អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
១៥​ឆ្នាំ ក្រោយ​អាមេរិក​ឈ្លានពាន អា​ហ្វ​ហ្កា​នី​ស្ថាន​មិនទាន់​ស្គាល់​សន្តិភាព​
08, Oct 2016 , 10:26 am        
រូបភាព
​មកដល់​ថ្ងៃ ៧ តុលាម្សិលមិញ​នេះ វា​មាន​រយៈពេល ១៥ ឆ្នាំ​ហើយ​ក្រោយ​ការឈ្លានពាន​របស់​អាមេរិក​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​។ មនុស្ស​រាប់ម៉ឺន​នាក់​ស្លាប់ ហើយ​សង្គ្រាម​បង្ខំ​ឲ្យ​ប្រជាជន​អា​ហ្វ​ហ្កា​និ​ស្ថាន​រាប់លាន​នាក់​រត់​ភៀសខ្លួន​។ សង្គ្រាម​ទ័ពព្រៃ​រក​ផ្លូវ​ចប់​មិនឃើញ​ឡើយ ហើយ​ក្តី​សង្ឃឹមថានឹង​ស្គាល់​សន្តិភាព​ក្លាយជា​ផេះផង់​។​


 
​សង្គ្រាម​អាមេរិក​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ត្រូវគេ​ចាត់ទុកជា​សង្គ្រាម​ដ៍​យូរ​ជាងគេ​មួយ​នៅលើ​ពិភពលោក​។ មកទល់​ថ្ងៃនេះ​​មាន​អាយុកាល ១៥​ឆ្នាំ​គត់​ក្រោយពេលអាមេរិក​និងកងកម្លាំង​សម្ព័ន្ធមិត្ត​ឈ្លានពាន​ប្រទេស​នេះ។ ថ្វីបើ​វា​អូសបន្លាយ​ពេល​ជាង​មួយ​ទសវត្សរ៍ ហើយ​កងទ័ព​បរទេស​ចាកចេញ​ជិត​អស់​ក្តី សង្គ្រាម​ទ័ពព្រៃ​នេះ​មិនទាន់​ស្គាល់​អ្វីដែល​ហៅថា​ទីបញ្ចប់​ឡើយ ហើយ​គេ​ក៏​រឹតតែ​មិនដឹងថា​សង្គ្រាម​នេះ​ត្រូវ​បញ្ចប់​ដោយ​របៀប​ណា​ដែរ​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ចាប់តាំងពី​ឆ្នាំ ២០០២ មក អាមេរិក​បាន​ចំណាយលុយ​ច្រើនជាង ៦០ ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​បំពាក់បំប៉ន​សមត្ថភាព​និង​បំពាក់អាវុធ​ឲ្យ​ក្រុម​កងកម្លាំង​អា​ហ្វ​ហ្កា​នី​ស្ថាន​ដើម្បី​តទល់​ក្រុម​តា​លី​បង់​។ ហើយ​យោងតាម​ការវាយតម្លៃ​ជារួម​របស់​សភា​អាមេរិក ការចំណាយ​លើ​សង្គ្រាម​អា​ហ្វ​ហ្កា​នី​ស្ថាន​កើន​ដល់ ៦៨៥, ៦​ពាន់​លាន​ដុល្លារ​អាមេរិក  ហើយ​ការចំណាយ​រយៈពេល​វែង វា​អាច​កើន​ដល់ ៦​ទ្រី​លាន​ដុល្លារ​ឯណោះ​។ 
 
