អន្តរជាតិ
១០០​ថ្ងៃជា​ប្រធានាធិបតី លោក Duterte ជោគជ័យ​កិច្ចការ​ក្នុងស្រុក តែ​ប្រទាំង​ប្រទើស​កិច្ចការ​ការទូត​
07, Oct 2016 , 5:38 pm        
រូបភាព
ដោយ:
​គិត​ត្រឹម​ថ្ងៃទី​០៧ ខែតុលា​នេះ លោក​អតីត​អភិបាលក្រុង Rodrigo Duterte បាន​ឡើងកាន់​អំណាច​ជា​ប្រធានាធិបតី​ហ្វីលីពីន​ជា​ផ្លូវការ​១០០​ថ្ងៃ​ហើយ​។ គ្រាន់តែ​កាន់អំណាច​ត្រឹម​រយៈពេល​នេះ លោក​ប្រធានាធិបតី បាន​ស្ថិតនៅក្នុង​ទំព័រមុខ​នៃ​សារព័ត៌មាន​ទាំង​ក្របខណ្ឌ​ជាតិ និង​អន្តរជាតិ​ស្ទើរតែ​រៀងរាល់ថ្ងៃ​។ ហើយ​នោះ​ក៏​ព្រោះ​គោលនយោបាយ​កណ្តាប់​ដែក​ក្នុងការ​បោសសម្អាត​បទល្មើស​គ្រឿងញៀន​ក្នុងស្រុក និង​គោលនយោបាយ​ការបរទេស​«​គ្មាន​ការយោគយល់ និង​ឯករាជ្យ​»​របស់លោក​។



​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ (Rodrigo Duterte) បាន​ឡើងកាន់​អំណាច​ជា​ប្រធានាធិបតី​ហ្វីលីពីន​ទី​១៦ ជា​ផ្លូវការ​នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦​នេះ បន្ទាប់ពី​លោក​អតីត​ប្រធានាធិបតី ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ (Bernigno Aqino) បានបញ្ចប់​អាណត្តិ​រយៈពេល​ប្រាំមួយ​ឆ្នាំ​ហើយ​នោះ​។ ការឡើង​កាន់តំណែងរ​បស់​លោក​ប្រធានាធិបតី ឌើ​ទើ​តេ ក្រោយពី​លោក ទទួលបាន​ជ័យជម្នះ​នៃ​ការបោះឆ្នោត​សកល​ហ្វីលីពីន​នៅ​ខែឧសភា ដោយមាន​សំឡេងគាំទ្រ​ពី​ប្រជាពលរដ្ឋ​យ៉ាងច្រើន​លើសលប់​។

​លោក ឌើ​ទើ​តេ ជោគជ័យ​ក្នុងការ​អនុវត្ត​គោលនយោបាយ​ក្នុងស្រុក​?
​លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ដែលមាន​រហ័ស​នាម​ជា «​អ្នក​ដាក់ទណ្ឌកម្ម​» ត្រូវបាន​សហគមន៍​អន្តរជាតិ ចាប់​អាមរ​ម្មណ៍​ខ្លាំង ដោយសារតែ​គោលនយោបាយ​នៃ​ការ​បោសសម្អាត​បទល្មើស ជាពិសេស​បញ្ហា​គ្រឿងញៀន​។ ហើយ​គោលនយោបាយ​នោះ​គឺ លោក ចេញ​បញ្ជា​ឲ្យ​កងកម្លាំង​ទាំងអស់​បង្ក្រាប និង​បោសសម្អាត​ជន​ទាំងឡាយណា​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ដោយ​មិន​គិតថា ជា​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល ពលរដ្ឋ​សាមញ្ញ ឬ​ជនបរទេស​ឡើយ​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ លោក ថែមទាំង​អនុញ្ញាត​កងកម្លាំង​សម្លាប់​ជនល្មើស​ទាំងនោះ ទៀតផង ក្នុងករណី ដែលមាន​ការតបត ឬ​គំរាមកំហែង​ដល់​កងកម្លាំង​នៅពេលដែល​អនុវត្ត​បញ្ជា​នោះ​។

