អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
Duterte ប្រាប់​វៀតណាម ថា លោក ធា្ល​ប់​ប្រាថ្នា​ទៅ​វៀតណាម​តាំងពីក្មេង ព្រោះ​វៀតណាម​មាន​លក្ខណពិសេស
08, Oct 2016 , 8:39 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីនខាងឆ្វេង និងនាយករដ្ឋមន្ត្រីវៀតណាមខាងស្តាំ (ប្រភពរូបភាព៖ zing.vn)
ប្រធានាធិបតីហ្វីលីពីនខាងឆ្វេង និងនាយករដ្ឋមន្ត្រីវៀតណាមខាងស្តាំ (ប្រភពរូបភាព៖ zing.vn)
ដោយ:
 
 
​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte នៅ​សប្តាហ៍​មុន បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​វៀតណាម ដែលជា​ប្រទេស​ទី​បី​នៃ​មិត្ត​អាស៊ាន ដែល​លោក បាន​ទៅដល់​ក្នុងនាម​ជា​ប្រមុខរដ្ឋ​។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នោះ មាន​កិច្ចព្រមព្រៀង​ជាច្រើន​ត្រូវបាន ធ្វើឡើង​រវាង​ភាគី​ទាំងពីរ​។ ហើយ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ដំណើរ​ទស្សនកិច្ច​ទៅកាន់​វៀតណាម បានធ្វើ​ឲ្យ​លោក Duterte សម្រេច​ក្តី​សុបិន​របស់លោក​កាល​នៅ​ពី​ក្មេង​ផងដែរ​។

 
​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte និង លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc បានបង្ហាញ​ពី​គោលជំហរ​ក្នុងការ​ពង្រីក និង​ធ្វើ​ឲ្យ​​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​នៃ​ប្រទេស​ទាំងពីរកាន់តែស៊ីជម្រៅ ក៏ដូចជា​គម្រោង​ក្នុង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាច្រើន​បន្ថែម​ផ្សេងទៀត​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​កាន់តែ​រឹងមាំ​នៅក្នុង​តំបន់​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​ក្រសួងការបរទេស​វៀត​ណា​ម​ស្តីពី​ដំណើរ​ទស្សនកិច្ច​រយៈ​ពីរ​ថ្ងៃ​របស់លោក Duterte ទៅកាន់​ក្រុង​ហាណូយ​កាលពី​ថ្ងៃទី​២៩-៣០ ខែកញ្ញា​កន្លងទៅ​។ 
 
​នា​ជំនួប​ជាមួយនឹង​ប្រមុខ​រដ្ឋាភិបាល​វៀតណាម​នោះដែរ លោក​ប្រធានាធិបតី​ហ្វីលីពីន ក៏បាន​និយាយ​ពី​សារៈសំខាន់ នៃ​ការកសាង​សន្តិភាព និង​សន្តិសុខ​, ការជំរុញ​កិច្ចសហប្រតិបត្តិការ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​ដោះស្រាយ​ជម្លោះ​តាម​យន្តការ​សន្តិវិធី ដោយយោង​តាមច្បាប់​អន្តរជាតិ និង​ច្បាប់​សមុទ្រ​ផងដែរ​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​ដដែល ដែល​បាន​បន្ត​ដែរ​ថា លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ក៏បាន​ទទូច​ឲ្យ​ហ្វីលីពីន ធ្វើការ​រួមគ្នា​ជាមួយ​វៀតណាម​ដើម្បី​ពង្រឹង​សាមគ្គីភាព និង​តួនាទី​ជា​ស្នូល​របស់​អាស៊ាន​ដើម្បី​តទល់​ជាមួយនឹង​បញ្ហា​ប្រឈម​នានា​ដែល​អាច​បំផ្លាញ​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​នៅក្នុង​តំបន់​។ 
 
​អ្វី​គួរកត់សម្គាល់​នោះ​បើតាម​សេចក្តីថ្លែងការណ៍​នោះដែរ លោក​ប្រធានាធិបតី​ហ្វីលីពីន ក៏បាន​ប្រាប់​ពី​ក្តី​ប្រាថ្នា​មួយ​របស់លោក​មកកាន់​វៀតណាម​យ៉ាង​ដូច្នេះ​ថា «​ពេល​លោក​នៅ​ក្មេង លោក ធា្ល​ប់​ប្រាថ្នា​ចង់​បំពេញ​ទស្សនកិច្ច​ទៅកាន់​វៀតណាម ដ្បិត​លោក ក៏បាន​សរសើរ​ពី​ការមិន​រាថយ​របស់​វៀតណាម​ក្នុងការ​ប្រយុទ្ធប្រឆាំង​ដើម្បី​ឯករាជ្យភាព និង​សេរីភាព ក៏ដូចជា​សមិទ្ធផល​នៃ​ការអភិវឌ្ឍ​ផងដែរ​»​។ 
 
​សូម​ជម្រាប​ផងដែរ​ថា គិត​ចាប់ពី​ឡើងកាន់​អំណាច​ជា​ប្រធានាធិបតី​ហ្វីលីពីន​នៅ​ថ្ងៃទី​៣០ ខែមិថុនា​មក លោក Duterte ទើបតែ​បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​បណ្តា​មិត្ត​អាស៊ាន​បី​ប្រទេស​ប៉ុណ្ណោះ​។ ក្នុងនោះ​លោក Duterte ដែល​កំពុងតែ​ជាប់​នៅ​ទំព័រមុខ​នៃ​សារព័ត៌មាន ដោយសារតែ​គោលនយោបាយ​បង្ក្រាប​គ្រឿងញៀន​របស់លោក​នោះ បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​ឡាវ ឥណ្ឌូនេស៊ី និង​វៀតណាម​នោះឯង​៕ 
 
 

Tag:
 ហ្វីលីពីន​
  វៀតណាម​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com