អន្តរជាតិ
ប្រជាប្រិយភាព​លោក អូ​បា​ម៉ា កើន​ខ្ពស់​ខ្លាំង ប៉ុន្មាន​ខែ​មុន​ចេញពី​តំណែង​
07, Oct 2016 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រជាប្រិយភាព​លោក បា​រ៉ា​ក់ អូ​បា​ម៉ា កើនឡើង​ខ្ពស់​ហួស​ក្នុង​អាណត្តិ​ទី​២ និង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​មុនពេល​លោក​ចេញពី​តំណែង​។ យោងតាម​របាយការណ៍​ស្ទង់​មតិ​របស់​សារព័ត៌មាន Huffington Post ភាគរយ​នៃ​ប្រជាជន​អាមេរិក​ជា​សមាជិក​បក្ស​ធំៗ​ទាំងពីរ និង​អ្នក​ឯករាជ្យ​ដែល​យល់ឃើញថា​លោក​អូ​បា​ម៉ា បំពេញការងារ​បានល្អ បាន​កើន​ឡើងជា​បន្តបន្ទាប់​។​



សូមស្ដាប់ព័ត៌មានលម្អិត៖




​នៅសល់​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ចាក​ចេញពី​តំណែង​។ លោក​ប្រហែល​នឹង​ក្លាយជា​ប្រធានាធិបតី​ដែល​ទទួលបាន​ការគាំទ្រ​ខ្ពស់បំផុត​ក្នុងពេល​កំពុង​បន្ត​កាន់តំណែង​នៅ​អាណត្តិ​ទី​២​។

​យោងតាម​របាយការណ៍​ស្ទង់​មតិ​ដែល​រៀបចំឡើង​ដោយសារ​ព័ត៌មាន​អាមេរិក Huffington Post ភាគរយ​នៃ​ចំនួន​អ្នកគាំទ្រ ការបំពេញ​ការងារ​រ​ប​ស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ ហើយ​ការកើនឡើង​នៃ​ចំនួន​អ្នកគាំទ្រ​លោក​នេះ​មាន​ទាំង​សមាជិក​បក្ស​ប្រជាធិបតេយ្យ​, បក្ស​សាធារណរដ្ឋ និង​អ្នក​ឯករាជ្យ​ផង​។

​ក្នុងចំណោម​សមាជិក​បក្ស​ប្រជាធិបតេយ្យ ភាគរយ​នៃ​ចំនួន​អ្នកគាំទ្រ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា មាន​ដល់ ៨៩​ភាគរយ ដោយ​វា​កើនឡើង ១២ ខ្ទង់​។ ចំណែក​ក្នុងចំណោម​អ្នក​ឯករាជ្យ​វិញ ភាគរយ​នៃ​អ្នក​ដែល​គាំទ្រ​លោក​មាន​សរុប ៥៦ ភាគរយ​ដោយ​វា​កើន​ឡើងដល់ ១៤ ភាគរយ ។ ហើយ ភាគរយ​នៃ​អ្នកគាំទ្រ​លោក​ក្នុងចំណោម​អ្នក​សាធារណរដ្ឋ​មាន​ចំនួន ១៣ ភាគរយ ដោយ​វា​កើនឡើង ២​ភាគរយ​ដែរ​។ 

​ជាធម្មតា ការបំពេញ​ការងារ​រ​ប​ស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានទទួល​ការគាំទ្រ​ច្រើន​ដោយសារ​កត្តា​ច្រើន​ដែល​ក្នុងនោះ​មាន​ទាំង​នយោបាយ​សេដ្ឋកិច្ច សន្តិសុខ​និង​នយោបាយ​ការបរទេស​ផង​។  ការខិតខំ​បង្កើន​ការងារ​សម្រាប់​ប្រជាជន​អាមេរិក​ជា​បន្តបន្ទាប់​ចាប់តាំងពី​ក្រោយ​វិបត្តិ​សេដ្ឋកិច្ច​សកល​របស់លោក អូ​បា​ម៉ា បាន​ទាក់ទាញ​ការគាំទ្រ​ខ្លាំង​ក្នុង​រយៈពេល​ចុងក្រោយ​។​

​យ៉ាងណាក៏ដោយ ប្រជាប្រិយភាព​របស់លោក កើនឡើង​អាច​បណ្តាល​មក​កត្តា​ច្រើន​មែន តែ​គេ​មិនអាច​ភ្លេច​ទេ​ថា បេក្ខជន​ប្រធានាធិបតី​ទាំងពីរ​ដែល​កំពុង​ប្រជែង​គ្នា​ដើម្បី​ជំនួស​លោក​នោះ ធ្វើ​ឲ្យ​លោក​កាន់តែ​ទទួលបាន​ការគាំទ្រ​ច្រើន​ថែមទៀត​។ នេះ​ក៏ដោយ​សារ​បេក្ខជន​ប្រធានាធិបតី​ទាំងពីរ​ធ្វើ​ឲ្យ​ប្រជាជន​អាមេរិក​មើលឃើញថា ប្រធានាធិបតី​បច្ចុប្បន្ន​មាន​សមត្ថភាព​និង​បំពេញការងារ​បានល្អ ហើយ​ពួកគេ​ក៏​មើលឃើញ​ភាពខុសប្លែក​គ្នា​ដាច់​រវាង​អ្នក​ដែល​នឹង​មក​ជំនួស​តំណែង​លោក និង​លោក អូ​បា​ម៉ា ខ្លួនឯង​។​

​យ៉ាងណា​ក៏ដោយចុះ ជា​ទម្លាប់ ប្រជាប្រិយភាព​ខ្ពស់​របស់​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ តែង​ជួយ​លើក​ប្រជាប្រិយភាព​បេក្ខជន​ប្រធានាធិបតី​មកពី​បក្ស​ជាមួយគ្នា​។ ប៉ុន្តែ ប្រជាប្រិយភាព​ខ្ពស់​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ហាក់​មិន​ជួយ​ដល់​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន សោះ​។ យោងតាម​សារព័ត៌មាន CNN មកទល់ពេលនេះ ត្រឹម ៤១ ភាគរយ​ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ប៉ុណ្ណោះ​ដែល​គាំទ្រ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ខណៈ ៥៦ ភាគរយ​ទៀត​មិន​ពេញចិត្ត​លោកស្រី​ឡើយ​៕


Tag:
 ​បា​រ៉ា​ក់ អូ​បា​ម៉ា​
  ដូ​ណា​ល់ ត្រាំ​
  ហ៊ី​ឡា​រី គ្លី​ន​តុ​ន
© រក្សាសិទ្ធិដោយ thmeythmey.com