​ជាងនេះទៅទៀត​នោះ លោក ក៏បាន​អនុញ្ញាត​ឲ្យ​ប្រជាជន​អាច​ចូលរួម​ក្នុង​យុទ្ធនាការ​បោសសម្អាត​នេះ​ទៀតផង ដោយ​លោក ក៏​សន្យា​នឹង​ផ្តល់រ​ង្វាន់​លើកទឹកចិត្ត​ទាំង​ដល់​ពលរដ្ឋ និង​កម្លាំង​ដែល​បាន​ចូលរួម​សកម្មភាព​ទាំងនេះ​ផងដែរ​។

​បើ​យោងតាម​សារព័ត៌មាន​ហ្វីលីពីន Inquirer.net គិត​ចាប់ពី​ថ្ងៃទី​៣០ ខែមិថុនា ដែលជា​ថ្ងៃ​លោក ឌើ​ទើ​តេ ចូលកាន់​តំណែង​ជា​ផ្លូវការ​ជា​ប្រធានាធិបតី​មកដល់ពេលនេះ មាន​អ្នក​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន ៧០​ម៉ឺន​នាក់ បានប្រកាស​ចូលខ្លួន​សារភាព និង​ជាង​បី​ពាន់​នាក់​ផ្សេងទៀត ត្រូវបាន​សម្លាប់​ក្នុង​ប្រតិបត្តិការ​ប៉ូលិស និង​ការសហការ​ក្រៅ​ប្រព័ន្ធតុលាការ​។

​តាមពិតទៅ លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ដែល​ធា្ល​ប់​កាន់តំណែង​ជា​អភិបាលក្រុង​ដា​វ៉ា​វ​ជាង​ម្ភៃ​ឆ្នាំ​ហើយ​នោះ ធ្លាប់បាន​សន្យា​នាឱកាស​ឃោសនា​រក​សន្លឹកឆ្នោត​នៅ​ខែឧសភា​កន្លងទៅ ថា ពេល​លោក​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន លោក នឹង​លុបបំបាត់​បទល្មើស ជាពិសេស​បញ្ហា​គ្រឿងញៀន​ឲ្យ​អស់ពី​សង្គម​ហ្វីលីពីន​ត្រឹមតែ​៣​ខែ​ប៉ុណ្ណោះ​។ ក្នុងពេល​នោះដែរ លោក ឌើ​ទើ​តេ ថែមទាំង​បានប្រកាស​មុន​ដែរ​ថា លោក នឹង​សម្លាប់​មនុស្ស​មួយ​ម៉ឺន​នាក់​ដែល​ជាប់​ព័ន្ធ​ពាក់​នឹង​គ្រឿងញៀន ដែល​លោក ចាត់ទុកថា​ជា «​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​»​នោះឯង​។ តែ​ដោយសារតែ​មើលឃើញ​ពី​ស្ថានភាព​សង្គម​ហ្វីលីពីន​ពាក់ព័ន្ធ​នឹង​បទល្មើស​អាក្រក់​ជាង​ការរំពឹងទុក លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នៅ​ថ្ងៃទី​១៨ ខែកញ្ញា កន្លងទៅ បានប្រកាស​សុំ​ពេល​បន្ថែម​៦​ខែ​ទៀត​ក្នុង​ប្រតិបត្តិការ​បោសសម្អាត​បទល្មើស និង​គ្រឿងញៀន​។

​ជុំវិញ​នៃ​ប្រតិបត្តិការ​នេះដែរ លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បានទទួល​ការរិះគន់​ខ្លាំងៗ​តាំងពី​សម្ព័ន្ធមិត្ត​អាមេរិក អង្គការ​ក្នុង​តំបន់​«​សហភាព​អឺរ៉ុប​» និង​អង្គការសហប្រជាជាតិ ដោយ​ក្រុម​ទាំងនេះ បាន​មើលឃើញថា​សកម្មភាព​ដឹកនាំ​បង្ក្រាប​របស់លោក បាន​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​រាប់បញ្ចូល​ទាំង​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​ផងដែរ​នោះ​។

