ជាតិ
សង្គមជាតិ
អ្នករាយការណ៍​ពិសេស UN នឹង​បំពេញ​ទស្សនកិច្ច រយៈពេល ១០​ថ្ងៃ​នៅ​កម្ពុជា​
07, Oct 2016 , 8:43 pm        
រូបភាព
លោកស្រី Rhona Smith ​អ្នករាយការណ៍​ពិសេស UN (រូបខាងឆ្វេង)។
លោកស្រី Rhona Smith ​អ្នករាយការណ៍​ពិសេស UN (រូបខាងឆ្វេង)។
ដោយ:
ភ្នំពេញ​៖ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ស្តីពី ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោកស្រី Rhona Smith (​រ៉ូ​ណា ស្មី​ត​) នឹង​មក​បំពេញ​ទស្សនកិច្ច​លើក​ទី​ពីរ​ជា​ផ្លូវការ រយៈពេល ១០​ថ្ងៃ ចាប់ពី​ថ្ងៃ ១០ ដល់ទី​២០ ខែតុលា ឆ្នាំ​២០១៦ នៅ​កម្ពុជា​។ នេះ​ជា​បើតាម​សេចក្តីប្រកាស​ព័ត៌មាន UNHR​ ចុះថ្ងៃទី៧ ខែតុលានេះ។



​អ្នករាយការណ៍​ពិសេស UN លោកស្រី រ៉ូ​ណា ស្មី​ត ដែល​ធ្លាប់​ប្តេជ្ញា​សហការ​ជាមួយ​រដ្ឋាភិបាល​ពង្រឹង​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅនោះ នឹង​ពិនិត្យ​ស្ថានភាព​នយោបាយ​ទូទៅ និង​ទិដ្ឋភាព​រើសអើង​នានា នៅ​កម្ពុជា មុនពេល​លោកស្រី​បង្ហាញ​របាយការណ៍​ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ក្នុង​ខែកញ្ញា ឆ្នាំ​២០១៧ ។​

​តាម  UNHR អ្នករាយការណ៍​ពិសេស UN ឃ្លាំមើល​ស្ថានភាព​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​និយាយ​ពី​បំណង​ទស្សនកិច្ច​នៅ​កម្ពុជា​ដូច្នេះ​ថា​៖«​ខ្ញុំ​ផ្តោតលើ​ស្ថានភាព បច្ចុប្បន្ន​នៃ​សិទ្ធិមនុស្ស និង​ការតាមដាន​ការអនុវត្ត​អនុសាសន៍​នានា​ដែល​បាន​ផ្តល់ជូន រដ្ឋាភិបាល​។ ខ្ញុំ​មានបំណង​ពិនិត្យ លើ​ប្រធានបទ​ការរើសអើង គឺ​ការវាយតម្លៃ​ពី​សិទ្ធិ​ក្រុម​ជនជាតិភាគតិច និង​ក្រុម​បាត់បង់​ឱកាស​»​។​

​ក្រៅពីនេះ លោកស្រី រ៉ូ​ណា ស្មី​ត នឹង​ជួប​ភាគី​ពាក់ព័ន្ធ​នានា រួមមាន សមាជិក​រដ្ឋាភិបាល តំណាង​អង្គការ​សង្គម​ស៊ីវិល សហគមន៍​ការទូត និង​សហគមន៍​ពលរដ្ឋ​ផង ដើម្បី​ប្រមូល ព័ត៌មាន​ដោយផ្ទាល់​។​

​នៅ​ថ្ងៃ​ចុងបញ្ចប់​ដំណើរ​ទស្សនកិច្ច លោកស្រី​នឹងធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​ម៉ោង ៣ ដល់​៤ រសៀល​ថ្ងៃទី​១៩ តុលា​នេះ នៅ​ការិយាល័យ​សិទ្ធិមនុស្ស​អង្គ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា (OHCHR)​។​

​គួរបញ្ជាក់​ផងដែរ លោកស្រី Rhona Smith ត្រូវបានតែងតាំង​ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN ក្នុង​ខែមីនា ឆ្នាំ​២០១៥ ស្នង​តំណែង​របស់លោក សុរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី ដែល​បានបញ្ចប់​អាណត្តិ ៦​ឆ្នាំ នៅ​ខែមីនា ឆ្នាំ​២០១៥ ដើម្បី​ធ្វើ​សេចក្តីរាយការណ៍ និង​ផ្តល់​ប្រឹក្សា​យោបល់​ស្តីពី ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ លោកស្រី Rhona Smith ជា​សាស្ត្រាចារ្យ​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ចក្រភព​អង់គ្លេស និង​ជា​សាស្ត្រាចារ្យ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ផ្នែក​ច្បាប់​សិទ្ធិមនុស្ស​៕


Tag:
 Rhona Smith
  សិទ្ធិមនុស្ស​
  UN Human Rights
© រក្សាសិទ្ធិដោយ thmeythmey.com