១.​សង្គ្រាម​អាហ្វហ្កានីស្ថានបញ្ឆេះ​ដោយ​អាមេរិក​នៅ​ខែតុលា​ឆ្នាំ ២០០១
​ក្រោយ​មាន​វាយប្រហារ​លើ​អគារ​ពាណិជ្ជកម្ម ពិភពលោក នៅក្នុង​ខែកញ្ញា ឆ្នាំ ២០០១ អាមេរិក ដែល​ស្ថិតក្រោម​រដ្ឋបាល​លោក George W. Bush បានប្រកាស​សង្គ្រាម​ប្រឆាំង​ក្រុម​ភេរវជន ហើយ​អា​ហ្វ​ហ្កា​នី​ស្ថាន​ក្លាយជា​គោលដៅ​នៃ​ការឈ្លានពាន​របស់​អាមេរិក​មុនគេ ពោលគឺ​មុន​អ៊ីរ៉ាក់​។ រដ្ឋបាល​អាមេរិក​ពេលនោះ​យល់ថា សោកនាដកម្ម​នៃ​ការវាយប្រហារ​អាគារ​ពា​ណិ​ជ្ជ​កម្ម​ពិភពលោក​បង្កឡើង​ដោយ​មេក្រុម​អាល់​កៃ​ដា អូ​សា​ម៉ា ប៊ី​ន​ឡា​ដិ​ន ដែល​លាក់ខ្លួន​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ព្រោះ​ពួកគេ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​។ ក្រោយមក​អាមេរិក​បានទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​ដែល​កាន់កាប់​ដោយ​ក្រុម​តា​លី​បង់​ប្រគល់​ខ្លួន  អូ​សា​ម៉ា ប៊ី​ន​ឡា​ដិ​ន ឲ្យ​ខ្លួន​ដើម្បី​កាត់ទោស​។ ប៉ុន្តែ​មេដឹកនាំ​ក្រុម​តា​លី​បង់ Mullah Omar បាន​បដិសេធ​សំណើរ និង​ទារ​រក​ភ័ស្តុតាង​ពី​ក្រុង​វ៉ាស៊ីនតោន​ថែមទៀត​។ 
 
​ដោយ​ខឹង ក្រុម​តា​លី​បង់​មិន​ស្តាប់​ការស្នើសុំ អាមេរិក​សម្រេច​ធ្វើសង្គ្រាម​ជាមួយ​អា​ហ្វ​ហ្កា​នី​ស្ថាន​តែម្តង​។  ថ្ងៃ ៧ ខែតុលា ឆ្នាំ ២០០១ ដដែល កងទ័ព​អាមេរិក កងកម្លាំង​សម្ព័ន្ធមិត្ត​អាមេរិក និង​ក្រុម​ឧទ្ទាម​ប្រឆាំងនឹង​របប​ក្រុង​កា​ប៊ុល​បានចាប់ផ្តើម​សង្គ្រាម​ប្រឆាំង​របប​ដឹកនាំ​ក្រុម​តា​លី​បង់​នៅ​កា​ប៊ុល​។ តាមពិតទៅ​សង្គ្រាម​អាមេរិក​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ត្រូវបាន​គេ​បែងចែក​ជា​បី​ជំហាន​។​
 
២.​សង្គ្រាម​បី​ជំហាន​រំដោះ​អា​ហ្វ​ហ្កា​នី​ស្ថាន​
​ជំហាន​ទីមួយ​មាន​រយៈពេល​ត្រឹមតែ ២ ខែ​ប៉ុណ្ណោះ​ដោយ​ចាប់ផ្តើម​ពី​ខែតុលា​ដល់​ឆ្នាំ ២០០២ ដោយ​សង្គ្រាម​នេះ​ផ្តោតលើ​ការផ្តួលរំលំ​ក្រុម​ភេរ​វករ​តា​លី​បង់​ដែល​កំពុង​គ្រប់គ្រង​រដ្ឋាភិបាល​អា​ហ្វ​ហ្កា​នី​ស្ថាន​។​
 
