អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​៖ រុស្ស៊ី​ចល័ត​មី​ស៊ី​លអាច​បំពាក់ក្បាលគ្រាប់​នុយក្លេអ៊ែរ​ទៅ​ក្បែរ​រដ្ឋបាល់​ទិ​ក​
08, Oct 2016 , 4:05 pm        
រូបភាព
​អាមេរិក​បាន​អះអាងថា រុស្ស៊ី​បាន​ចល័ត​មី​ស៊ី​លអាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទៅកាន់ ក្រុង​Kaliningrad ដែល​ស្ថិត​នៅជាប់​ប៉ូ​ឡួ​ញ និង​លី​ទុយ​អា​នី​រួចរាល់​ហើយ​។ ប៉ុន្តែ​មន្ត្រី​អាមេរិក​ថា វា​មិន​គ្រោះថ្នាក់​ឬ មិនមែនជា​រឿង​គួរ​ឲ្យ​បារម្ភ​ឡើយ​ព្រោះ​រុស្ស៊ី​ធ្លាប់​ពង្រាយ​អាវុធ​ប្រភេទ​នេះ​ម្តង​ដែរ​កាលពី​ឆ្នាំ ២០១៤​ដើ​ម្ប​រៀបចំ​សមយុទ្ធ​យោធា​។​


​នា​ថ្ងៃ​សុក្រ​ទី ៧ តុលា ម្សិលមិញ​នេះ មន្ត្រី​ចារកម្ម​អាមេរិក​និង​អេ​ស្តូ​នី​បាន​អះអាងថា កងទ័ព​រុស្ស៊ី​ចល័ត​មី​ស៊ី​លអាច​បំពាក់​នុយក្លេអ៊ែរ​បាន​ទៅកាន់​ក្រុង Kaliningrad ដែល​ស្ថិតនៅ​ចន្លោះ​ប្រទេស​ប៉ូឡូញ និង​លី​ទុយ​អា​នី​។ រុស្ស៊ី​ហាក់​កំពុង​ព្យាយាម​ពង្រឹងកម្លាំង​របស់ខ្លួន​នៅតាម​ព្រំដែន​ជា​ពិ​សេ​នៅជាប់​បណ្តា​រដ្ឋបាល់​ទិ​ក ដោយមាន​គោលដៅ​រក្សា​អំណាច​និង​ឥទ្ធិពល​របស់ខ្លួន​ដើម្បី​គំរាម​អឺរ៉ុប​។ 
 
​តាមពិតទៅ យោងតាម​សារព័ត៌មាន The Guardian មី​ស៊ី​ល​ដែល​ត្រូវបញ្ជូន​ទៅនោះ​អាចហោះហើរបាន​រយៈ​ចម្ងាយ ៥០០ គីឡូ​ម៉ែត ហើយ​វា​ជា​ប្រ​ភេ​អាវុធ​មួយ​ដែល​ទំនើប​និង​អាច​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លែ​អ៊ែរ​បាន​ថែមទៀត​។ គេ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា រុស្ស៊ី​មាន​គោលដៅ​អ្វី​ពិតប្រាកដ ដែល​ត្រូវបញ្ជូន​សព្វាវុធ​ប្រភេទ​នេះ​ទៅកាន់​តំបន់​ជិត​រដ្ឋបាល់​ទិ​ក​ឡើយ​។​
 
​យ៉ាងណា​ក៏ដោយចុះ មន្ត្រី​អា​មេ​រិ​ម្នាក់​ដែល​មិន​បង្ហាញ​អត្តសញ្ញាណ​បាន​អះអាងថា មូលហេតុ​នៃ​ការពង្រាយ​អាវុធ​ប្រភេទ​នេះ​ទំនងជា​មិនមាន​គ្រោះថ្នាក់​ឡើយ ព្រោះ​កាលពី​ឆ្នាំ ២០១៤ រុស្ស៊ី​ក៏​ធ្លាប់​ចល័ត​អាវុធ​ប្រភេទ​នេះ​ទៅកាន់​តំបន់ Kaliningrad ដែរ​ដើម្បី​ចូលរួម​សមយុទ្ធ​យោធា​។ តែ​វា​ជា​សារ​មួយ​បង្ហាញ​ទៅ​លោកខាងលិច​ថា​រុស្ស៊ី​មិន​ពេញចិត្ត​ចំពោះ​ការបន្ត​កសាង​កម្លាំងរ​បស់​បក្សសម្ព័ន្ធ​យោធា​ណា​តូ​នៅតាម​ព្រំដែន​ខ្លួន​ឡើយ​។ 
 
