ក្រុម​ឧទ្ទាម​ដែល​ព្រម​ចាក​ចេញពី Aleppo ក៏ដោយ លោក​ប្រធានាធិបតី​ស៊ី​រី អាសាដ ក៏​ប្រកាស​បន្ត​ការប្រយុទ្ធ​រហូតដល់​ពេល​ក្រុម​ឧទ្ទាម​ចាក​ចេញពី​ទីក្រុង​នេះ​។ លោក​ប្រាប់​ទូរទស្សន៍​ដា​ណឺ​ម៉ាក TV 2 ថា លោក​ចង់​ឲ្យ​ក្រុម​ឧទ្ទាម​ទាំងអស់​ចាកចេញ​ជាមួយ​គ្រួសារ​របស់​ពួកគេ ដូច​អ្នក​ប្រយុទ្ធ​នៅ Daraya ដែរ​៕   


Tag:
 ស៊ី​រី​
  Aleppo
© រក្សាសិទ្ធិដោយ thmeythmey.com