​ជំហាន​ទី​ពីរ ត្រូវបាន​គេ​កំណត់​ពី​ឆ្នាំ ២០០២ ដល់​ឆ្នាំ ២០០៨ ដោយ​អាមេរិក​ផ្តោត​ការ​កម្ចាត់​ក្រុម​តា​លី​បង់ និង​ស្តារ​ក៏ដូចជា​កសាងឡើង​វិញ​នូវ​ស្ថាប័ន​ស្នូល​សំខាន់ៗ​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ជាពិសេស​រៀបចំ​បង្កើតរ​ដ្ឋា​ភិ​បាល​ត្រឹមត្រូវ​ដើម្បី​គ្រប់គ្រង​និង​រក្សា​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​ប្រទេស​ទាំងមូល​។ នា​ខែឧសភា ឆ្នាំ ២០០៣ រដ្ឋមន្ត្រី​ការពារជាតិ Donald Rumsfeld បានប្រកាសថា ការប្រយុទ្ធ​ទ្រង់ទ្រាយ​ធំ​បាន​ឈានដល់​ទីបញ្ចប់​ហើយ​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន ហើយ​កងទ័ព​អាមេរិក ៨​ពាន់​នាក់​ឈរជើង​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ដើម្បី​រក្សា​សន្តិសុខ​ទម្រាំ​មានការ​បោះឆ្នោត​។ 
 
​ក្នុង​ខែតុលា ឆ្នាំ ២០០៤ ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​លើ​ដំបូង​មួយ​ត្រូវបាន​គេ​រៀបចំឡើង ហើយ​លោក Hamid Karzai​បាន​ក្លាយជា​ប្រធានាធិបតី​អា​ហ្វ​ហ្កា​នី​ស្ថាន​ជា​ផ្លូវការ​។​លោក Karzai បាន​ដើរតួនាទី​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​អា​ហ្វ​ហ្កា​នី​ស្ថាន​តាំងពី​ដើមឆ្នាំ ២០០២ មុន​មានការ​បោះឆ្នោត​ប្រធានាធិបតី​ត្រឹមត្រូវ​។​
 
​ចំណែក​ជំហាន​ទី​បី ចាប់ផ្តើម​ពី​ឆ្នាំ ២០០៨ ហើយ​សង្គ្រាម​អាមេរិក​ផ្តោត​សំខាន់​លើ​ការប្រឆាំង​ក្រុម​ឧទ្ទាម​ប៉ុណ្ណោះ​។ ប៉ុន្តែ​ការផ្លាស់ប្តូរ​ការដឹកនាំ​នៅ​អាមេរិក​នៅ​ឆ្នាំ ២០០៩ ពេល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ឡើងកាន់តំណែង ចំនួន​កងទ័ព​អាមេរិក​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ត្រូវបាន​គេ​បង្កើន​ក្នុង​លក្ខណៈ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។ នេះ​ក៏ដោយ​សារ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានប្រកាស​ក្នុងពេល​លោក​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ថា លោក​នឹង​បញ្ចប់សង្គ្រាម​អាមេរិក​នៅ​បរទេស​ជាពិសេស​អា​ហ្វ​ហ្កា​នី​ស្ថាន​នេះ​តែម្តង​។  ត្រឡប់មកវិញ កងទ័ព​ទាំងនោះ​ចូលរួម​ក្នុង​ប្រតិបត្តិ​ការការពារ​ជន​ស៊ីវិល​ពី​ការវាយប្រហារ​របស់​ក្រុម​តា​លី​បង់ និង គាំទ្រ​គោលនយោបាយ​សមាហរណកម្ម​ក្រុម​តា​លី​បង់​ចូលក្នុង​សង្គម​អា​ហ្វ​ហ្កា​នី​ស្ថាន​វិញ​។​
 
​រហូតដល់​ដើមឆ្នាំ ២០១១ សហរដ្ឋអាមេរិក​ចាប់ផ្តើម​ផ្ទេរ​ការទទួលខុសត្រូវ​ផ្នែក​សន្តិសុខ​ទៅ​ឲ្យ​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​ពោលគឺ កងកម្លាំង​ទាហាន​និង​ប៉ូលិស​អា​ហ្វ​ហា្ក​នី​ស្ថាន​នេះ​តែម្តង​។ ប៉ុន្តែ​ជា​អកុសល ការវាយប្រហារ​និង​ចលនា​វិទ្ធង្សនា​ប្រឆាំង​រដ្ឋាភិបាល​និង​ជន​ស៊ីវិល​នៅតែ​បន្ត​កើតមានឡើង​ឥត​ល្ហែនៅ​ទូទាំងប្រទេស ហើយ​កងកម្លាំង​អា​ហ្វ​ហ្កា​នី​ស្ថាន​មិនមាន​លទ្ធភាព​និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ទទួលខុសត្រូវ​រក្សា​សន្តិសុខ​ខ្លួនឯង​បានដែរ​។​
 