​ទោះបីជា​មានការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​ខ្លាំង​ក៏ដោយ របាយការណ៍​ស្ទាបស្ទង់​របស់ The Social Weather Stations បាន​រកឃើញថា​ប្រជាជន​ហ្វីលីពីន​ភាគច្រើន នៅតែ​គាំទ្រ​ការដឹកនាំ​របស់លោក​។ របាយការណ៍ ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​០៦ ខែតុលា បាន​បង្ហាញថា ៧៦​ភាគរយ​នៃ​ប្រជាជន​ហ្វីលីពីន រីករាយ និង​ទទួលយក​ការដឹកនាំ​របស់លោក ខណៈ ១១​ភាគរយ មិន​ទទួល​។ ហើយ​សម្រាប់​អ្នក​ដែល​សេសសល់ មិនបាន​សម្រេច​ថា​ការដឹកនាំ​នោះ របៀប​ណា​ឡើយ​។ របាយការណ៍​ដដែល​នោះ ក៏បាន​បញ្ជាក់ដែរថា គិត​ចាប់ពី​ហ្វីលីពីន​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​នៅ​ឆ្នាំ​១៩៨៦ មានតែ​ប្រធានាធិបតី​ពីររូប​ប៉ុណ្ណោះ​ដែល​នៅតែ​ទទួលបាន​ការគាំទ្រ​ភាគច្រើន​ពី​ប្រជាជន​តាមរយៈ​ការវាយតម្លៃ​នៃ​ការដឹកនាំ​រយៈពេល​បី​ខែ​ដំបូង​នៃ​ការដឹកនាំ​។ ប្រធានាធិបតី​ទាំងពីរ​នោះ​គឺ លោក Fidel Romos ដែល​កាន់តំណែង​ក្នុង​ឆ្នាំ​១៩៩២-១៩៩៨ និង លោក Rodrigo Duterte នោះឯង​។

​លោក Duterte ជួប​រឿង​ប្រទាំង​ប្រទើស​ការទូត​ច្រើន ជាមួយ​ដៃគូ​ដែល​រិះគន់​ការដឹកនាំ​របស់លោក​?
​ដូច​បានបញ្ជាក់ ក្នុង​រយៈពេល​នៃ​ការដឹកនាំ​ជាង​បី​ខែ​មកនេះ ទាំង​អាមេរិក សហភាព​អឺរ៉ុប និង​មន្ត្រី​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បាន​រិះគន់​ខ្លាំង​លើ​គោលនយោបាយ​នៃ​ការ​បោសសម្អាត​បទល្មើស​គ្រឿងញៀន​របស់លោក​។ ការរិះគន់​នេះ មិនមែនជា​បញ្ហា​អ្វី​ឡើយ​សម្រាប់​លោក​ប្រធានាធិបតី តែ​អ្វី​ដែលជា​បញ្ហា​នោះ​គឺ​ការឆ្លើយតប​ទៅនឹង​ការរិះគន់​របស់លោក​មិន​ស្របតាម​បែបបទ​ការទូត​ឡើយ​។ លោក ឌើ​ទើ​តេ បាន​ប្រើ​ពាក្យសម្តី​អសុរោះ និង​ជេរប្រមាថ​ដល់​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន និង​រាល់​ស្ថាប័ន​ធំៗ​ផ្សេងទៀត​ដែល​បាន​រិះគន់​ការដឹកនាំ​របស់លោក​។ ហើយ​ចុង​ក្រោយនេះ លោក ថែមទាំង​ហ៊ាន​និយាយ​ត្រង់ៗ​ក្នុង​ការដើរ​ចេញពី​ទំនាក់ទំនង​ស្និទ្ធ​ល្មួត​ជាមួយនឹង​អាមេរិក ដែលជា​សម្ព័ន្ធមិត្ត​យ៉ាង​ជិតស្និទ្ធ​ទៀតផង​៕


Tag:
 ហ្វីលីពីន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com