​ចាប់ពី​ជម្លោះ​អ៊ុយ​ក្រែ​ន​កើតឡើង​នៅ​ដើមឆ្នាំ ២០១៤ សមាជិក​ណា​តូ ដែល​ដឹកនាំ​ដោយ​អាមេរិក​បន្ត​កសាង​កម្លាំង​ទ័ព​នៅជាប់​ព្រំដែន​រុស្ស៊ី ហើយ​សមយុទ្ធ​យោធា​ត្រូវបាន​គេ​រៀបចំ​ឡើងជា​ញឹកញាប់​ដើម្បី​កំញើញ​រុស្ស៊ី​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​អាមេរិក​បាន​តំឡើង​ខែល​ការពារ​មី​ស៊ី​ល​នៅ​ប៉ូឡូញ​កាលពី​ប៉ុន្មាន​ខែ​មុននេះ​ថែមទៀត ដែល​សកម្មភាព​នេះ​ធ្វើ​ឲ្យ​រុស្ស៊ី​នៅ​មិន​សុខ​និង​ខឹងសម្បារ​ជាខ្លាំង​។​
 
​ក្រៅពីនេះ កាលពី​ចុងខែ​កញ្ញា​កន្លងទៅ ក្រសួងការពារជាតិ រុស្ស៊ី​បានប្រកាសថា ប្រព័ន្ធ​ការពារ​ដែនអាកាស​ស៊េរី​ទំនើប S-400 ចំនួន​២​កងវរសេនាធំ ក៏ត្រូវ​ពង្រាយ​ទៅកាន់​អង្គភាព​កងទ័ពអាកាស​និង​ការពារ​ដែនអាកាស​នៅក្នុង​តំបន់ Leningrad នៅពេល​ឆាប់ៗ​ផង​។ ការពង្រាយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​នេះ​ត្រូវបាន​ក្រសួង​ខាងលើ​អះអាងថា ធ្វើឡើង​ក្នុង​គោលដៅ​ពង្រឹងសមត្ថភាព​ការពារ​ដែនអាកាស​រប​ស់​ខ្លួន​ទប់ស្កាត់​ការគំរាមកំហែង​នានា​ប៉ុណ្ណោះ​។​
 
​ពាក់ព័ន្ធ​ការពង្រាយ​សព្វាវុធ​អាច​បំពាក់​នុយក្លេអ៊ែរ​នេះដែរ អ្នកជំនាញ​អេ​ស្តូ​នី​ម្នាក់​បាន​អះអាងថា   អាវុធ​របស់​រុស្ស៊ី​នេះ​ជា​ប្រភេទ​អាវុធ​ដែល​ទំនើប​បំផុត ហើយ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ខែ​ការពារ​របស់លោក​ខាងលិច​មិនទាន់មាន​លទ្ធភាព​ទប់​ទល់​ជាមួយ​វា​បានឡើយ​។ វា​អាច​បំពាក់អាវុធ​នុយក្លេអ៊ែរ អាច​ផ្លាស់ប្តូរ​គោលដៅ​ពេល​ហោះ​បាន​ពាក់​កណ្តាលផ្លូវ និង​អាច​ហោះហើរ​បាន​ចម្ងាយ ៥០០ គីឡូម៉ែត្រ​ទៀត​។ ប្រាកដ​ណាស់​ថា អាវុធ​នេះ​អាច​គំរាមកំហែង​ប៉ូឡូញ និង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​អាមេរិក​នៅ​ទីនោះ​ផង​។​
 
​មកទល់ពេលនេះ​អេ​ស្តូ​នី បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​សកម្មភាព​រុស្ស៊ី​នៅតាម​ព្រំដែន​ព្រោះ អេ​ស្តូ​នី​ភ័យ​ថា រុស្ស៊ី​នឹង​អាច​លេប​ត្របាក់​តំបន់​បាល់​ទិ​ក​ស្រប​ពេលដែល​អាមេរិក​កំពុង​មរ​មា​ញឹក​រឿង​បោះឆ្នោត​ប្រធានាធិបតី​។ ហើយ​ការពង្រាយ​អាវុធ​នេះ​អាចជា​យុទ្ធសាស្ត្រ​ពង្រឹង​អំណាច​យោធា​របស់ខ្លួន​នៅ​អឺ​រ៉ុ​ខាងកើត រហូតដល់​មជ្ឈិមបូព៌ា​។​
 
​កាលពី​ថ្ងៃ​ព្រហស្បតិ៍ យន្តហោះ​យោធា​រុស្ស៊ី An-72 បាន​ហោះហើរ​រំលោភ​ចូល​ដែនអាកាស​អេ​ស្តូ​នី ដោយ​ហោះ​រំលង​កោះ Vaindloo ក្នុង​រយៈពេល ៩០​វិនាទី​។  ក្រោយមក​ក្រសួងការបរទេស​អេ​ស្តូ​នេះ​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​អេ​ស្តូ​នី​ដើម្បី​ផ្តល់​ឲ្យ​កំណត់​ទូត​ដើម្បី​ទាមទារ​ឲ្យ​បកស្រាយ​។ ចំណែក ហ្វាំ​ង​ឡង់ បាន​អះអាងថា យន្តហោះ​រុស្ស៊ី​ក៏បាន​ហោះហើរ​រំលោភ​ចូល​ដែនអាកាស​ខ្លួន​ដែរ ខណៈដែល​ប្រទេស​នេះ​ត្រៀមខ្លួន​ចុះ​កិច្ចព្រមព្រៀង​យោធា​ជាមួយ​អាមេរិក​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com