​ក្នុង​ចុងឆ្នាំ ២០១៤ ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ក្រុម​តា​លី​បង់​របស់​សហរដ្ឋអាមេរិក និង​បក្សសម្ព័ន្ធ​ណា​តូ ត្រូវបាន​បញ្ចប់​ជា​ផ្លូវការ ដែល​វា​មានន័យថា ទ័ព​អាមេរិក​និង​សម្ព័ន្ធមិត្ត​លែង​ពាក់ព័ន្ធ​ការប្រយុទ្ធប្រឆាំង​ក្រុម​តា​លី​បង់​ទៀតឡើយ​។ មកទល់​ពេល​បច្ចុប្បន្ននេះ អាមេរិក​នៅ​បន្ត​រក្សាទុក​កងទ័ពរ​បស់​ខ្លួន​មួយចំនួន​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន ប៉ុន្តែ​កងទ័ព​ទាំងនោះ​មិន​ពាក់ព័ន្ធ​ប្រតិបត្តិ​ការប្រឆាំង​ក្រុម​តា​លី​បង់​ទេ​។ 
 
​គិត​ទៅ រយៈពេល​ជាង​មួយ​ទសវត្ស​រ៍ហើយ បើទោះជា​អា​ហ្វ​ហ្កា​នី​ស្ថាន​ត្រូវបាន​រំដោះ​ចេញពី​កណ្តាប់ដៃ​ក្រុម​ភេរវជន​តា​លី​បង់​ក៏ដោយ គេ​មិនឃើញ​សញ្ញា​វិជ្ជមាន​ណាមួយ​ដែល​បញ្ជាក់ថា​ប្រទេស​នេះ​រួច​ផុតពី​បញ្ហា​អស្ថិរភាព​ឡើយ​។ ការប្រយុទ្ធ​គ្នា​នៅតែ​រវាង​កងកម្លាំងរ​ដ្ឋា​ភិ​បាល​និង​ក្រុម​តា​លី​បង់ ហើយ​មនុស្ស​ស្លាប់ និង​របួស​កើនឡើង រាល់ថ្ងៃ​។ ការចរចា​រវាង​រដ្ឋា​ភិ​បាល​ក្រុង​កា​ប៊ុល និង​ក្រុម​តា​លី​បង់​នៅ​ទ្រឹង ហើយ​រដ្ឋាភិបាល​អាមេរិក​បញ្ចប់​ការទទួលខុសត្រូវ​រប​ស់​ខ្លូន​ចំពោះ​សន្តិសុខ​អា​ហ្វ​ហ្កា​នី​ស្ថាន ហើយ​ទុកអោយ​ប្រជាជន​អា​ហ្វ​ហ្កា​នី​ស្ថាន​សម្រេច​លើ​ជោគវាសនា​នៃ​ប្រទេសជាតិ​របស់ខ្លួន ទប់ទល់​ក្រុម​តា​លី​បង់​ដោយ​ខ្លួនឯង​វិញ​។ មាន​អ្នកខ្លះ​ហៅ​ការដក​កងទ័ព​ចេញពី​អា​ហ្វ​ហ្កា​នី​ស្ថាន​របស់​អាមេរិក​កន្លង​មក​ថា វា​ជា​ស្ថានភាព​មួយ​មិន​ខុសពី ការបោះបង់ចោល​វៀតណាម​ក្នុង​ឆ្នាំ ១៩៧៣ ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី រី​ឆាត និ​ច​សុន ឡើយ​៕ 

​ឯកសារពិគ្រោះ
 

© រក្សាសិទ្ធិដោយ thmeythmey.com