អន្តរជាតិ
អ៊ីរ៉ង់ ចាប់យក​វៀតណាម​ជា​មូលដ្ឋាន​ដើម្បី​ធ្វើ​ពិពិធ​កម្ម​ពាណិជ្ជកម្ម​នៅ​តំបន់​អាស៊ី
07, Oct 2016 , 9:59 pm        
រូបភាព
លោកប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani (ឆ្វេង) នាជំនួប​ជាមួយ​លោក Nguyen Phu Trong អគ្គលេខាធិការបក្ស​កុំម្មុយនីស្តវៀតណាម។ រូប IRNA
លោកប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani (ឆ្វេង) នាជំនួប​ជាមួយ​លោក Nguyen Phu Trong អគ្គលេខាធិការបក្ស​កុំម្មុយនីស្តវៀតណាម។ រូប IRNA
ដោយ:
​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់ ប្រកាស​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី និង​ជាពិសេស​នោះ បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​ហាណូយ​។ ក្រុង​តេ​ហេ​រ៉ង់ ក៏បាន​បង្ហាញ​ពី​ចេតនា​ក្នុងការ​ចាប់យក​វៀតណាម​ជា​ដៃគូ​ស្នូល និង​ជា​មូលដ្ឋាន​ដើម្បី​ធ្វើ​ពិពិធ​កម្ម​សកម្មភាព​ពាណិជ្ជក​ម្ម​របស់ខ្លួន​នៅក្នុង​តំបន់ ខណៈ ក្រុង​ហាណូយ ក៏​ប្តេជ្ញា​ពង្រីក​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​អ៊ីរ៉ង់​ឲ្យ​តែ​ច្រើន​វិញ​ផងដែរ​។



​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani នៅ​ថ្ងៃទី​០៦ ខែតុលា ម្សិលមិញ​នេះ បាន​ជួបពិភាក្សា​ជាមួយនឹង​មេដឹកនាំ​កំពូល​វៀតណាម រួមមាន​លោក​អគ្គលេខាបក្ស​កុ​ម្មុយ​នី​ស​វៀតណាម Nguyen Phu Trong និង​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyễn Xuân Phúc ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ក្រុង​ហាណូយ​។ ក្នុងជំនួប​ដាច់ដោយឡែក​នោះ ភាគី​ទាំងពីរ សម្រេចបាន​កិច្ចព្រមព្រៀង​ជាច្រើន ដែល​ភាគច្រើន​ផ្តោតលើ​ផលប្រយោជន៍​សេដ្ឋកិច្ច​។

​នៅក្នុង​ជំនួប​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម លោក​ប្រ​ធានា​ធីប​តី Rouhani បាន​ប្រាប់​ភាគី​វៀតណាម​ឲ្យ​ដឹង​ពី​ទិសដៅ​របស់លោក​មកកាន់​តំបន់​អាស៊ី ដោយ​លោក សង្កត់ធ្ងន់ថា ការពង្រីក​ទំនាក់ទំនង​ជាមួយនឹង​ប្រទេស​អាស៊ីអាគ្នេយ៍ ជាពិសេស វៀតណាម​តែ​ម្តងនោះ គឺជា​ទិសដៅ​ចម្បង​បំផុត​របស់​អ៊ីរ៉ង់​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​អ៊ីរ៉ង់ Press TV​។​

​លោក​ប្រធានាធិបតី​អ៊ីរ៉ង់​រូបនោះ ថែមទាំង​ប្រាប់​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​ថា វៀតណាម អាច​ក្លាយជា​មូលដ្ឋាន​មួយ​សម្រាប់ សកម្មភាព​ពាណិជ្ជកម្ម​របស់​អ៊ីរ៉ង់​នៅក្នុង​តំបន់ ហើយ វៀតណាម ក៏​អាច​ទទួលបាន​ផលប្រយោជន៍​សេដ្ឋកិច្ច​តាមរយៈ​ការ​ដំណើរការ​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​ដែលមាន​ទីផ្សារ​ប្រជាជន​រហូត​៤០០​លាន​នាក់​ផងដែរ​នោះ​។

​មិន​ខុសពី​ជំនួប​ជាមួយនឹង​នាយករដ្ឋមន្ត្រី​វៀតណាម ប្រមុខ​នីតិប្រតិបត្តិ​អ៊ីរ៉ង់​រូបនោះ បាន​ជជែក​ច្រើន​ជាមួយនឹង​លេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម​លើ​ផលប្រយោជន៍​សេដ្ឋកិច្ច​ដែរ​។ លោក បាន​ប្រាប់​ប្រមុខ​បក្ស​វៀតណាម​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​មកកាន់​តំបន់​អាស៊ីអាគ្នេយ៍ ជាពិសេស​ក្នុងប្រទេស​វៀតណាម ជា​«​ការបើក​ទំព័រ​ថ្មី​នៃ​ទំនាក់ទំនង​តេ​ហេ​រ៉ង់ និង​ហាណូយ​»​។ លោក Rouhani ក៏បាន​អះអាងថា​វិស័យ​ឯកជន​របស់​អ៊ីរ៉ង់ ដែល​រាប់បញ្ចូល​ទាំង​ផ្នែក​ធនាគារ បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ដើម្បី​ធ្វើការ​ជាមួយនឹង​វៀតណាម​។​

​ជាការ​ឆ្លើយតប​ទៅនឹង ភាគី​អ៊ីរ៉ង់ វៀតណាម ក៏​បង្ហាញ​ពី​ចេតនា​ខ្លាំងក្លា​ណាស់ដែរ​ក្នុងការ​សហប្រតិបត្តិកា​រ​ជាមួយ​អ៊ីរ៉ង់​។ ក្នុងនោះ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម បាន​អះអាងថា ក្រុង​ហាណូយ ចង់​ពង្រីក​ទំនាក់ទំនង​ជាមួយនឹង​អ៊ីរ៉ង់​ទៅលើ​គ្រប់​វិស័យ ហើយ ក្រុង​ហាណូយ ក៏បាន​នឹង​កំពុងតែ​ត្រៀមខ្លួន​ដើម្បី​ឆ្ពោះទៅកាន់​កិច្ចសហប្រតិបត្តិការ​កំ​ពូ​ល​ជាមួយ​អ៊ីរ៉ង់​ក្នុង​ការកសាង​យន្តការ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំងពីរ​ទៀតផង​។

​សូម​ជម្រាប​ផងដែរ​ថា លោក​ប្រធានាធិបតី​អ៊ីរ៉ង់ កំពុងតែ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​បី​ប្រទេស ដោយ​ក្នុងនោះ វៀតណាម គឺជា​ទិសដៅ​ទីមួយ ម៉ាឡេស៊ី គឺជា​ទិសដៅ​ទី​ពីរ និង​ប្រទេស​ថៃ គឺជា​ទិសដៅ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​ទិសដៅ​ចុងក្រោយ​ក្នុងប្រទេស​ថៃ លោក Rouhani ក៏​នឹងចូលរួម​កិច្ចប្រជុំ​កិច្ចសន្ទនា​សហប្រតិបត្តិការ​អាស៊ី ដែលជា​វេទិកា​តំបន់​មួយ​ដែល​នឹងមាន​ការចូលរួម​ពី​សំណាក់​មេដឹកនាំ​អាស៊ី​ប្រមាណ​៣០​ប្រទេស​។

​ដំណើរ​ឆ្ពោះ​មកកាន់​អាស៊ី​ជា​លទ្ធផល​នៃ​ការដក​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​?
​មុនពេល​នៃ​ការចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ លោក​ប្រធានាធិបតី Hassan Rouhani  ក៏បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹង​ពី​របៀបវារៈ​នៃ​ដំណើរ​ទស្សនកិច្ច​បី​ប្រទេស​នៃ​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ​។ ក្នុងនោះ លោក បាន​ពណ៌នា «​តំបន់​អាស៊ី ជា​ទ្វីប​ដ៏​សំខាន់​សម្រាប់​អ៊ីរ៉ង់ ដោយ​លោក បន្ថែមថា សតវត្សរ៍​ទី​២១ គឺជា​កម្មសិទ្ធិ​របស់​អា​ស៊ី​»​។ នេះ ក៏មាន​ន័យ​ដែរ​ថា ក្រៅពី​ប្រទេស​មហាអំណាច​រួមមាន​ទាំង​អាមេរិក​ផងដែរ​នោះ អ៊ីរ៉ង់ ចាប់ផ្តើម​ផ្តោត​សំខាន់​លើ​ទីផ្សារ និង​ទំនាក់ទំនង​នៅ​អាស៊ី​ផងដែរ​។

​តាមពិតទៅ​ការងា​កមក​ផ្តោត​ប្រទេស​នៅ​តំបន់​អាស៊ី និង​ជាពិសេស​នោះ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​របស់​«​មហាអំណាច​ប្រេង​អ៊ីរ៉ង់​» ក៏​ជា​ផ្នែក​មួយ​នៃ​លទ្ធផល​ដំណោះស្រាយ​កម្មវិធី​នុយក្លេអ៊ែរ​រវាង​អ៊ីរ៉ង​ជាមួយនឹង​មហាអំណាច​ប្រាំមួយ​ប្រទេស​ផងដែរ​។ នេះ មានន័យថា ការ​អាច​ផ្តើម​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ខាងក្រៅ​កាន់តែ​ទូលាយ​ទូលាយ​របស់​អ៊ីរ៉ង ក៏​ដោយសារតែ​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​ពី​ប្រទេស​មហាអំណាច​ទាំង​ប្រាំមួយ​រួមមាន ចិន បារាំង រុស្ស៊ី អង់គ្លេស អាមេរិក និង​អាល្លឺម៉ង់​នៅ​ឆ្នាំ​២០១៥​កន្លងទៅ​។

​ជាក់ស្តែង​នោះ​ក្នុងជំនួប​ជាមួយនឹង​មេដឹកនាំ​វៀតណាម លោក​ប្រធានាធិបតី​អ៊ីរ៉ង់ ក៏បាន​ប្រាប់​ដែរ​ថា ការ​ឆ្ពោះ​មកកាន់​ត​វៀតណាម​របស់លោក ត្រូវបាន​ត្រៀមលក្ខណៈ​តាំងពី​អ៊ីរ៉ង់​រួចផុត​ការ​ពី​ការដក​ទណ្ឌកម្ម​របស់​ប្រទេស​មហាអំណាច​ទាំង​ប្រាំមួយ​នៅ​ឆ្នាំមុន​មកម្ល៉េះ​៕


Tag:
 អ៊ីរ៉ង់​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com